យល់ដឹង៖ នៅក្នុងសង្គមបច្ចុប្បន្ននេះ មនុស្សម្នាក់ៗតែងតែរងសម្ពាធនិងមានអារម្មណ៍ពិបាកចិត្តនាពេលខ្លះ ដល់ថ្នាក់គិតថាខ្លួនឯងមានជំងឺផ្លូវចិត្តដូចជាបាក់ទឹកចិត្តជាដើម។ ប៉ុន្តែរាល់ជំងឺផ្លូវចិត្តទាំងអស់ មិនមែនសុទ្ធតែជាជំងឺបាក់ទឹកចិត្តនោះទេ។
ជាទូទៅ ជំងឺបាក់ទឹកចិត្តធ្វើឲ្យ មនុស្សមានអារម្មណ៍ថាអស់សង្ឃឹមក្នុងជីវិត គិតថាខ្លួនឯងធ្វើនេះធ្វើនោះមិនកើត មានអារម្មណ៍ថាសោកសៅខ្លាំង។ មនុស្សម្នាក់នឹងត្រូវគេសន្មតថាមានជំងឺបាក់ទឹកចិត្ត បើសិនជាគេក្រៀមក្រំខ្លាំង មានអារម្មណ៍ហេងហាង និងបាត់បង់ចំណង់ក្នុងការធ្វើអ្វីមួយលើសពី២សប្តាហ៍។
ចំណែក ជំងឺថប់បារម្ភវិញគឺជាជំងឺមួយដែលធ្វើឲ្យ អ្នកមានក្ដីបារម្ភហួសហេតុ និង ចេះតែភ័យខ្លាចនេះនោះទៅវិញ។ អ្នកកើតជំងឺថប់បារម្ភក៏តែងតែបារម្ភមុខក្រោយ សូម្បីតែរឿងតូចតាច ពាក់ព័ន្ធនឹងការងារ សុខភាព ឬការរៀនសូត្រ ដែលយូរៗទៅ ការបារម្ភអស់ទាំងនេះធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។
យ៉ាងណាមិញ មនុស្សម្នាក់អាចមានជំងឺទាំងពីរនេះស្របពេលតែមួយ ដោយយោងតាមការស្ទង់មតិពិភពលោកគឺមានមនុស្សជាង ៤១.៦ភាគរយ នៅឆ្នាំ២០១៥ មានជំងឺទាំងពីរនេះរួមគ្នា។
ដូច្នេះ យើងមកស្វែងយល់ពីអាការៈខុសគ្នារវាង ជំងឺបាក់ទឹកចិត្ត (Depression) និងជំងឺថប់បារម្ភ (Anxiety) ៖
រោគសញ្ញាធំៗនៃជំងឺបាក់ទឹកចិត្ត (Depression)៖
- ចួបប្រទះនឹងភាពសោកសៅខ្លាំង
- បាត់បង់ក្ដីសង្ឃឹមក្នុងជីវិត
- បាត់បង់ចំណង់ចំណូលចិត្តក្នុងការធ្វើអ្វីមួយ ទាំងដែលកាលពីមុនចូលចិត្តធ្វើរឿងទាំងនោះ
- ខឹងខ្លាំង អារម្មណ៍ប្រែប្រួលនៅមិនសុខ និងងាយទទួលរងការរំខាន
- ចេះតែហត់នឿយជាប្រចាំ និងមានបញ្ហាទាក់ទងនឹងដំណេក
- បាត់បង់ចំណង់អាហារ និង ស្រកទម្ងន់
- មានភាពលំបាកលើការផ្ចង់អារម្មណ៍ ឬការសម្រេចចិត្ត ហើយឆាប់ភ្លេច
- ចេះតែឈឺដៃជើង និងមានបញ្ហាទាក់ទងនឹងក្រពះពោះវៀន
- គិតពីការបញ្ចប់ជីវិតខ្លួនឯង
រោគសញ្ញានៃជំងឺថប់បារម្ភ (Anxiety)៖
- ពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភ
- មានអារម្មណ៍រំខាន, រាងកាយដូចជាមិនបានសម្រាកសោះ ហើយដូចជាក្រពុលមុខខ្លាំង
- ចេះតែភ័យ ចេះតែញាក់ញ័រ
- មានបញ្ហាទាក់ទងនឹងដំណេក
- ចេះតែហត់នឿយជារឿយៗ
- ខួរក្បាលគិតអ្វីមិនចេញសោះ
- ឈឺក្បាល, ឈឺសាច់ដុំ, វិលមុខចង់ក្អួត និងរាគរូស ៕
ប្រភព៖: healthline
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]