សុខភាព៖ នៅពេលអ្នកមានបុត្រាបុត្រី អ្នកតែងតែចង់ចិញ្ចឹមពួកគេឲ្យបានល្អ ឲ្យរាងកាយពួកគេទទួលបានវីតាមីននិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដូចជាចង់ឲ្យពួកគេញ៉ាំបន្លែឲ្យច្រើន ប៉ុន្តែកុមារខ្លះមិនចូលចិត្តញ៉ាំបន្លែទេ ឬតែងតែគេចវេះមិនព្រមញ៉ាំ។
កុមារខ្លះក៏មិនចូលចិត្តសោះតែម្ដង ឲ្យតែឃើញបន្លែខៀវគឺយំឡូឡារករឿង ធ្វើឲ្យអ្នកម្ដាយលោកឪពុកខ្លះ ចង់រកវិធីសាស្ត្រដើម្បីឲ្យកូនៗពួកគេងាកមកញ៉ាំបន្លែ។
ខាងក្រោមនេះជាវិធីសាស្ត្រជួយឲ្យកូនអ្នកញ៉ាំបន្លែ៖
១. ឲ្យពួកគេឃើញបន្លែជារឿយៗ
បើសិនជាអ្នកបញ្ចុកបន្លែដល់កូនអ្នកម្ដងជាពីរដង តែពួកគេស្រែកថាមិនចង់ញ៉ាំទេ អ្នកជាឪពុកម្ដាយខ្លះតែងតែឈប់បញ្ចុកបន្លែដល់ពួកគេទៀត។ ប៉ុន្តែចំណុចនេះ អ្នកត្រូវធ្វើផ្ទុយវិញ គឺឲ្យពួកគេឃើញបន្លែឲ្យបានញឹកញាប់ និងព្យាយាមបញ្ចុកព្យាយាមឲ្យពួកគេញ៉ាំ តែម្ដងនេះ បញ្ចុកពួកគេក្នុងបរិមាណតិចជាងមុន ព្រោះនាពេលណាមួយ គេគង់តែនឹងចង់ញ៉ាំ។ បើសិនជាគេមិនចូលចិត្តស្ងោរបន្លែទេ ត្រូវផ្លាស់ប្ដូរមកជាឆាបន្លែវិញ ឬបន្លែកិនជាទឹកក្រឡុក ដាក់ស្ករបន្តិចឲ្យមានជាតិផ្អែមនោះពួកគេប្រាកដជាចង់សាកល្បងញ៉ាំ។
២. នាំពួកគេទៅទិញបន្លែនិង គ្រឿងទេស និងឲ្យពួកគេជួយរៀបចំក្នុងផ្ទះបាយ
អ្នកគួរតែយកកូនៗរបស់អ្នកទៅដើរផ្សារ ទិញបន្លែឬគ្រឿងទេស និងណែនាំពួកគេពីប្រភេទបន្លែ ដើម្បីឲ្យពួកគេបានស៊ាំបានស្គាល់ច្រើន។ អ្នកត្រូវព្យាយាមប្រាប់រសជាតិបន្លែនីមួយៗដល់ពួកគេ ហើយពេលមកដល់ផ្ទះវិញ ឲ្យពួកគេជួយរើបន្លែដាក់ក្នុងទូទឹកកក ឬធ្នើសម្រាប់ទុកដាក់ជាដើម។
៣. បន្ថែមបន្លែក្នុងអាហារពួកគេចូលចិត្ត
បើសិនពួកគេចូលចិត្តមុខម្ហូបណាមួយខ្លាំង លើកក្រោយពេលធ្វើអាហារនោះឲ្យពួកគេ អ្នកគួរតែបន្ថែមបន្លែមួយពីរក្នុងចាននោះ។
៤. ធ្វើម៉េចឲ្យអាហាររបស់ពួកគេមានពណ៌ភ្លឺឆើត និងរូបរាងស្អាត
បើសិនកូនៗរបស់អ្នកមិនចង់ញ៉ាំការ៉ុតទេ សាកល្បងប្ដូររូបរាងការ៉ុតនោះជារូបផ្សេងៗ ដូចជារូបផ្កាយជាដើម ហើយរាល់ពេលញ៉ាំអាហារ ព្យាយាមចំអិនអាហារណាមានពណ៌ឆើត ហើយចានទៀតក៏ត្រូវតែរើសយកចានណាមានពណ៌ឆើតមានរូបតុក្កតាដែលពួកគេចូលចិត្តដើម្បីធ្វើឲ្យអារម្មណ៍ពួកគេសប្បាយរីករាយ៕
ប្រភព៖: healthline
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]