យល់ដឹង៖ ការសម្រកគីឡូ កំពុងក្លាយជាគោលដៅបុរសនារីមួយចំនួន ដោយអ្នកខ្លះចង់ស្រកតាំងពីក្បាលដល់ចុងជើង ប៉ុន្តែអ្នកខ្លះទៀតចង់សម្រកតាមផ្នែកខ្លះៗនៃរាងកាយដូចជា ផ្ទៃមុខ ដើមដៃ ភ្លៅ ឬ ក ជាដើម។ ការសម្រកខ្លាញ់លើផ្ទៃមុខ អាចជួយឲ្យផ្ទៃមុខរបស់យើងមើលទៅតូចជាមុន ធ្វើឲ្យបុរសនារីខ្លះមានទំនុកចិត្តចំពោះខ្លួនឯងជាងមុន។
ខាងក្រោមនេះជា វិធីសាស្ត្រជួយឲ្យអ្នកសម្រកខ្លាញ់លើផ្ទៃមុខបានជោគជ័យ៖
១. ធ្វើលំហាត់ប្រាណលើមុខ
ការធ្វើលំហាត់ប្រាណលើមុខ អាចជួយឲ្យសាច់ដុំថ្ពាល់និងផ្ទៃមុខរបស់អ្នកសកម្មជាងមុន និងឈានទៅរកការដុតជាតិខ្លាញ់។ មានការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការធ្វើលំហាត់ប្រាណលើផ្ទៃមុខអាចធ្វើឲ្យសាច់ដុំមុខរបស់អ្នកតឹងណែនជាងមុន។ អ្នកអាចប្រើប្រាស់ការធ្វើលំហាត់ប្រាណតាមវិធីងាយៗដូចជាញញឹមឲ្យធំ គឺវិធីសាស្ត្រ "X" និង ទាញមាត់ឲ្យក្លាយជាអក្សរ "O" វិញជាដើម។
២. ធ្វើលំហាត់ប្រាណបែប Cardio
ការធ្វើលំហាត់ប្រាណបែប Cardio ដូចជា ដើរ ជិះកង់ រត់ ឬហែលទឹក ដែលសុទ្ធសឹងជាប្រភេទលំហាត់ប្រាណជួយឲ្យចង្វាក់បេះដូងដើរលឿន ដែលឈានដល់ការធ្វើឲ្យអ្នកសម្រកទម្ងន់ផ្ទៃរាងកាយទាំងមូល ដែលមួយផ្នែកនោះក៏អាចជួយដល់ផ្ទៃមុខអ្នកផងដែរ។
៣. ផឹកទឹកឲ្យបានច្រើន
ទឹក ជាសារជាតិសំខាន់ណាស់សម្រាប់រាងកាយមនុស្សម្នាក់ៗ ហើយការផឹកទឹកឲ្យបានច្រើន អាចជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរជាងធម្មតា មានប្រសិទ្ធភាពដល់ការសម្រកខ្លាញ់។
៤. ផឹកគ្រឿងស្រវឹងឲ្យមានកំណត់
បើសិនអ្នកផឹកគ្រឿងស្រវឹងយូរៗម្ដង ក្នុងឱកាសពិសេស គឺមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែការផឹកគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ ឬញឹកញាប់ អាចនឹងប្រឈមនឹងហានិភ័យនៃការឡើងទម្ងន់នៅត្រង់ក្បាលពោះ និង ផ្ទៃមុខ ជាដើម ដូច្នេះអ្នកត្រូវកាត់បន្ថយការផឹកគ្រឿងស្រវឹងបើសិនចង់ឲ្យផ្ទៃមុខស្លីមជាងមុន។
៥. កាត់បន្ថយការញ៉ាំអាហារប្រភេទកាបូអ៊ីដ្រាត (អាហារថាមពល)
អាហារមួយចំនួនដែលមានជាតិស្ករខ្ពស់ដូចជា នំដុត, នំប្រៃ, ផាស្តា... ជាដើមសុទ្ធសឹងតែជាអាហារថាមពលមួយប្រភេទហៅថា Refined Carbs ឬកាបូអ៊ីដ្រាតអាក្រក់ មានតែជាតិស្ករ និងជាតិស្ករកៃច្នៃ ដែលធ្វើឲ្យអ្នកឆាប់ឡើងទម្ងន់។
៦. គេងឲ្យបានគ្រប់គ្រាន់
ការគេងជាសកម្មភាពដ៏សំខាន់ប្រចាំថ្ងៃនីមួយៗ ដើម្បីជួយបង្កើនអង្គចងចាំ ក៏ដូចជាជួយបំបាត់ស្ត្រេស ឬអាការៈតប់ប្រមល់។ បើសិនអ្នកគេងមិនគ្រប់គ្រាន់ អ្នកនឹងចេះតែមានអារម្មណ៍ថាហត់នឿយ ថាឃ្លានខ្លាំង ដូច្នេះអ្នកមុខជាព្យាយាមញ៉ាំនេះញ៉ាំនោះហើយឈានទៅរកការឡើងគីឡូ។
៧. កាត់បន្ថយអាហារមានជាតិសូដ្យូម
ជាតិសូដ្យូមក្នុងរបបអាហារប្រចាំថ្ងៃភាគច្រើនគឺអំបិល ដែលអ្នកអាចដាក់វាចូលក្នុងអាហារជាច្រើន ហើយអំបិលក៏មាននៅក្នុងទឹកជ្រលក់ ជាដើម។ ការញ៉ាំសូដ្យូមច្រើនពេកអាចធ្វើឲ្យរាងកាយអ្នកហើម ឈានដល់ការហើមផ្ទៃមុខទៀតផង ដូច្នេះអ្នកត្រូវចាំបាច់កាត់បន្ថយបើចង់ស្រកខ្លាញ់លើផ្ទៃមុខ។
៨. ញ៉ាំអាហារមានជាតិសរសៃ (Fiber)
អាហារដែលមានជាតិសរសៃជាអាហារ ដូចជាពពួក គ្រាប់ធញ្ញជាតិ, គ្រាប់បន្លែ, គ្រាប់រុក្ខជាតិ, ផ្លែឈើ, សណ្ដែក ជាដើម ។ វាធ្វើឲ្យយើងតឹងពោះនិងជួយឲ្យឆ្អែតបានយូរ ដូច្នេះបើសិនអ្នកញ៉ាំជាតិសរសៃច្រើន គឺអាចកាត់បន្ថយចំណង់ក្នុងការញ៉ាំអាហារមិនឈប់ឈរដែលធ្វើឲ្យឡើងទម្ងន់៕
ប្រភព៖: healthline
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]