ភ្នំពេញ៖ ថ្មីៗនេះ យោងតាម ផេកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានបង្ហោះសារបញ្ជាក់ថា ពលរដ្ឋខ្មែរគ្រប់អាយុ ១៥ឆ្នាំឡើង ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយពុំចាំបាច់ សមត្ថកិច្ច ឬអាជ្ញាធរជូនដំណឹង ឬអញ្ជើញឱ្យមកធ្វើទេ។

សម្រាប់ព័ត៌មានសង្ខេបរួមស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការស្នើសុំផ្តល់ថ្មី ប្តូរ ទុតិយតា ឬកែតម្រូវ សាមីខ្លួនអាយុយ៉ាងតិច ១៥ឆ្នាំ ត្រូវមានវត្តមានដោយផ្ទាល់ ដើម្បីបំពេញបែបបទ និងភ្ជាប់ឯកសារមួយចំនួន តាមទីតាំងដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក.អំពីឯកសារត្រូវមាន៖

១.ករណីសុំផ្តល់ថ្មី ត្រូវមានឯកសារ៖

-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ដែលចេញដោយមន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ឬ ចេញដោយសាលាក្រុង ស្រុក ខណ្ឌ ដែលបានចុះបញ្ជី ឬចេញដោយនាយកដ្ឋានអត្រានុកូលដ្ឋាន

-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម)

២.ករណីផុត ឬជិតផុតសុពលភាព ត្រូវមានឯកសារ៖

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាព ឬមុនផុតសុពលភាពយ៉ាងច្រើន៩០ថ្ងៃ

-ឯកសារសំអាងផ្សេងៗ ករណីមានការកែតម្រូវទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឧទាហរណ៍ដូចជាអាសយដ្ឋាន ជាដើមដែលត្រូវភ្ជាប់ជាមួយសៀវភៅស្នាក់នៅ។

៣.ករណីបាត់ ត្រូវស្នើសុំទុតិយតា និងមានឯកសារ៖

ពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា ពីប៉ុស្តិ៍នគរបាលរដ្ឋបាលដែលស្នាក់នៅអចិន្ត្រៃយ៍

៤.ករណីខូច ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលខូច

៥.ករណីកែតម្រូវ ត្រូវមានឯកសារ៖

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលខុសទិន្នន័យ

-សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត

-សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ និងឯកសារថតចម្លងដែលមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម

-ករណីខ្លះទាមទារឯកសារគល់បញ្ជីអត្រានុកូលដ្ឋាន

-សេចក្តីសម្រេចកែតម្រូវ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ

-ឬសេចក្តីសម្រេចរបស់តុលាការ ដែលមានការទទួលស្គាល់ឱ្យកែតម្រូវពីនាយកដ្ឋានអត្រានុកូលដ្ឋាន។ល។

៦.ករណីស្ទួនខ្ចៅដៃ សូមទំនាក់ទំនងផ្ទាល់មកកាន់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬមកនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីដោះស្រាយ។

ខ.ទីតាំងផ្តល់សេវា

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ នៅសាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2 ។

សាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2 មានបម្រើសេវាបន្ថែមថ្ងៃសៅរ៍ និងអាទិត្យ លើកលែងតែថ្ងៃបុណ្យជាតិ។

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនអាចថតធ្វើលើសពីមួយដងទេ ក្នុងករណីបាត់ ឬ ខូច លោកអ្នកអាចដាក់ពាក្យបណ្តឹង និងស្នើសុំទុតិយតាបាន។ ករណីហួសសុពលភាព សាមីខ្លួនត្រូវទៅបំពេញបែបបទថតធ្វើថ្មី។

សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨៩១៥ រៀងរាល់ថ្ងៃចន្ទ ដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕

ប្រភព៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង Pol Lieutenant General Say Mengchheang

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]