យល់ដឹង៖ ពិតណាស់ រសជាតិផ្អែមជារសជាតិដែលអណ្ដាតយើងពេញចិត្តបំផុត ហើយមនុស្សមួយចំនួនចូលចិត្តញ៉ាំតែរបស់ផ្អែម មិនថាបង្អែម ភេសជ្ជៈគ្រឿងកំប៉ុង ឬពពួកកាហ្វេនិងតែបៃតង ដាក់ទឹកដោះគោជាដើម ដែលកំពុងពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ។

អ្នកខ្លះផឹកភេសជ្ជៈផ្អែមមួយថ្ងៃមួយទៅពីរកែវ ដើម្បីបំពេញចំនូលចិត្តរបស់ខ្លួន ធ្វើឲ្យយូរៗទៅក្លាយទៅជាញៀន អត់របស់ផ្អែមមិនបាន ស្រាប់តែងាកមកមើលគីឡូខ្លួនឯងក៏ឡើងស្រឺតៗ ទើបភ្ញាក់ខ្លួនចង់តមរបស់ផ្អែមវិញ។
ទាំងនេះគឺជាវិធីសាស្ត្រក្នុងការទប់ស្កាត់កុំឲ្យអ្នកចេះតែឃ្លានរបស់់់ផ្អែម៖
១. ត្រួវធ្វើយ៉ាងណាឲ្យជាតិស្ករក្នុងឈាមរបស់អ្នកមានលំនឹង (មិនឡើង មិនចុះ)
ការរក្សាស្ថេរភាពជាតិស្ករក្នុងឈាមធ្វើឲ្យអ្នកលែងមានអារម្មណ៍ចង់ញ៉ាំរបស់ផ្អែម ហើយដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាមអ្នក គឺត្រូវតែញ៉ាំបាយគ្រប់បីដងក្នុងមួយថ្ងៃ ដោយបញ្ចូលអាហារដែលមានសារធាតុ low-glycaemic (GI) ដែលជួយរក្សាស្ថេរភាពរបស់ជាតិស្ករក្នុងឈាម។ អាហារប្រភេទ GI នេះមានដូចជា ទឹកដោះគោ, គ្រាប់សណ្ដែក, ទឹកដោះគោជូរ និងផ្លែឈើមួយចំនួនដូចជា ចេក, គីវី , ស្វាយ និង សារីក្រអូបជាដើម។
២. ញ៉ាំអាហារដែលមានជាតិសរសៃ (ហ្វាយប៊ឺ) ច្រើន
អាហារដែលមានជាតិសរសៃ មិនត្រឹមតែជួយសម្រួលដល់ពោះវៀនរបស់អ្នកទេ តែក៏អាចធ្វើឲ្យអ្នកញ៉ាំឆាប់ឆ្អែតផងដែរ ដែលនាំមកនូវការរក្សាលំនឹងជាតិស្ករក្នុងឈាម ដែលអាចជួយកាត់បន្ថយការចង់ញ៉ាំរបស់ផ្អែម។ កុំភ្លេចបញ្ចូលអាហារមានជាតិសរសៃក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក!

៣. ចៀសវាងរក្សាទុកគ្រឿងផ្អែមក្នុងផ្ទះរបស់អ្នក
មិនថាជានំ ភេសជ្ជៈគ្រឿងកំប៉ុង ស្ករគ្រាប់ ឬទឹកដោះគោខាប់ទេ ដាច់ខាតសូមកុំរក្សាពួកវាទុកនៅក្នុងផ្ទះ មិនដូច្នេះទេអ្នកមុខជាមិនអាចគ្រប់គ្រងខ្លួនឯង និងញ៉ាំវាតាមចិត្តចង់មិនខាន។
៤. ស្វែងរកមូលហេតុបណ្ដាលឲ្យអ្នកឃ្លានរបស់ផ្អែម
តើអ្នកឃ្លានផ្អែមដោយសារតែ អ្នកមិនបានញ៉ាំអាហារ ឬក៏ព្រោះអ្នកគ្រាន់តែចង់រករបស់មកញ៉ាំកំដរមាត់? ឬក៏មកពីអ្នកតប់ប្រមល់ពេក ឬហត់នឿយ ឬធុញទ្រាន់?
ពេលខ្លះ អ្នកមិនឃ្លានរបស់ផ្អែមទេ តែអ្នកចង់ញ៉ាំដើម្បីកំដរមាត់កុំឲ្យអផ្សុកទៅវិញ ដែលនេះជាទម្លាប់មួយដ៏អាក្រក់។
បើសិនជាអ្នកស្ត្រេស សូមសាកល្បងដើរហាត់ប្រាណ ឬចេញទៅខាងក្រៅដើរលេងជាមួយមិត្តភក្តិ និងស្ដាប់ចម្រៀងជាដើម។

៥. ទទួលទានអាហារដែលមានជាតិប្រូតេអ៊ីន
ប្រូតេអ៊ីនជួយឲ្យជាតិស្ករក្នុងឈាមមានលំនឹង និងធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ដែលអាចជួយកាត់បន្ថយចំណង់ឃ្លានផ្អែមរបស់អ្នក។
៦. កុំនិយាយថាទេ ចំពោះផ្លែឈើ
ក្នុងផ្លែឈើមានជាតិស្ករធម្មជាតិ មានលាយឡំជាមួយជាតិសរសៃ ,វីតាមីន និងជាតិរ៉ែជាច្រើន។

៧. ហាត់ប្រាណ និងកម្រើកខ្លួនប្រាណឲ្យបានច្រើន
បើសិនជាអ្នកស្រាប់តែឃ្លានផ្អែមនាពេលណាមួយ សាកល្បងរត់ហាត់ប្រាណ ឬដើរ ដែលការធ្វើចលនារាងកាយជួយឲ្យរាងកាយបញ្ចេញសារធាតុ អង់ដូហ្វ៊ីន និងបង្កើនជាតិសេរ៉ូតូនីន ដែលធ្វើឲ្យអ្នកសប្បាយចិត្ត ឈានដល់ការបំបាត់ការឃ្លានរបស់ផ្អែម។ កាលណាដែលអ្នកឃ្លានរបស់ផ្អែមគឺត្រូវជំនួសវាដោយការដើរ ឬហាត់ប្រាណជានិច្ច។
៨. ផឹកទឹកឲ្យបានច្រើន
បើអ្នកផឹកទឹកមិនគ្រប់គ្រាន់ នោះអ្នកនឹងបាត់បង់ជាតិទឹក ដែលការបាត់បង់នេះតែងតែធ្វើឲ្យអ្នកច្រឡំថាអ្នកឃ្លានរបស់ផ្អែម។ បើសិនជាអ្នកស្រាប់តែឃ្លានរបស់ផ្អែម សូមផឹកទឹកមួយកែវពេក ហើយគិតថាអ្នកឃ្លានរបស់ផ្អែមពិតមែនឬគ្រាន់តែស្រេកទឹក?

ប្រភព៖: bupa
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]