យល់ដឹង៖ ដំណើរជីវិតមនុស្សម្នាក់ៗ ចួបរឿងស្មុគស្មាញច្រើនណាស់ ដូច្នេះហើយអ្នកខ្លះ ដើម្បីឲ្យសុខភាពផ្លូវចិត្តខ្លួនឯរឹងមាំ គឺតែងតែចូលចិត្តទៅដើរកម្សាន្តលំហែអារម្មណ៍ តាមតំបន់ទេសចរណ៍នានាទាំងក្នុងស្រុកនិងក្រៅស្រុក ខ្លះក៏ដើរជាក្រុម ខ្លះក៏ដើរតែឯង។​

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែជួយបំបាត់ភាពស្មុគស្មាញទេ ការដើរកម្សាន្តក៏ជួយឲ្យយើងទទួលបានចំណេះដឹងចំណេះធ្វើថ្មីៗ ព្រមទាំងបទពិសោធផងដែរ។

យ៉ាងណាមិញ បើសិនអ្នកទើបតែរៀបគម្រោងចង់ដើរកម្សាន្តផ្លូវឆ្ងាយ តែម្នាក់ឯង នេះជាកត្តាទាំង៥យ៉ាងដែលអ្នកគួរយល់ដឹងដើម្បីសុវត្ថិភាពរបស់អ្នក៖

១. មិនថាទៅទីណាទេ សូមផ្ដល់ព័ត៌មានលម្អិតពីការធ្វើដំណើរ ដល់គ្រួសារនិងមិត្តភក្តិជិតស្និទ្ធ

ការដើរហើរម្នាក់ឯង ចាត់ទុកថាជាការផ្សងព្រេងមួយ ដែលពោរពេញដោយឧបសគ្គនិងភាពប្រថុយប្រថាន ហើយបើអ្នកជាមនុស្សស្រីទៀតសោតក៏ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ត្រង់ចំណុចនេះ អ្នកត្រូវផ្ដល់ព័ត៌មានលម្អិតដូចជានាមប័ណ្ណរបស់សណ្ឋាគារ ឬផ្ទះសំណាក់ដែលអ្នកស្នាក់នៅ , តារាងនៃការដើរកម្សាន្តដែលអ្នកបានរៀបចំ ហើយកុំភ្លេចប្រាប់ពួកគេពីទិសដៅនីមួយៗដែលអ្នកដើរកម្សាន្ត និងម៉ោងដែលអ្នករំពឹងទុកថានឹងត្រឡប់មកសណ្ឋាគារវិញ។​ ២. ត្រូវត្រៀមផែនការក្នុងករណីមានអាសន្ន 

រូបភាពតំណាង

អ្នករំពឹងទុកថា ការដើរកម្សាន្ត នឹងពោរពេញដោយភាពសប្បាយរីករាយ ប៉ុន្តែករណីខ្លះគឺហេតុការណ៍អាសន្នអាចនឹងកើតឡើង ដូចជាមានចោរឆក់ ចោរប្លន់ ឈឺ ឬក៏មានគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះត្រូវស្វែងរកលេខទូរស័ព្ទសង្គ្រោះបន្ទាន់ លេខទាក់ទងប៉ូលិសក្នុងតំបន់ និងលេខទាក់ទងឡានពេទ្យជាដើម។​

៣. ត្រូវរៀបចំវត្ថុមានតម្លៃរបស់អ្នកឲ្យមានសុវត្ថិភាព

នេះជាចំណុចដែលត្រូវយកចិត្តទុកដាក់ជាងគេ តាមធម្មតា ពេលធ្វើដំណើរកម្សាន្ត ក្នុងប្រទេស និងក្រៅប្រទេស អ្នកតែងតែយករបស់មានតម្លៃដូចជា អត្តសញ្ញាណប័ណ្ណ ឯកសារធ្វើដំណើរសំខាន់ផ្សេង ឬលិខិតឆ្លងដែន(សម្រាប់អ្នកដើរកម្សាន្តក្រៅប្រទេស) ព្រមទាំងវត្ថុមានតម្លៃដូចជា ទូរស័ព្ទ ប្រាក់​ គ្រឿងលម្អង កាតក្រេឌីតជាដើម មកតាមខ្លួន ដូច្នេះអ្នកត្រូវរក្សាទុកវាក្នុងកាបូបមួយដាច់ដោយឡែក ដែលអ្នកអាចយកតាមខ្លួនបាន។ ក្រៅពីនោះ ត្រូវចេះថតចម្លងឯកសារសំខាន់អស់ទាំងនោះ ទុកនៅមួយឡែក ក្នុងករណីដែលឯកសារដើមបាត់បង់ ឬត្រូវលួច។​

រូបភាពតំណាង

៤. ត្រូវមើលលើអាកប្បករិយាខ្លួនឯង និងប្រើវិចារណញ្ញាណ

ការដើរក​ម្សាន្តម្នាក់ឯង មានន័យថា អ្នកត្រូវពឹងផ្អែកលើខ្លួនឯងទាំងស្រុង ដូច្នេះក្រៅពីមើលថែខ្លួនឯងហើយ អ្នកត្រូវចេះប្រុងប្រយ័ត្នពីអាកប្បកិរិយាខ្លួនឯងផង។ អ្នកមិនត្រូវបណ្ដោយខ្លួនឲ្យស្រវឹងជោក បាត់បង់សតិនោះឡើយ ហើយតែងតែឃ្លាំមើលជុំវិញ ក្រែងលោមានអ្នកប៉ងចង់ធ្វើបាបអ្នក។ បើសិនអ្នកមិនចង់ដើរម្នាក់ឯងពេលយប់ អាចសុំចូលរួមជាមួយក្រុមអ្នកដើរកម្សាន្តដទៃទៀត។ បើមានមនុស្សមិនគួរឲ្យទុកចិត្ត មកសួរអ្នកថាអ្នកធ្វើដំណើរមកតែម្នាក់ឯងឬយ៉ាងណា? សូមឆ្លើយថាអ្នកកំពុងធ្វើដំណើរទៅរកសាច់ញាតិឬមិត្តភក្តិ។​

៥. ស្រាវជ្រាវពីស្ថានភាពស្រុកទេស ឬតំបន់ដែលអ្នកដើរកម្សាន្ត 

អ្នកត្រូវយល់ដឹងជាមុនពីប្លុក ឬតំបន់ណា ដែលមិនមានសុវត្ថិភាពក្នុងទីក្រុងដែលអ្នកកំពុងដើរកម្សាន្ត និងត្រូវស្គាល់ផ្លូ​វឲ្យបានច្រើន ហើយក៏ត្រូវស្រាវជ្រាវពីស្ថានភាពស្រុកទេសនោះផងដែរ ថាកំពុងមានសង្គ្រាម ឬបាតុកម្ម ណាមួយកើតឡើងដែរឬទេ៕  

រូបភាពតំណាង

ប្រភព៖: travelers

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]