គ្រួសារ៖ ជាការពិតណាស់ សម្រាប់គូស្វាមីភរិយាខ្លះដែលរៀបការរួច តែងតែបានដាក់គោលដៅក្នុងការយកបុត្រាបុត្រី ប៉ុន្តែតើអ្នកដឹងទេថា មុនពេលសម្រេចចិត្តមានកូន អ្នកត្រូវ​ត្រៀមខ្លួនលើចំណុចណាខ្លះ?​

ការចិញ្ចឹមក្មេងម្នាក់ពិតជាមិនងាយស្រួលទេ ព្រោះអ្នកជាឪពុកម្ដាយត្រូវផ្ដល់អ្វីៗគ្រប់យ៉ាងទៅឲ្យគេ មិនថាការថែរក្សាផ្លូវកាយឬផ្លូវចិត្ត ដើម្បីប្រាកដចិត្តកូនៗរបស់លោកអ្នកធំឡើងមានសុខភាពល្អនិងក្លាយជាមនុស្សល្អ មានបំនិនជីវិត មានការងារមុខតំណែងល្អ... ជាដើម។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង

ខាងក្រោមនេះជាអ្វីដែលឪពុកម្ដាយគួរតែគិតគូ មុ​នពេលសម្រេចចិត្តយកបុត្រាបុត្រី៖

១. ធ្វើឲ្យប្រាកដចិត្តថាអ្នកចង់បានកូនពិតមែន

អ្នកនិងស្វាមីឬភរិយា ត្រូវសួរគ្នាទៅវិញទៅមកថាតើ អ្នកពិតជាចង់បានកូនពិតប្រាកដឬយ៉ាងណា? ព្រោះជួនកាល ការគិតរបស់មនុស្សម្នាក់ៗមានភាពប្រែប្រួលទៅតាមកាលៈទេសៈ និងអារម្មណ៍។ ចំណុចនេះអ្នកនិងគូស្នេហ៍ ត្រូវមានការប្ដេជ្ញាចិត្តថាចង់បានកូន និងចង់ចិញ្ចឹមគេឲ្យបានល្អ។​

រូបភាពតំណាង

២. ឃ្លាំមើលសម្ព័ន្ធភាពរបស់អ្នកនិងគូស្នេហ៍

ចំណុចនេះ អ្នកត្រូវឃ្លាំមើលថា ទំនាក់ទំនងរវាងអ្នកនិងគូស្នេហ៍ពិតជាល្អមែនហើយឬយ៉ាងណា? តើអ្នកជឿជាក់គ្នាដែរឬទេ? តើពេលឈ្លោះគ្នា អ្នកធ្លាប់បើកចិត្តនិយាយគ្នាដែរឬទេ? ព្រោះកូនៗដែលអ្នកគ្រោងនឹងបង្កើតនោះ ប្រាកដជាយកតម្រាប់តាមអ្នកជាមិនខាននៅពេលពួកគេធំធាត់ឡើង។ បើសិនជាអ្នកមានសម្ព័ន្ធភាពមិនសូវល្អខ្លាំងជាមួយគូស្នេហ៍ ហើយឆាប់មានជម្លោះ វាធ្វើឲ្យពេលដែលកូនកើតមក អាចនឹងរងសម្ពាធផ្លូវចិត្តជាដើម ដូច្នេះត្រូវប្រាកដចិត្តថាអ្នកមានក្ដីស្រលាញ់ ការគោរព និងមានទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក។​

រូបភាពតំណាង

៣. ឃ្លាំមើលថាតើអ្នកនិងគូស្នេហ៍មានទម្លាប់អាក្រក់អ្វីខ្លះ?​

ការជក់បារី ផឹកស្រា និងលេងល្បែង ជាដើមសុទ្ធសឹងតែបង្កឲ្យក្មេងដែលកើតមកងាយនឹងទទួលរងឥទ្ធិពល និងធ្វើត្រាប់តាម។ បើអ្នកនិងគូស្នេហ៍ជាមនុស្សចូលចិត្តប្រព្រឹត្តិរឿងអស់ទាំងនេះ ហើយចង់បានកូន អ្នកត្រូវតែកាត់ទម្លាប់អាក្រក់អស់ទាំងនេះចោលដើម្បីឲ្យកូនកើតមក មិនយកតម្រាប់តាម។​

៤. កត្តាហិរញ្ញវត្ថុ

នេះជាចំណុចសំខាន់ខ្លាំងមួយដែលគូស្នេហ៍ចង់បានកូន មិនគួរមើលរំលង។ អ្នកនិងគូស្នេហ៍ ចាំបាច់ត្រូវមានស្ថេរភាពផ្នែកហិរញ្ញវត្ថុជាមុនសិន មុនឈានទៅដល់ការយកកូន ព្រោះបើសិនអ្នកមានប្រាក់មិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមក្មេងម្នាក់ ឬរកមុខខ្វះក្រោយ គឺអ្នកមិនអាចផ្ដល់ក្ដីសុខពេញលេញដល់កូនៗនោះឡើយ ដ្បិតការចិញ្ចឹមកូនម្នាក់ត្រូវការការចំណាយច្រើនខ្លាំងណាស់។​

រូបភាពតំណាង

៥. គិតដល់បំណងប្រាថ្នាធំៗរបស់អ្នកនិងគូស្នេហ៍ជាមុនសិន

ជួនកាល អ្នកនិងគូស្នេហ៍រៀបការឆាប់ពេក ឬរៀបការទាំងនៅវ័យក្មេង ហើយមានក្ដីស្រមៃនិងគោលដៅដែលមិនទាន់បំពេញ ឧទាហរណ៍ដូចជា អ្នកទាំងពីរចង់រៀនបន្តទៅមុខទៀត ឬចង់ឡើងមុខតំណែងណាមួយក្នុងការងារ ដូច្នេះអូនត្រូវគិតឲ្យច្បាស់លាស់ជាមុនសិន៕

រូបភាពតំណាង

ប្រភព៖: beingtheparent

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]