ភាពជោគជ័យក្នុងជីវិត តែងតែជាគោលដៅដ៏ធំបំផុតមួយសម្រាប់មនុស្សម្នាក់ៗ ជាពិសេសសម្រាប់យុវវ័យមានចន្លោះពី២០ ទៅ ៣០ ឆ្នាំជាដើម។ អ្នកខ្លះក៏បានដាក់ផែនការជីវិតយ៉ាងហ្មត់ចត់ដើម្បីធ្វើយ៉ាងណាឲ្យខ្លួនឯង ក្លាយជាមនុស្សជោគជ័យទាំងរឿងជីវិត ប្រាក់កាស និង ការងារ។ ថ្ងៃនេះ Khmerload សុំធ្វើការលើកយកចំណុចសំខាន់ៗទាំង៥ ដែលមនុស្សគួរធ្វើជាចាំបាច់ បើសិនជាប្រាថ្នាចង់ជោគជ័យមុនអាយុ៣០ឆ្នាំ៖
១. ត្រូវចេះចាកចេញពីមជ្ឈដ្ឋាននៃភាពស៊ាំរបស់ខ្លួន (Comfort Zone)
ពិភពលោករបស់យើងទាំងមូលនេះធំធេងណាស់ មានរឿងជាច្រើនដែលអ្នកត្រូវរៀនសូត្រ ហើយបុគ្គលដែលចង់ជោគជ័យត្រូវតែហ៊ានដើរចេញពីមជ្ឈដ្ឋាននៃភាពស៊ាំរបស់ខ្លួន កុំទម្លាប់រស់នៅក្នុងបរិយាកាសដដែលៗ ធ្វើអីដដែលៗ ព្រោះវាមិនផ្ដល់ភាពរីកចម្រើនមកឲ្យអ្នកនោះឡើយ។ បុគ្គលចង់ជោគជ័យត្រូវតែព្យាយាមសង្វាតរកឱកាសថ្មីៗ ការរៀនសូត្រថ្មីៗ ការប្រកួតប្រជែងថ្មីៗ ដើម្បីបង្កើនចំណេះដឹងចំណេះធ្វើ និងប្រមូលបទពិសោធន៍ក្នុងជីវិតដើម្បីទុកជាទុនសម្រាប់ទៅថ្ងៃមុខ។
ការដើរចេញពីមជ្ឈដ្ឋាននៃភាពស៊ាំរបស់ខ្លួន នឹងធ្វើឲ្យអ្នករកឃើញថាខ្លួនឯងចង់បានអ្វី ចង់ធ្វើអ្វីឲ្យពិតប្រាកដ និងពេលខ្លះអាចធ្វើឲ្យអ្នកក្លាយជាមនុស្សជោគជ័យជាងមុន។
២. ត្រូវចេះគ្រប់គ្រងប្រាក់កាស
មិនថាអ្នកមានស្ដុកស្ដម្ភប៉ុណ្ណាទេ បើសិនអ្នកមិនចេះគ្រប់គ្រងប្រាក់កាសនោះ ទ្រព្យសម្បត្តិទាំងប៉ុន្មានអាចនឹងរលាយទៅតាមការចាយវាយមិនចេះគិតរបស់អ្នកមិនខាន ដូច្នេះ អ្នកត្រូវតែចេះគ្រប់គ្រងការចាយវាយជាប្រចាំថ្ងៃ ចេះបែងចែកប្រាក់កាស ចេះសន្សំប្រាក់ និងចេះពិចារណាលើការចំណាយជាដើម។ បើសិនជាអ្នកមានបំណុល នោះអ្នកត្រូវតែផ្ដោតសំខាន់លើការសងបំណុលណាដែលមានការប្រាក់ខ្ពស់មុនគេ។
ក្រៅពីនោះ អ្នកត្រូវសិក្សាពីការបណ្ដាក់ទុនវិនិយោគផ្សេងៗ ដូចជាការយកប្រាក់សន្សំរបស់ខ្លួនទៅចាប់ផ្ដើមមុខជំនួញណាមួយ ឬការសិក្សាណាមួយ ដើម្បីជ្រោមជ្រែងឲ្យអ្នកក្លាយជាបុគ្គលជោគជ័យ។
៣. ចាប់ផ្ដើមស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ខ្លួន
អ្នកមានអាយុក្រោម៣០ឆ្នាំ ត្រូវតែព្យាយាមស្វែងយល់ពីខ្លួនឯងឲ្យបានច្រើនថាអ្នកចូលចិត្តអ្វី? អ្នកពូកែខាងអ្វី? អ្នកមានទេពកោសល្យខាងអ្វី? តើអ្នកពូកែខាងគណិតវិទ្យាទេ? ឬថាពូកែខាងការសរសេរតែងនិពន្ធវិញ? ឬក៏មានទេពកោសល្យផ្នែកសិល្បៈ? មានសំណួរជាច្រើនដែលអ្នកត្រូវសួរខ្លួនឯងថាអ្វីទៅជាចំណង់ចំណូលចិត្តរបស់អ្នក ហើយអ្នកចង់ក្លាយជាអ្វី?
៤. ត្រូវមានជំនាញច្បាស់លាស់លើអ្វីដែលអ្នកចង់ធ្វើ
បន្ទាប់ពីអ្នកស្វែងរកចំណង់ចំណូលចិត្តរបស់ខ្លួនបានហើយ ដឹងថាខ្លួនឯងចង់ធ្វើអ្វីហើយ អ្នកត្រូវតែចាប់់ផ្ដើមស្វែងរកថាជំនាញអ្វីខ្លះដែលតម្រូវឲ្យអ្នកមាន នៅក្នុងការងាររបស់អ្នក មិនថាការធ្វើការងារការិយាល័យធម្មតា ឬការរកស៊ីផ្ទាល់ខ្លួនទេ គឺតម្រូវឲ្យមានជំនាញខុសៗគ្នា។ បើអ្នកចង់ប្រកបរបរលក់ដូរអ្វីមួយ អ្នកត្រូវតែមានជំនាញខាងទីផ្សារ ពូកែចរចា...។ បើអ្នកចង់ធ្វើការខាងគណនេយ្យ អ្នកត្រូវរហ័សរហួនលើផ្នែកគិតលេខជាដើម។
៥. ត្រូវចេះបង្កើតទំនាក់ទំនងនិងមានបណ្ដាញច្រើន
ដើម្បីជោគជ័យឆាប់ អ្នកមិនអាចដើរលើផ្លូវនេះតែម្នាក់ឯងបានទេ គឺត្រូវតែស្វះស្វែងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនមិនថាមិត្តភក្តិ មិត្តរួមការងារ ដៃគូជំនួញ មេកើយ... ដោយទំនាក់ទំនងពួកគេតាមរយៈបណ្ដាញសង្គម ចូលរួមសន្និសីទនានា ឬហុចនាមប័ណ្ណទៅឲ្យអ្នកដែលអ្នកចង់ស្គាល់ចង់រួមការងារជាមួយជាដើម។ ការបង្កើតបណ្ដាញទំនាក់ទំនងគឺមិនមែនត្រឹមតែជាការផ្សព្វផ្សាយពីខ្លួនឯងទាំងអស់ទេ គឺត្រូវស្វែងរកនរណាម្នាក់ដែលអាចជួយជម្រុញអ្នក ជួយតម្រង់ទិសអ្នក ឈានទៅរកភាពជោគជ័យ។
ប្រភព៖: under30ceo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]