បរទេស៖ វាជាស្ថានភាពដែលពិភពលោកកំពុងតាមដាននូវព្រឹត្តិការណ៍មួយនេះ យ៉ាងព្រួយបារម្ភ និងគួរឱ្យតក់ស្លុតបំផុតនៅលើប្រព័ន្ធអ៉ីនធឺណិតពីមួយនាទីទៅមួយនាទី។ សម្រាប់ឧប្បត្តិហេតុកូននាវាមុជទឹកឈ្មោះ Titan ដែលបានបាត់ខ្លួនជាមួយនឹងអ្នកដំណើរ ៥នាក់ នៅតែមិនទាន់មានតម្រុយអ្វីថ្មីគួរឱ្យកត់សម្គាល់នោះទេ បន្ទាប់ពីអ្នករុករកបានទទួលសម្លេងរៀងរាល់៣០នាទីម្តង ដោយប្រើឧបករណ៍ Suna កាលពីម្សិលមិញ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃនេះបេសកកម្មស្វែងរក និងជួយសង្គ្រោះទាំងក្រុមជ្រមុជទឹក និងយន្តហោះលើដែនអាកាសរបស់ប្រទេសអាមេរិក ក៏ដូចជាកាណាដា នៅតែបន្តធ្វើដំណើរការរុករកកូននាវាមុជ TiTan ដែលបានបាត់ខ្លួន ហើយត្រូវបានគេរំពឹងថា អុកស៊ីសែនដែលប្រើនៅក្នុងកូននាវាមុជទឹកមួយនេះ នឹងត្រូវប្រើអស់ហើយនៅល្ងាចថ្ងៃព្រហស្បតិ៍ទី ២២ ខែមិថុនា ឆ្នាំ ២០២៣ ម៉ោងនៅក្នុងប្រទេសអាមេរិក។
តាមរយៈអ្នកស្រាវជ្រាវធំៗមួយចំនួនបានដាក់ការសនិដ្ឋានផ្សេងៗគ្នាដូច្នេះថា កូននាវាអាចនឹងផ្ទុះបាត់ហើយព្រោះមិនអាចធន់នឹងសម្ពាធទឹកក្នុងជំរៅដ៏ជ្រៅដល់ទៅ 3800 ម៉ែត្របាន ឬអាចនឹងជាប់គាំងនៅក្នុងបំណែកណាមួយនៅក្រោមបាតសមុទ្រ ហើយអ្នកដំណើរទាំង៥នាក់ អាចនឹងបាត់បង់ជីវិតទៅហើយ គិតមកដល់ពេលនេះ។
គួរបញ្ជាក់ផងដែរថា កូននាវាមុជទឹក TiTan របស់ក្រុមហ៊ុន OceanGate Expeditions ដែលបានផ្ទុកអ្នកដំណើរចំនួន៥នាក់ ដែលសុទ្ធសឹងតែជាមហាសេដ្ឋី បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ បន្ទាប់ពីចុះទៅទេសចរណ៍នៅបាតមហាសមុទ្រអាត្លង់ទិក ដើម្បីទស្សនាខ្មោចកប៉ាល់ Titanic ត្រឹមតែរយៈពេល ១ម៉ោង និង៤៥ នាទីប៉ុណ្ណោះបន្ទាប់ពីចេញដំណើរ។
ហើយតាមរយៈការឱ្យដឹងពីក្រុមអ្នកជំនាញរុករកខាងបាតសមុទ្រក៏បានឱ្យដឹងថា សង្ឃឹមនៃការជួយជីវិតអ្នកដំណើរទាំង៥នាក់ មានមិនដល់១ភាគរយផង ព្រោះជំរៅដែលកូននាវាបានជាប់គាំង គឺពិតជាជ្រៅខ្លាំងណាស់ ស្ទើរតែមិនអាចចុះទៅដល់បាន។
គួរឱ្យដឹងថា អ្នកដំណើរទាំង ៥នាក់ ដែលបានបាត់ខ្លួនជាមួយកូននាវាមុជទឹក Titan មានឈ្មោះដូចតទៅ៖
១. លោក Shahzada Dawood អាយុ ៤៨ ឆ្នាំ ជាមហាសេដ្ឋីប៉ាគីស្ថាន ដោយគាត់ជាប្រធានក្រុមហ៊ុនមូលបត្រធំមួយ
២. លោក Suleman Dawood អាយុ ១៩ ឆ្នាំ ដែលត្រូវជាកូនប្រុសរបស់លោក Shahzada Dawood
៣. លោក Hamish Harding អាយុ ៥៨ ឆ្នាំ ជាមហាសេដ្ឋីជនជាតិអង់គ្លេស ជាអ្នកបើកយន្តហោះ និងជាប្រធានក្រុមហ៊ុនលក់យន្តហោះ ដែលមានឈ្មោះក្នុង Guniness Book Record ចំនួន៣ដងផងដែរ
៤. លោក Paul Henry Nargeolet អាយុ ៧៣ ឆ្នាំ ជាអ្នកនិពន្ធជនជាតិបារាំង និងជាអ្នករុករកដែលធ្លាប់ធ្វើការក្នុងជួរកងទ័ពដ៏ពូកែម្នាក់
៥. លោក Stockton Rush អាយុ ៦១ ឆ្នាំ ដែលជា CEO ក្រុមហ៊ុន OceanGate Expeditions ផ្ទាល់តែម្តង។
សម្រាប់ព័ត៌មាន Update យ៉ាងណានោះ ក្រុមការងារខ្មែរឡូត នឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់ទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]