ភ្នំពេញ៖ ជាថ្មីៗម្ដងទៀត ការត្អូញត្អែរចំពោះបញ្ហាកាត់ទឹកប្រាក់ទូរស័ព្ទពីក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័ត (ប្រតិបត្តិករ) ដោយមិនដឹងមូលហេតុ​​ ឬភ្ជាប់សេវាកម្មផ្សេងៗដោយមិនបានដឹង ដែលបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ក្រោយពួកគាត់បញ្ចូលលុយមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែអស់លុយគ្មានសល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាក់ទងនឹងបញ្ហានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានប្រកាស និងដាក់ឲ្យប្រើលេខកូដ *1200# សម្រាប់អ្នកប្រើប្រាស់ធ្វើការត្រួតពិនិត្យ និងធ្វើការចុចផ្ដាច់រាល់សេវាកម្មក្នុងប្រព័ន្ធទូរស័ព្ទ មិនថាអ្នកប្រើប្រព័ន្ធទូរស័ព្ទអ្វីក៏អាចប្រើលេខកូដនេះ ដើម្បីផ្តាច់សេវាកម្ម ​​ប្រសិនបើអ្នកប្រើយល់ថា សេវាកម្មណាមួយមិនបាច់បាច់ ឬក៏ត្រូវភ្ជាប់ដោយខ្លួនឯង ហើយកាត់លុយក្នុងទូរស័ព្ទដោយមិនដឹងខ្លួន។

https://fb.watch/kxv9g9z6wM/

ជាមួយគ្នានេះ ដើម្បីឲ្យអតិថិជនទាំងអស់គ្នាកាន់តែយល់ច្បាស់ ជាដំបូងសូមអ្នកទាំងអស់គ្នាស្វែងយល់អំពីការប្រៀបធៀបគម្រោងដែលទទួលបានការពេញនិយមប្រើប្រាស់លើមូលដ្ឋាន 1.5 ដុល្លារ និងសុពលភាពក្នុងមួយសប្តាហ៍ដូចគ្នា របស់ក្រុមហ៊ុនទូរគមនាគមន៍ចល័តធំៗចំនួន 3 ដើម្បីការស្មើភាព និងភាពត្រឹមត្រូវ។

ដូចដែលយើងបានឃើញ គម្រោងមូលដ្ឋានទាំងអស់ គឺទទួលបានដូចគ្នាសម្រាប់ការប្រៀបធៀបក្រុមហ៊ុនទូរគមនាគមន៍ចល័តធំៗទាំង 3 នេះ។ ដូច្នេះមិនថា អ្នកជាអតិថិជនសែលកាត មិត្តហ្វូន ឬស្មាតនោះទេ អ្នកនឹងត្រូវចំណាយដូចគ្នា ដើម្បីរីករាយក្នុងការប្រើប្រាស់គម្រោងដូចគ្នា។

បើសិនយើងពិនិត្យមើលបន្ថែមទៀត អំពីរបៀបដែលក្រុមហ៊ុនកាត់លុយក្នុងទូរស័ព្ទរបស់អ្នក ការស្រាវជ្រាវរបស់យើងនៅលើគេហទំព័ររបស់ពួកគេ និងការបញ្ជាក់ដោយការខលចេញទៅកាន់ភ្នាក់ងារទំនាក់ទំនងផ្តល់ព័ត៌មានរបស់ក្រុមហ៊ុនទាំងនោះ ក៏បានបង្ហាញផងដែរ ថារបៀបនៃការកាត់លុយ គឺដូចគ្នាបេះបិទ។ ដូចនេះអ្នកត្រូវចំណាយផ្អែកលើគម្រោងដែលអ្នកប្រើប្រាស់នោះ។ ក្នុងករណីដែលអតិថិជនប្រើប្រាស់ទិន្នន័យ ខល ផ្ញើសារ ឬការផ្តល់ជូនផ្សេងៗ អស់មុនពេលសុពលភាព សេវាកម្មនឹងឈប់ ហើយអ្នកត្រូវភ្ជាប់ឡើងវិញ។

ក្រុមហ៊ុនទូរគមនាគមន៍ចល័តទាំង 3 មានកម្មវិធី ដើម្បីគ្រប់គ្រងការប្រើប្រាស់របស់អ្នក ថាតើត្រូវភ្ជាប់គម្រោងបន្តឡើងវិញ ឬផ្លាស់ប្តូរគម្រោង ដែលអ្នកអាចពិនិត្យមើលការប្រើប្រាស់របស់អ្នក ឬការបញ្ចូលទឹកប្រាក់របស់អ្នកជាដើម។

ជាមួយ​នឹង​គម្រោង​ដែលមានលក្ខណៈ​ស្រដៀង​គ្នានេះ តើ​អ្នក​គួរតែ​ជ្រើសរើស​ដោយ​របៀប​ណា​? សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ចល័ត ដែលល្អបំផុតសម្រាប់អ្នក នឹងអាចផ្តល់ជូននូវគម្រោងដែលត្រូវនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន។ អ្នកក៏គួរព្យាយាមរកមើលថា តើក្រុមហ៊ុនទូរគមនាគមន៍ចល័តមួយណា ដែលមានសេវាគ្របដណ្តប់ល្អបំផុត ធំទូលំទូលាយទូទាំងប្រទេស ដើម្បីធានាបានការភ្ជាប់នូវសេវាប្រកបដោយស្ថេរភាពបំផុត ជាពិសេសក្នុងពេលបច្ចុប្បន្ននេះ គឺជាពេលវេលាដ៏វិសេសវិសាល ដែលអ្នករីករាយទស្សនាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស៊ីហ្គេមលើកទី 32 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]