ភ្នំពេញ៖ បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ឬ «CAMBODIAN PRIDE» ត្រៀមឈុតធំអ្នករាំជាង 1000 នាក់ ក្នុងកម្មវិធីបិទរបស់ផលិតកម្ម Galaxy Navatra ដែលជាបទចម្រៀងមួយមានអ្នកទស្សនាច្រើនជាងគេមិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបិទការប្រកួត ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយផលិតកម្ម Galaxy Navatra បានកំពុងតែធ្វើការជាមួយគ្នាយ៉ាងញាប់ដៃញាប់ជើង ដើម្បីធ្វើកិច្ចការងារនេះឲ្យល្អប្រសើរបំផុត។ ក្រុមអ្នករាំខ្ទង់ 1000 នាក់ ដែលសុទ្ធតែជាស្ត្រីស្លៀកសំលៀកបំពាក់ខ្វាស៊េដែលបានថតក្នុង MV មិនត្រូវយកមកប្រើឡើយ ពោលដើម្បីឲ្យត្រូវទម្រង់វប្បធម៌ជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជ្រើសរើសក្រុមអ្នកជំនាញរាំមកពីសិស្សសាលាវិចិត្រសិល្បៈ រៀមច្បមបង្ហាត់រាំឲ្យកាន់តែស្ទាត់ជំនាញ ជាមួយការគ្រងសំលៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត។
ទាក់ទងនឹងការចំណាយលើការងារហាត់សម និងសំលៀកបំពាក់នៃបទចម្រៀងមួយបទនេះ ត្រូវបានគេដឹងថា គ្រោងចំណាយថវិកាយ៉ាងច្រើន។ ដើម្បីបុព្វហេតុជាតិមាតុភូមិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផលិតកម្ម Galaxy Navatra បានរៀបចំផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការចុះដឹកនាំផ្ទាល់ពីសំណាក់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ឬ «CAMBODIAN PRIDE» បានធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍ ការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
កំពូលតារា ៤ដួង ត្រូវបានជ្រើសរើសឲ្យច្រៀងបទចម្រៀងនេះ រួមមានកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងលោក ខេម និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា។ បទចម្រៀងមួយបទនេះ និពន្ធដោយអ្នកនិពន្ធល្បីៗមានដូចជា លោក សុខ ជំនោរ -លោក ខាំ ភូរិ -ឯកឧត្តម ហ៊ឹម នភា -ឧកញ៉ា យឹម តាស្រង់ និងឯកឧត្តម ខេមរៈ ភារុណ។
ជាមួយនឹងស្នាដៃធំអស្ចារ្យមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរជាខ្លាំងចំពោះការផលិតបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្មហ្គាឡាក់ស៊ីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាផងដែរ។ មហាជនក៏ដូចជាថ្នាក់ដឹកនាំគ្រប់ស្ថាប័នក្រសួងនានា ពិសេសេលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចេញលិខិតថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រមទាំងអ្នកនិពន្ធ សិល្បករ សិល្បការិនី និងក្រុមការងារទាំងអស់ ដែលបានចូលរួមផលិតបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ឬ «CAMBODIAN PRIDE»។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចាត់ទុកថា ការផលិតបទចម្រៀង បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ឬ «CAMBODIAN PRIDE» ដែលបង្កប់នូវសិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍសង្គមកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ក្នុងការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពសង្គម និងបានលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេសបានរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធមដើម្បីបន្សល់ទុកអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដល់កូនខ្មែរគ្រប់ជំនាន់។
ជាមោទកភាពជាតិ ត្រឹមរយៈពេលជាង២សប្ដាហ៍ប៉ុណ្ណោះបទ«ស្រឡាញ់អ្វីដែលខ្មែរមាន» ឬ «CAMBODIAN PRIDE» របស់ផលិតកម្ម Galaxy Navatra មានអ្នកចូលទស្សនារហូតដល់ 63 លានដងឯណោះ នៅលើ Youtube ផ្លូវការ Galaxy Navatra មានឈ្មោះថា Cam-Pop Galaxy Navatra ដែលចំនួននេះអាចនិយាយបានថា សម្រាប់បទចម្រៀងនៅប្រទេសកម្ពុជាមិនធ្លាប់មានឡើយនាពេលកន្លងមក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]