ភ្នំពេញ៖ ពិភពលោកបាននឹងកំពុងបង្ហាញនូវការផ្លាស់ប្ដូរយ៉ាងលឿន ក្រោមកម្លាំងជំរុញពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ត្បិតថា បច្ចេកវិទ្យាពិតជាមានអនុភាពខ្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាសង្គមមួយប្រកបដោយប្រសិទ្ធភាព ប៉ុន្តែវាក៏បាននាំមកជាមួយនូវហានិភ័យនៃការបែកធ្លាយទិន្នន័យសំខាន់ៗរបស់ស្ថាប័ន ក្រុមហ៊ុនអាជីវកម្មនានាដែរ ដែលមានប្រតិបត្តិការលើប្រព័ន្ធអនឡាញ។ មើលឃើញពីបញ្ហានេះ ក្រុមហ៊ុន BYTEDC បានចូលខ្លួនមកផ្ដល់ដំណោះស្រាយល្អប្រសើរលើការរក្សាទិន្នន័យសំខាន់ៗនៅកន្លែងមួយដែលមានសុវត្ថិភាពបំផុត និងទុកចិត្តបាន។
BYTEDC គឺជាក្រុមហ៊ុនដែលផ្តល់នូវមជ្ឈមណ្ឌលផ្ទុកទិន្នន័យដ៏ធំមួយ ក្រោមការវិនិយោគរវាងប្រទេសកម្ពុជា និងប្រទេសសឹង្ហបូរី។ ពេលនេះបានបើកសម្ពោធជាផ្លូវការហើយនៅប្រទេសកម្ពុជា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងមានការចូលរួមពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មានប្រសាសន៍នៅក្នុងថ្ងៃបើកសម្ពោធនេះ លោក BOB LIM (ប៊ប លីម) នាយកប្រតិបត្តិក្រុមហ៊ុន BYTEDC Solutions បានរំលឹកថា បច្ចុប្បន្នយើងកំពុងរស់នៅក្នុងពិភពលោកមួយដែលពឹងផ្អែកយ៉ាងខ្លាំងលើបច្ចេកវិទ្យា ហើយការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធទិន្នន័យធំៗ (big data) ការរក្សាទិន្នន័យនៅលើប្រព័ន្ធក្លោដ (cloud computing) និងការតភ្ជាប់បណ្តាញ អ៉ីនធឺណិត បាននាំមកនូវការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានពន្លឿនដល់ការផ្លាស់ប្តូរនេះបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យមួយចំនួន ដូចជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការធ្វើការងារពីចម្ងាយ ដែលធ្វើឱ្យយើងមានអារម្មណ៍ថា យើងបានបោះជំហានយ៉ាងលឿនឆ្ពោះទៅរកទសវត្សរ៍មួយនៅក្នុងវឌ្ឍនភាពឌីជីថល។ នៅក្នុងបរិបទនេះការមានមជ្ឈមណ្ឌលទិន្នន័យដែលអាចទុកចិត្តបាន និងមានសុវត្ថិភាពសម្រាប់ការរក្សាទុក និងគ្រប់គ្រងទិន្នន័យ កាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។


ក្នុងន័យនេះលោកថ្លែងថា៖
វាគឺជាសក្ខីភាពមួយ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការបន្តស្ថិតនៅជួរមុខជានិច្ច ក្នុងការផ្តល់នូវបទដ្ឋានគុណភាពខ្ពស់ នៃសេវាកម្មមជ្ឈមណ្ឌលទិន្នន័យរបស់យើង។
តបទៅនឹងការលើកឡើងពីបេសកកម្មរបស់ BYTEDC Solutions នៅកម្ពុជានាពេលនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន BYTEDC Solutions ចំពោះកិច្ចខិតខំប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ ដែលជាការបើកដំណើរការនៃការផ្តល់សេវាកម្មឌីជីថល និងសេវាកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center) ឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងវិញ្ញាបនបត្រ Uptime Design Tier III។
ឯកឧត្តមបានបន្តថា សមិទ្ធផលនេះក៏បានឆ្លុះបញ្ចាំងផងដែរ អំពីការរីកចម្រើនជឿនលឿនផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលមានភាពទំនើប និងទាន់សម័យ ក៏ដូចជាអំពីភាពរួចរាល់របស់កម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល និងបរិវត្តកម្មឌីជីថល សម្រាប់ជាប្រយោជន៍ដល់ការលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពសេដ្ឋកិច្ច។

ក្នុងន័យនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណម្ដងទៀតចំពោះក្រុមហ៊ុន BYTEDC Solutions ដែលមានទំនុកចិត្តលើសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងបានប្តេជ្ញាចិត្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យឌីជីថលក្នុងរបត់នៃដំណើរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំនៅក្នុងយុគសម័យឌីជីថល។ ពិតណាស់ទន្ទឹមនឹងការប្រែប្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា និងការធ្វើពិពិធកម្មទាំងនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ សំណង់ និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ ក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យឌីជីថល ដើម្បីបង្កើតឱ្យមាននូវចន្ទល់កំណើនថ្មីមួយបន្ថែមទៀត ក៏ដូចជាដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យដទៃផ្សេងទៀតឱ្យកាន់តែទំនើប ប្រកបដោយប្រសិទ្ធភាព និងផលិតភាពកាន់តែខ្ពស់។

ក្រុមហ៊ុន BYTEDC Solutions មានទីតាំងនៅតំបន់បឹងកក់ជិត អេឌិនហ្គាឌិន ស្ថិតក្នុងអគារដ៏ធំស្កឹមស្កៃក្រោមទុនវិនិយោគរាប់រយលានដុល្លារអាមេរិក។ នៅទីនោះ ត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីធានាសុវត្ថិភាពល្អឥតខ្ចោះ ជាមួយការតម្លើង និងការគ្រប់គ្រងឧបករណ៍ IT មានភាពងាយស្រួល ប៉ុន្តែមានភាពគួរឱ្យទុកចិត្ត។ ប្រព័ន្ធរក្សាភាពត្រជាក់ និងលំហូរខ្យល់ប្រកបដោយប្រសិទ្ធភាពក៏ត្រូវបានធានាផងដែរ ដែលជាហេតុធ្វើឱ្យការថែទាំ និងការកែលម្អមិនជួបប្រទះការលំបាក។
BYTEDC ក៏ផ្ដល់ផងដែរនូវសេវាកម្មជួលទីតាំងផង ដោយផ្តល់ជូនដល់ធុរកិច្ចនានានូវទីធ្លា ការផ្គត់ផ្គង់ថាមពល និងបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ ដើម្បីរៀបចំដំណើរការឧបករណ៍ IT ផ្ទាល់ខ្លួនរបស់ពួកគេ និងស្របពេលជាមួយគ្នានោះ ក៏នៅតែទទួលបានអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធឌីជីថលបច្ចេកវិទ្យាចុងក្រោយរបស់យើងផងដែរ ពោលគឺបច្ចេកវិទ្យាដែលបានទទួលវិញ្ញាបនបត្រកម្រិត Uptime Design Tier III ក្នុងតម្លៃសមរម្យ។ ByteDC ក្នុងនាមជាមជ្ឈមណ្ឌលរក្សាទិន្នន័យអព្យាក្រឹតនឹងផ្តល់ឱ្យអតិថិជននូវជម្រើស និងភាពបត់បែនជាច្រើន ដែលនាំឱ្យសមត្ថភាពបំពេញការងារកាន់តែប្រសើរជាងមុន កាត់បន្ថយការចំណាយ និងបង្កើនភាពជឿជាក់៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]