គ្រួសារ៖ ពិតណាស់ បន្ទាប់ពីរៀបការរួច គឺគូស្វាមីភរិយាតែងតែចង់រក្សាចំណងស្នេហ៍ និងចំណងគ្រួសារឲ្យស្ថិតស្ថេរយូរអង្វែង ហើយក៏ប្រាថ្នាចង់ចុះសម្រុងគ្នាជាមួយក្រុមគ្រួសារសាច់ថ្លៃផងដែរ។
ប៉ុន្តែជួនកាល សាច់ថ្លៃរបស់អ្នកមិនសូវចូលចិត្តអ្នកទេ ដូច្នេះអ្នកគួរប្រើវិធីសាស្ត្រទាំងនេះដើម្បីទប់ទល់៖
១. ត្រូវចាត់ទុកស្វាមី ឬភរិយាអ្នកជាមនុស្សសំខាន់
គូជីវិតគឺជាមនុស្សដែលរស់នៅជាមួយយើងដល់ចាស់ ដូច្នេះអ្នកត្រូវតែបង្កើតចំណងដ៏ស្អិតរមួតជាមួយស្វាមីឬភរិយារបស់អ្នក និងតែងតែចាត់ទុកគេជាមនុស្សសំខាន់របស់អ្នកជានិច្ច និងត្រូវមានទំនុកចិត្តទៅលើគ្នា ដូច្នេះហើយបើសិនមានរឿងអ្វីមួយកើតឡើង ស្វាមីនិងភរិយាអ្នក តែងតែយល់និងនៅក្បែរអ្នកជានិច្ច។
២. ត្រូវចេះកំណត់ព្រំដែន
ការកំណត់ព្រំដែនគឺពិតជាសំខាន់ណាស់ ដើម្បីបង្ការកុំឲ្យមានអ្នកផ្សេងដូចជាគ្រួសាររបស់អ្នកឬគ្រួសារខាងគេ ជ្រៀតជ្រែកជីវិតអាពាហ៍ពិពាហ៍របស់អ្នក។ បើសិនជាអ្នកមិនចង់ទៅចូលរួមពិធីរបស់សាច់ថ្លៃអ្នកដោយសារតែកូនរបស់អ្នកឈឺជាដើម គឺត្រូវពិភាក្សាជាមួយស្វាមីឬភរិយាអ្នក។ ការកំណត់ព្រំដែន និងមិនធ្វើខ្លួនស្និទ្ធស្នាលជាមួយសាច់ថ្លៃពេក អាចជួយឲ្យពួកគេមិនសូវជាហ៊ានលូកដៃក្នុងរឿងគ្រួសាររបស់អ្នក។
៣. មានរឿងអ្វីក៏ដោយ កុំទៅនិយាយឬបង្កជម្លោះចំៗជាមួយសាច់ថ្លៃ
នៅពេលមានបញ្ហាអ្វីមួយ ដាច់ខាតចៀសវាងកុំយករឿងនោះទៅស្ដីបន្ទោសឬបង្កជម្លោះជាមួយសាច់ថ្លៃឲ្យសោះ តែគួរឲ្យស្វាមីឬភរិយា យកបញ្ហានេះទៅជជែកជាមួយម្ដាយឪពុកឬបងប្អូនគេដោយខ្លួនឯង។
៤. ឈប់មានក្ដីរំពឹងទៅលើពួកគេ
មុនរៀបការ អ្នកតែងតែរំពឹងទុកថាសាច់ថ្លៃរបស់អ្នកនឹងជួយអ្នកលើរឿងនេះ ឬរឿងនោះជាដើម... ប៉ុន្តែជាក់ស្ដែង បើសិនពួកគេមិនបានធ្វើរឿងអស់ទាំងនោះទេ អ្នកក៏មិនគួរមានការថ្នាំងថ្នាក់ចិត្តអ្វីដែរ។ កត្តាដែលសំខាន់បំផុតគឺកុំមានក្ដីរំពឹងទុក ឬសង្ឃឹមទៅលើពួកគេ។
៥. កុំលើកយករឿងដែលសាច់ថ្លៃមិនចូលចិត្តមកនិយាយ
ក្នុងរង្វង់គ្រួសារនីមួយៗតែងតែមាន ប្រធានាបទខ្លះដែលមិនសមគួរឲ្យលើកយកមកនិយាយមិនថាទាក់ទងនឹង នយោបាយ, សាសនា ឬទស្សនៈផ្សេងៗ ដូច្នេះអ្នកត្រូវចៀសកុំលើកយករឿងអស់នោះមកនិយាយឲ្យសោះ ដើម្បីបង្ការកុំឲ្យមានជម្លោះ និងខ្វែងគំនិតគ្នា។
៦. តែងតែចិត្តល្អដាក់អ្នកដទៃ
ធ្វើជាស្វាមីឬភរិយា និងមាតាបិតារបស់កូនៗ គឺត្រូវប្រកាន់ខ្ជាប់ក្ដីមេត្តាជានិច្ច និងត្រូវចិត្តល្អដាក់អ្នកជុំវិញខ្លួន មិនថាសាច់ថ្លៃ ឬអ្នកដទៃនោះឡើយ៕
ប្រភព៖: familyeducation
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]