បរទេស៖ ប៉ុន្មានថ្ងៃនេះករណីបាត់ខ្លួនរបស់កូននាវាជ្រមុជទឹកឈ្មោះ Titan និងមនុស្សល្បីៗចំនួន ៥នាក់ ដែលជាអ្នកទេសចរណ៍ នៅក្នុងមហាសមុទ្រអាត្លង់ទិច កំពុងតែអង្រួនបេះដូងរប់មហាជននៅលើប្រព័ន្ធអ៉ីនធឺណិតឱ្យមានការអាណិតអាសូរ និងតក់ស្លុតយ៉ាងខ្លាំង។
ប៉ុន្តែទន្ទឹមនឹងនេះក៏មានមហាជននៅអាស៊ីមួយចំនួនធំដែលបានមានជំនឿថា ការបាត់ខ្លួនរបស់យានជ្រមុជទឹកខ្នាតតូច Titan គឺពិតជាមានទំនាក់ទំនងទៅលើរឿងអបីយជំនឿ ដែលបានល្បី ត.ៗ គ្នាជាយូរណាស់ហើយ អំពីបណ្តាសារដ៏ព្រឺព្រួចនៅលើកប៉ាល់ Titanic ដែលបានលិចអស់រយៈពេល ១១១ ឆ្នាំ កន្លងផុតទៅហើយ។
នោះគឺជា បណ្តាសារខ្មោចម៉ាំមី (The Unlucky Mummy) ដែលបានកើតឡើងតាំងពីទសវត្សរ៍ទី១១៨០។ មានរឿងដំណាលជាច្រើនដែលទាក់ទងទៅនឹងមឈូសខ្មោចម៉ាំមីមួយនេះ ដោយគេដឹងថាវាជាមឈូសរបស់ស្រ្តីដែលមានឋានៈខ្ពស់ខ្ពស់មួយរូប ហើយការចារឹកទុកនៅលើមឈូសនោះគឺជាពាក្យបណ្តាសា ឬការដាក់ទំនាយឱ្យវិនាសដល់នរណាម្នាក់ដែលហ៊ានមករំខាន ឬយាយីដល់សេចក្តីសុខស្ងប់របស់នាង (យោងតាមប្រវត្តិសាស្រ្តរបស់អេហ្សីប)។
ជាក់ស្តែងកន្លងមកឱ្យតែមានមនុស្សណាម្នាក់ដែលបានទិញ ឬយកមឈូសដ៏ប្រណីតនេះមកនៅក្បែរខ្លួន គឺតែងតែជួបរឿងចម្លែកៗដូចជា បាត់ខ្លួនដោយគ្មានមូលហេតុ ជួបគ្រោះថ្នាក់សាហាវៗ ធ្លាក់ខ្លួនឈឺ រលាយអស់ទ្រព្យសម្បតិ្ត បាត់បង់កេរ្តិ៍ឈ្មោះ និងកិត្តិយស ព្រមទាំងបាត់បង់ជីវិតផងក៏មាន។
តំណរមកនៅឆ្នាំ ១៩១២ ក៏មានបុរាណវិទូមានទ្រព្យសម្បត្តិម្នាក់ជាជនជាតិអាមេរិក ដែលមិនជឿរឿងអបីយជំនឿដ៏គួរឱ្យភ័យខ្លាចទាំងនោះបន្តិចសោះឡើយ ហើយលោកជឿថា រឿងហេតុដែលបានកើតឡើងកន្លងមកនោះ សុទ្ធតែជារឿងចៃដន្យប៉ុណ្ណោះ។
លោកក៏បានដាក់បញ្ជាទិញវាពីសារមន្ទីរប្រទេសអង់គ្លេស ក្នុងតម្លៃប្រមាណ៥០ម៉ឺនដុល្លា (បើគិតតម្លៃបច្ចុប្បន្ននេះប្រមាណជាង ១៨លានដុល្លារ) ហើយរៀបចំដឹកពីអង់គ្លេស ទៅកាន់ប្រទេសអាមេរិកតាមរយៈកប៉ាល Titanic នេះតែម្តង។ បើតាមរបាយការណ៍ នៅលើកប៉ាល់ Titanic មានផ្ទុកអ្នកដំណើរសរុប ២,២០០នាក់ ដំឡូងបារាំង ៤០តោន ទឹករ៉ែ ១២,០០០ដប កាហ្វេ ៧០០០បាវ ស៊ុតចំនួន ៣៥,០០០គ្រាប់ និងមឈូសម៉ាំមីអេហ្សីបមួយ។ ដោយសារមានតម្លៃមហាសាល មឈូសខ្មោចនេះក៏ត្រូវបានរៀបចំដាក់នៅក្បែរបន្ទប់របស់កាពីតែន Smit ដែលជាមេបញ្ជាការកប៉ាល់ Titanic នាវេលានោះ។
នៅលើកប៉ាល់ Titanic មានអ្នកកាសែតអង់គ្លេសល្បីឈ្មោះម្នាក់ឈ្មោះ William T. Stead បាននិយាយរឿងខ្មោចម៉ាំមីលងនៅសារមន្ទីរអង់គ្លេស ប្រាប់អ្នកដំណើរនៅលើកប៉ាល់ផងដែរ។ ក្រោយនិយាយបានតែ២ថ្ងៃប៉ុណ្ណោះ កប៉ាល់ក៏បានជួបគ្រោះថ្នាក់ ហើយអ្នកកាសែតរូបនោះ ព្រមទាំងអ្នកដំណើរជាង ១៥០០នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិតទៅ។
អ្នកដែលនៅរស់រានពីហេតុការណ៍លិចកប៉ាល់ដ៏រន្ធត់នេះក៏បានឱ្យដឹងទៀតថា មុនពេលកប៉ាល់ Titanic បុកផ្ទាំងទឹកកក លោកកាពីតែន Smit បានចូលទៅមើលមឈូសនោះ ហើយពេលចេញមកវិញកែវភ្នែករបស់គាត់មានលក្ខណៈកាចសាហាវប្រៀបបានដូចជាបីសាច ហើយក៏បានបញ្ជាឱ្យកប៉ាល់បន្ថែមល្បឿន ទោះបីឃើញផ្ទាំងទឹកកកដ៏ធំមួយនៅពីខាងមុខយ៉ាងណាក៏ដោយ។
ហើយលទ្ធផល ក៏បានកើតនូវសោកនាដកម្មលិចកប៉ាល់ Titanic ទៅក្រោមមហាសមុទ្រអាត្លង់ទិកក្នុងជម្រៅប្រមាណជា ៤គ.ម ឬ ៤០០០ ម៉ែត្រនេះឯង។ ហើយគេជឿថា មឈូសម៉ាំមីនេះ ក៏បានស្ថិតនៅក្រោមបាតសមុទ្រជាមួយនឹងកប៉ាល់នេះដល់សព្វថ្ងៃផងដែរ។
ក្រោយកើតហេតុរឿងរ៉ាវមឈូសម៉ាំមីអេហ្សីប លិចជាមួយកប៉ាល់ Titanic រឿងនេះត្រូវបានផ្សព្វផ្សាយនៅលើកាសែតល្បីៗជាច្រើនដូចជា Washington Post, New York Times, Daily Mail ជាដើម។
បន្តមកទៀតក៏មានពាក្យចចាមអារ៉ាមថា មាននាវាមុជទឹកជាច្រើនដែលបានទៅស្រាវជ្រាវពី Titanic បានថតជាប់វិញ្ញាណខ្មោច ឬជួបរឿងហួសស្មានមិនដល់។ ចំពោះរឿងនេះ អ្នកខ្លះនៅតែមានជំនឿថា វិញ្ញាណម៉ាំមី និងអ្នកស្លាប់ផ្សេងៗទៀតប្រមាណជា ១៥០០នាក់ ពិតជាមិនទាន់បានចាកចេញ ឬកំពុងសម្រាកស្ងប់សុខនៅក្នុងមហាសមុទ្រអាត្លង់ទិកនេះមែន ដោយមិនត្រូវការរំខាននានានោះឡើយ។
សរុបមកវិញ នេះគ្រាន់តែជំនឿគ្មានការបញ្ជាក់ពីវិទ្យាសាស្ត្រណាមួយឡើយ ហើយហេតុការណ៍ពិតនៃការបាត់ខ្លួនរបស់កូននាវា Titan បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវក៏កំពុងដុតដៃដុតជើងស្វែងរក ដោយបានចំណាយធនធាន និងវិធីសាស្រ្តជឿនលឿនជាច្រើន ដោយសង្ឃឹមថាពួកគេនឹងអាចរកឃើញមូលហេតុជាក់លាក់បញ្ជាក់ថា ហេតុអ្វីបានជាយាននេះអាចផ្ទុះនៅក្រោមបាតសមុទ្របាន តើវាជាកំហុសបច្ចេកទេសតែមួយមុខ ឬយ៉ាងណា?
សម្រាប់ព័ត៌មាន Update យ៉ាងណានោះ ក្រុមការងារខ្មែរឡូត នឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់ទៀត៕
ប្រភព៖ ដកស្រង់ និងកែសម្រួលអត្ថបទពីហ្វេសប៊ុក៖ Mao Vutha
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]