ស្នេហា៖ ការបែកបាក់រវាងគូស្នេហ៍ ជាបញ្ហាដែលកើតឡើងជាធម្មតាទៅហើយ ព្រោះគូស្នេហ៍ខ្លះមិនចុះសម្រុងគ្នារឿងនេះឬរឿងនោះ ឯខ្លះទៀត មានហេតុផលផ្សេងៗដែលឈានដល់ការបែកបាក់ដូចជាគ្រួសារមិនពេញចិត្ត ឬកត្តាការសិក្សាជាដើម។
យ៉ាងណាមិញ អ្នកមានធ្លាប់គិតចង់វិលទៅរកស្នេហ៍ចាស់វិញទេ? ធ្លាប់គិតចង់ឲ្យគេត្រឡប់មករកអ្នកវិញទេ? បើសិនជាអ្នកកំពុងស្វែងរកវិធីសាស្ត្រដើម្បីឲ្យស្នេហ៍ចាស់របស់អ្នកវិលត្រឡប់មករកអ្នកវិញ សូមអានវិធីទាំង៤ចំណុចដូចខាងក្រោម៖
១. កាត់ផ្ដាច់ទំនាក់ទំនងពីគេទាំងអស់
បែកគ្នាហើយ អ្នកកុំព្យាយាមទាក់ទងទៅគេទៀត ឬទៅបង្ហាញខ្លួនឲ្យគេឃើញ។ ដើម្បីបានគេមកវិញ អ្នកត្រូវធ្វើឲ្យគេនឹកអ្នកជាមុនសិន ដោយការកាត់ផ្ដាច់ការទាក់ទងគ្រប់យ៉ាងមិនថានៅលើបណ្ដាញសង្គម ឬនៅខាងក្រៅទេ។ បើគេជាអ្នកសុំបែកអ្នកមុនទៀត អ្នករឹតតែត្រូវកាត់ផ្ដាច់ទំនាក់ទំនងជាមួយគេ ព្រោះមនុស្សប្រុសខ្លះទាល់តែអ្នកបង្ហាញថាអ្នកបានចាកចេញពីជីវិតគេមែនទែនទើបគេព្យាយាមស្វះស្វែងត្រឡប់មករកអ្នកវិញ។
២. មិនត្រូវទៅអង្វរគេឲ្យមករកអ្នកវិញដាច់ខាត
ជាទូទៅ ទាំងមនុស្សស្រីនិងមនុស្សប្រុសគិតថា ដើម្បីឲ្យអតីតគូស្នេហ៍វិលត្រឡប់មករកគេវិញ គឺត្រូវតែទៅសុំអង្វរ ឲ្យគេវិលមករកអ្នក ដែលចំណុចត្រង់នេះជាកំហុសដ៏ធំមួយ។ ការសុំអង្វរគេ បង្ហាញឲ្យគេដឹងថា អ្នកកំពុងរស់នៅដោយអត់គេមិនបាន ហើយគេអាចនឹងធ្វើបាបចិត្តអ្នកនាថ្ងៃមុខ ដោយសារគិតថា គ្មានផ្លូវដែលអ្នកអាចចាកចេញពីគេបានទេ។ អ្នកត្រូវរក្សាភាពស្ងៀមស្ងាត់ សង្កត់ចិត្តខ្លួនឯងកុំឲ្យទាក់ទងទៅគេ និងបង្ហាញចេញថាអ្នកអាចរស់នៅបានយ៉ាងស្រួលដោយគ្មានគេ។ អ្នកមិនត្រូវទៅបង្ហាញក្ដីស្រលាញ់ដាក់គេ តាមយកចិត្តយកថ្លើមគេនោះទេ។
៣. ធ្វើឲ្យខ្លួនឯងរឹងមាំ
អំឡុងពេលដែលអ្នកបែកពីគេ និងកាត់ផ្ដាច់ការទាក់ទងពីគេ អ្នកត្រូវចំណាយពេលនោះកសាងខ្លួនឯងឲ្យក្លាយជាមនុស្សរឹងមាំ និងធ្វើអីដែលខ្លួនសប្បាយចិត្ត។ សូមកុំព្យាយាមគិតពីគេឬតាមដានជីវិតរបស់គេ ព្រោះនោះកាន់តែធ្វើឲ្យអ្នកមើលទៅដូចជារស់នៅខ្វះគេមិនបាន។
៤. វិធីក្នុងការចូលទៅរកគេម្ដងទៀត ឬទាក់ទងជាមួយគេពេលគេទាក់ទងមកអ្នកវិញ
ក្នុងករណីដែលអតីតគូស្នេហ៍របស់អ្នក បានទាក់ទងមកអ្នកក្រោយបែកគ្នា អ្នកត្រូវធ្វើខ្លួនឲ្យធម្មតា កុំបង្ហាញក្ដីរំភើបឬត្រេកអរ។ បើសិនគេផ្ញើសារមកអ្នក សូមផ្ញើសារទៅគេខ្លីៗធម្មតាដូចជាមនុស្សធ្លាប់ស្គាល់គ្នា ឬបើសិនគេទូរស័ព្ទមករកអ្នក អ្នកត្រូវនិយាយដោយប្រើប្រាស់ភាសាធម្មតា ដូចនិយាយជាមួយអ្នកដទៃ។ ការធ្វើបែបនេះ ធ្វើឲ្យអតីតគូស្នេហ៍របស់អ្នកកាន់តែចង់វិលរកអ្នក ព្រោះគេប្រាកដចិត្តថាអ្នកបានបោះបង់គេហើយ។ គន្លឹះសំខាន់នៃការចង់ឲ្យអតីតគូស្នេហ៍វិលរកអ្នកវិញ គឺធ្វើខ្លួនឲ្យរឹងមាំនិងឈរលើគោលជំហរខ្លួនឯង ជាពិសេសនោះគឺអ្នកត្រូវផ្ដល់តម្លៃឲ្យខ្លួនឯង ព្រោះបើមិនដូច្នេះទេ ដៃគូរបស់អ្នកនឹងមើលងាយតម្លៃរបស់អ្នក៕
ប្រភព៖: vixendaily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]