រាជធានីភ្នំពេញ៖ កម្មវិធី TechFin Future Conference ដែលជាវេទិកាជជែកអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យដោយសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (Indian Chamber of Commerce in Cambodia) កាលពីថ្ងៃទី៨ ខែមិថុនា ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា។
កម្មវិធីនេះមានការចូលរួមពីវាគ្មិនកិត្តិយសផ្សេងៗគ្នាមកពីវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងផ្នែកបច្ចេកវិទ្យាផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះក៏មានលោកនាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata គឺលោក Ziad Shatara អញ្ជើញចូលរួមជាវាគ្មិនមួយរូមក្នុងកិច្ចពិភាក្សាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន Smart Axiata បានចូលរួមកិច្ចពិភាក្សាជាមួយក្រុមហ៊ុនល្បីឈ្មោះផ្នែកហិរញ្ញវត្ថុផ្សេងៗដូចជា ធនាគារABA ធនាគារ Wing ធនាគារ ACLEDA និងវិទ្យាស្ថាន DICHI Academy ដើម្បីពិភាក្សាអំពីតួនាទី ក៏ដូចជាបញ្ហាប្រឈមក្នុងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ម៉ាស៊ីនសិក្សា (Machine Learning) ការប្រើប្រាស់រ៉ូបូតដើម្បីជំនួយក្នុងការងារ (Robo-advisor) កិច្ចសហការបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech Collaboration) ការគ្រប់គ្រងពត៌មាន (Open banking) សន្តិសុខតាមអ៊ីនធឺណែត (Cyber Security) កិច្ចគាំពារទិន្នន័យ (Data privacy) និងបរិវត្តកម្មឌីជីថល (Digital transformation)។
កិច្ចពិភាក្សមួយនេះ បានផ្តោតសំខាន់ពីបញ្ហាប្រឈមក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ជាពិសេសទៅលើការវិនិយោគ ធនធានមនុស្ស សន្តិសុខតាមអ៉ីនធឺណែត និងការនៅមានកម្រិតរបស់បច្ចេកវិទ្យាមួយនេះផងដែរ។ បន្ថែមពីនេះផងដែរ វាគ្មិនចូលរួមសុទ្ធតែយល់ស្របថា ការវិនិយោគបន្ថែមដើម្បីជម្រុញការអប់រំហិរញ្ញវត្ថុ និងការបណ្តុះទំនុកចិត្តលើបច្ចេកវិទ្យា ពិតជាមានសារៈសំខាន់ខ្លាំងណាស់។
ក្នុងនាមជាវាគ្មិនម្នាក់ក្នុងកិច្ចពិភាក្សា លោក Ziad Shatara នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានសង្កត់ធ្ងន់ថា នៅពេលដែលវិស័យហិរញ្ញវត្ថុចាប់ផ្តើមឈានទៅរកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនសិក្សា (Machine Learning) យើងគួរតែចាប់ផ្តើមមានប្រតិបត្តិការដែលប្រកបដោយតម្លាភាព ព្រោះវាពិតជាចាំបាច់សម្រាប់កាត់បន្ថយភាពលំអៀង ឯកជនភាព សន្តិសុខ និងមានអភិបាលកិច្ចដោយម៉ឺងម៉ាត់។ តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដោយមានទំនួលខុសត្រូវ យើងនឹងអាចផ្តល់ការជឿទុកចិត្តដល់អតិថិជន ការពារឯកជនភាព និងរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ខណៈពេលនៅបន្តប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។
លោក Sandeep Majumdar ប្រធានសភាពាណិជ្ជកម្មឥណ្ឌាបានចែករំលែកពីការយល់ដឹងរបស់លោក ក៏ដូចជា សម្តែងការអរគុណចំពោះការគាំទ្ររបស់ក្រុមហ៊ុន Smart Axiata។
លោកបានមានប្រសាសន៍ថា៖
កម្មវិធី TechFin Future Conference គឺជាកម្មវិធីមួយដែលបានផ្តល់នូវថ្នាលសម្រាប់កិច្ចពិភាក្សាដ៏មានតម្លៃមួយ ហើយការគាំទ្រពីក្រុមហ៊ុន Smart Axiata នឹងកាន់តែពង្រឹងប្រព័ន្ធឌីជីថលកម្ពុជា និងអភិវឌ្ឍ៍បច្ចេកវិទ្យានៅក្នុងប្រទេស។ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជានឹងបន្តឈានទៅមុខជានិច្ច ហើយក្រុមហ៊ុនSmart Axiata បានបេជ្ញាក្នុងការនាំមុខសម្រាប់ការជំរុញការបង្កើតថ្មីនេះ ដើម្បីធ្វើអោយប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងមានទំនាក់ទំនងពាសពេញប្រទេស។
ក្រោយពីបានបម្រើអតិថិជនជាង 8លាននាក់មក ក្រុមហ៊ុន Smart បាននឹងកំពុងបន្ត ប្តេជ្ញាចិត្តក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវសេវាកម្មទូរគមនាគមន៍ដែលមានគុណភាពខ្ពស់ និងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការច្នៃប្រឌិត និងធនធានមនុស្សនៃកម្ពុជា។ បន្ថែមពីនេះ ក្រុមហ៊ុនក៏នឹងបន្តចូលរួមចំណែកគាំទ្រអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា បង្កើតឱកាសការងារ និងឱកាសផ្សេងជូន់ប្រជាជនកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]