ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅប្រទេសកម្ពុជា បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៉ីនធឺណិត (ប៊ីប) នៅក្នុងពិធីចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នារវាងក្រុមហ៊ុន Smart Axiata និងអង្គការយូណេស្កូកម្ពុជា រួមជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា (MoEYS) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង នេះ បានប្រព្រឹត្តិឡើងនៅការិយាល័យអង្គការយូណេស្កូភ្នំពេញ ដែលបញ្ជាក់ពីការពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុន Smart រហូតដល់ឆ្នាំ ២០២៥។ ក្រុមហ៊ុន Smart បានគាំទ្រកម្មវិធីប៊ីប ដែលផ្តល់ការអប់រំមូលដ្ឋានដល់យុវជនកម្ពុជាដែលបោះបង់ការសិក្សាក្នុងកម្រិតមធ្យមសិក្សាបឋមភូមិ ចាប់តាំងពីឆ្នាំ ២០១៦។ តាមរយៈការគាំទ្រនេះ យុវជនដែលបញ្ចប់សិក្សាតាមកម្មវិធីប៊ីប អាចបន្តចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញនៅគ្រិះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឬនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស។
កម្មវិធីប៊ីប ផ្តល់នូវវិធីសាស្រ្តអប់រំដល់យុវជនដែលបោះបង់ ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ តាមរយៈការសិក្សាដែលមានភាពបត់បែននិងស្វ័យសិក្សា ដើម្បី បញ្ចប់ការសិក្សានិងទទួលបានវិញ្ញបនបត្រសមមូល ថ្នាក់ទី ៩។ កម្មវិធីប៊ីបផ្តល់នូវមុខវិជ្ជាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកសរុបចំនួន ១១ មុខវិជ្ជា។ គំនិតផ្តួចផ្តើម មួយនេះ គឺជាផ្នែកមួយនៃកម្មវិធីការងារនិងមុខរបរសមរម្យសម្រាប់យុវជកម្ពុជា (DEY) ក្រោមការគាំទ្រផ្នែកហិវញ្ញវត្ថុពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។
ក្នុងដំណាក់កាលទី 2 នៃកម្មវិធី ចាប់ពីឆ្នាំ ២០២០ ដល់ ២០២២ ក្រុមហ៊ុន Smart បានផ្តល់កុំព្យូទ័របន្ទះ (Tablets) ចំនួន ៣៥០ គ្រឿង និងស៊ីមកាតចំនួន ៣៥០ ដែលមានបញ្ចូលទិន្នន័យអុីនធឺណិតគ្មានដែនកំណត់ ដើម្បីឲ្យសិស្សចំនួន ៥00 នាក់អាចចូលរៀនវគ្គសិក្សាដោយឥតគិតថ្លៃ។ ក្រុមហ៊ុនស្មាត ក៏បានផ្តល់កំព្យូទ័រយួរដៃចំនួន ៥ គ្រឿងក្នុងគោលបំណងសម្របសម្រួលដល់ ក្រសួងដៃគូដែលគ្រប់គ្រងកម្មវិធី ផងដែរ។
ក្នុងដំណាក់កាលទី ៣ ចាប់ពីខែមីនា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៥ ប្រតិបត្តិករទូរសព្ទចល័តមួយនេះ នឹងផ្តល់ទូរសព្ទស្មាតហ្វូនចំនួន ៥00 គ្រឿង ដល់សិស្សដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ រួមទាំងកុំព្យូទ័របន្ទះ ចំនួន ១00 ដល់មណ្ឌលសិក្សា (Learning Centers) កញ្ចប់ទិន្នន័យគ្មានដែនកំណត់ចំនួន ១,000 ដើម្បីគាំទ្រសិស្សក្នុងការចូលប្រើប្រាស់វគ្គសិក្សា និងឧបករណ៍ Wi-Fi ចំនួន ២0 គ្រឿង ដែលមានបញ្ចូលទិន្នន័យអុីនធឺណិតសម្រាប់រយៈពេលមួយឆ្នាំ ដល់មណ្ឌលសិក្សាក្នុងខេត្តគោលដៅផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក Ziad Shatara បានសម្តែងនូវភាពរីករាយចំពោះការបន្តភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយនេះ។
«ក្រុមហ៊ុន Smart ពិតជាមានកិត្តិយសណាស់ដែលបានធ្វើការជាមួយអង្គការយូណេស្កូដើម្បីគាំទ្រកម្មវិធីប៊ីបចាប់តាំងពីការចាប់ផ្តើមកម្មវិធីក្នុងឆ្នាំ ២០១៦ ។ កម្មវិធីមួយនេះ ពិតជាមានសារៈសំខាន់ក្នុងពេលបច្ចុប្បន្នជាងពេលណាៗទាំងអស់ ដោយសារការអភិវឌ្ឍ ធនធានមនុស្សពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការសម្រេចបាននូវគោលដៅក្នុងការក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផងដែរ។
លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃភាពជាដៃគូនេះផងដែរ ខណៈដែលក្រសួងដៃគូទាំងពីរ ក៏បានផ្តល់ជូននូវលិខិតថ្លែងអំណរគុណ ជូនដល់ក្រុមហ៊ុន Smart Axiata។
កម្មវិធីប៊ីប បានវិវត្តឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីការសម្ពោធមជ្ឈមណ្ឌលសិក្សាដំបូងក្នុងឆ្នាំ ២០១៩។ ឥឡូវនេះ មានមជ្ឈមណ្ឌលសិក្សាសរុបចំនួន ២៦ នៅទូទាំង ១៦ ខេត្តក្រុង ដែលមានអ្នកសិក្សាជាង ១,៨00 នាក់ រួមទាំងយុវជនដែលមានជំនាញទាប និងគ្មានការងារធ្វើ ដែលបានទទួលអត្ថប្រយោជន៍ច្រើនពីកម្មវិធីនេះ។ ស្ទើរតែពីរភាគបីនៃសិស្សបញ្ចប់ការសិក្សាកម្មវិធីប៊ីប បានបន្តសិក្សាការអភិវឌ្ឍជំនាញបន្ថែមទៀតនៅគ្រិះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
បច្ចុប្បន្ននេះ ប៊ីប កំពុងរៀបចំផែនការ ដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់យុវជនកម្ពុជាឲ្យកាន់តែច្រើនជាងមុន តាមរយៈការពង្រីកកម្មវិធីទៅកាន់មណ្ឌលកែប្រែ ពន្ធនាគារ និងយុវជនទេសន្តប្រវេសន៍ ជាក្រុមគោលដៅបន្ថែមទៀតផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីពេលថ្មីៗនេះថា នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ យុវជនចំនួន ១,៥លាននាក់ ដែលភាគច្រើននឹងមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស នឹងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅតាមស្ថាប័នរដ្ឋនានា ដោយមានការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ និងមិនគិតថ្លៃសិក្សានោះទេ។ ហេតុដូច្នេះហើយ កម្មវិធីស្ពានចម្លងបន្តជំនាញអនឡាញដែលអាចបត់បែនបាន ដូចជា កម្មវិធីប៊ីប នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រក្នុងការសម្រេចបាននូវផែនការអភិវឌ្ឍជំនាញរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]