ស្នេហា៖ សម្ព័ន្ធភាពស្នេហា អាចដំណើរការទៅបានទាល់តែភាគីទាំងពីរស្រលាញ់ ស្មោះត្រង់ ការពារ និងឲ្យតម្លៃគ្នា។ ស្នេហាប្រៀបដូចរុក្ខជាតិមួយផើង ដែលតម្រូវឲ្យមានការថែទាំងស្រោចទឹកដាក់ជី និងមើលថែ ព្រោះបើមិនដូច្នេះទេ ស្នេហានោះនឹងឈានដល់ទីបញ្ចប់ឬការបែកបាក់តែម្ដង។
បើសិនជាអ្នកកំពុងមានគូស្នេហ៍ ហើយមួយរយៈនេះគូស្នេហ៍អ្នកដូចជាមិនសូវទាក់ទងមកអ្នក យកលេសរវល់នេះរវល់សោះ ឬមិនសូវខ្វល់ខ្វាយពីអ្នក វាអាចជាសញ្ញាណមួយថាគេកំពុងនឿយណាយនិងអស់ចិត្តពីអ្នកហើយ។
ចង់ជ្រាបច្បាស់ សូមស្វែងយល់ពីចំណុចទាំង១០បញ្ជាក់ថា ដៃគូអ្នកនឿយណាយពីអ្នក៖
១. គេលែងខ្វល់ពីរឿងលម្អិតក្នុងជីវិតអ្នក
កាលពីស្រលាញ់គ្នាដំបូងៗ រឿងតូចតាចរបស់អ្នក គេចងចាំបានទាំងអស់ ដោយមិនបាច់រម្លឹកច្រើនដងទេ ស្រាប់តែឥឡូវ គេចាំលែងបាន ឬមិនចង់ស្វែងយល់ពីអ្នក នោះមានន័យថាគេអស់ចិត្តហើយ។
២. ឈប់ហៅអ្នកទៅដើរលេងជុំជាមួយមិត្តៗរបស់គេ
បើសិនសុខៗ គេលែងហៅអ្នកឲ្យទៅដើរលេងជុំគ្នាជាមួយមិត្តភក្តិរបស់គេដូចកាលពីមុន គេមានគម្រោងចង់បែកគ្នាជាមួយអ្នកហើយ។
៣. លេសនោះលេស
ពេលហៅគេចេញមកដើរលេង គេចាប់ផ្ដើមប្លែកត្រង់យកលេសរវល់នេះរវល់នោះ មានការងារច្រើន មិនសូវស្រួលខ្លួន ឬមួយមានធុរៈផ្សេងៗជាច្រើនដងនៅពេលអ្នកបបួលគេចេញមកដើរលេង។ បុរសនារីដែលអស់ចិត្តជាមួយដៃគូស្នេហាខ្លួន គឺមិនចង់ចំណាយពេលជាមួយគេទេ ព្រោះអ្នកលែងសំខាន់ចំពោះគេហើយ។
៤. គេចេញដើរច្រើនជាងមុន
ការចួបនិងស្គាល់មនុស្សថ្មីៗ ជារឿងធម្មតាទេក្នុងជីវិតរបស់យើងម្នាក់ៗ ប៉ុន្តែករណីនេះ អ្នកសង្កេតឃើញថា គេចូលចិត្តចេញដើរលេងមិនថាយប់ឬថ្ងៃ សឹងតែរៀងរាល់ថ្ងៃ ទាំងដែលកាលពីមុន គេចូលចិត្តសំងំនៅជាមួយអ្នកជាជាងទៅដើរលេងដោយគ្មានអ្នក។
៥. ស្ដីបន្ទោសដាក់បន្ទុកអ្នក លើគ្រប់រឿង
ពេលខ្លះ មានរឿងតិចតួច គេស្រាប់តែបន្ទោសលើអ្នក ថាមកពីអ្នកទើបវាក្លាយជាបែបនេះ ហើយព្យាយាមដាក់បន្ទុកអ្នក ទាំងដែលរឿងនោះ គឺជាកំហុសរបស់គេខ្លួនឯង។
៦. ធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ
អ្នកទាំងស្អាត ទាំងឆ្លាត ទាំងពូកែ ប៉ុន្តែសុខៗគេបែរជាធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងឥតមានតម្លៃអ្វីសោះ! អ្នកចាប់ផ្ដើមទម្លាក់តម្លៃខ្លួនឯង ព្យាយាមទ្រគេ ព្យាយាមសុំអង្វរគេឲ្យមកដោះស្រាយជាមួយអ្នក។
៧. កុហកអ្នក
ជាគូស្នេហ៍នឹងគ្នា មិនថាមានរឿងអីត្រូវចេះបើកចិត្តនិយាយជាមួយគ្នាដោយភាពស្មោះត្រង់ ប៉ុន្តែបើសិនគេអស់ចិត្តហើយ គេមើលមិនឃើញចំណុចត្រង់នេះទេ ព្រោះគេមិនផ្ដល់តម្លៃឲ្យអ្នក។ គេប្រាកដជាកុហកអ្នកជារឿយៗជាមិនខាន។
៨. ឥតស្ដាប់អ្នកនិយាយ
នៅពេលអ្នកមានរឿងក្នុងចិត្តចង់បញ្ចេញ មិនថាជាការងារសាលា ឬការងារការិយាល័យ ឬរឿងពាក់ព័ន្ធនឹងវិបត្តិគ្រួសារ គឺគេមិនស្ដាប់អ្នក មិនផ្ដល់យោបល់ ឬលួងលោមអ្នកទេ។ គេនឹងព្យាយាមគេចពីអ្នក ទុកឲ្យអ្នកប្រឈមនឹងភាពស្មុគស្មាញតែម្នាក់ឯង។
៩. ខឹងអ្នករឿងតិចតួចដែលមិនធ្លាប់ខឹង
កាលពីមុន អ្នកតែងខ្លួនរៀងយឺតបន្តិច គេថាមិនអីទេៗ គេអាចចាំបានទោះយូរប៉ុណ្ណាក៏ដោយ ស្រាប់តែឥឡូវគ្រាន់តែអ្នកយឺតបន្តិច គេខឹងអ្នកតែម្ដង។
១០. មិនដែលគិតថាអ្នកសំខាន់ចំពោះគេ
គូស្នេហ៍ដែលស្រលាញ់គ្នាល្អូកល្អឺន តែងតែចាត់ទុកគ្នានឹងគ្នាជាមនុស្សទី១ដែលគេយកចិត្តទុកដាក់និងខ្វល់ខ្វាយ។ ទោះបីគេរវល់ប៉ុណ្ណា ក៏គេនៅតែរំលែកពេលជាមួយអ្នក ប៉ុន្តែបើសិនករណីនេះ គេបែរជាចាត់ទុកអ្នកជាមនុស្សមិនសំខាន់ សូម្បីមិត្តភក្តិ ឬមិត្តរួមការងាររបស់គេក៏សំខាន់ជាងអ្នក ដូច្នេះមានន័យថាគេអស់ចិត្តចំពោះអ្នកហើយ៕
ប្រភព៖: elitedaily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]