ស្នេហា៖ ទំនាក់ទំនងគូស្នេហ៍នីមួយៗ គឺខុសៗពីគ្នា គូស្នេហ៍ខ្លះទាក់ទងគ្នាបានបន្តិចក៏ឈានដល់ការរៀបការចូលរោងជ័យ ខ្លះទៀតទាក់ទងគ្នាយូរហើយតែគេមិនទាន់សុំរៀបការសោះ ឯខ្លះទៀតទាក់ទងគ្នាសុខៗ ស្រាប់តែមកប្រាប់ថា សុំរក្សាគម្លាតពីគ្នាមួយរយៈសិន តែមិនទាន់បែកគ្នាទេ។

ចំណុចចុងក្រោយនេះមានន័យថាយ៉ាងម៉េច? រក្សាគម្លាតតែមិនបែកគ្នា? ចម្លើយគឺ នៅពេលដែលគូស្នេហ៍អ្នក ស្រាប់តែសុំរក្សាគម្លាតពីអ្នកមួយរយៈគឺអាចមកពីពួកគេកំពុងចួបរឿងតប់ប្រមល់ក្នុងជីវិត, អាចនឹងហត់នឿយនឹងទំនាក់ទំនងនេះ, អាចនឹងមានបញ្ហាគ្រួសារ ឬវិបត្តិការងារជាដើម ហើយពេលខ្លះទៀតគេចង់ចែកផ្លូវជាមួយអ្នកតែម្ដងតែមិនហ៊ាននិយាយពេលនេះ...។

យ៉ាងណាមិញ តើអ្នកត្រូវធ្វើយ៉ាងម៉េចបើសិនស្រលាញ់គេសុខៗ គេមកប្រាប់អ្នកថាសុំរក្សាគម្លាតសិន? ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗ៖
១. រកហេតុផលដែលធ្វើឲ្យគេចង់រក្សាគម្លាតពីអ្នក
ដៃគូខ្លះ គ្រាន់តែប្រាប់យើងថាសុំរក្សាគម្លាតពីគ្នាមួយរយៈ តែមិនបានបញ្ជាក់ហេតុផលទេ ដែលបែបនោះធ្វើឲ្យយើងមានការងឿងឆ្ងល់ និងចង់ដឹងហេតុផលរហូតនៅមិនសុខ គេងមិនលក់ បក់មិនល្ហើយ ឬអាចឈានដល់ការគិតច្រើនជាដើម។ អ្វីដែលល្អបំផុតគឺស្វែងរកហេតុផលអីនាំឲ្យគេរក្សាគម្លាត។ តែបើសិនគេផ្ដល់ហេតុផលមកអ្នកថា គេចង់រក្សាគម្លាតព្រោះមិនច្បាស់ពីអារម្មណ៍គេចំពោះអ្នក សូមប្រាប់គេត្រង់ៗថា អ្នកមិនសមនឹងមានដៃគូដែលមិនច្បាស់នឹងអ្នកទេ។ ការដឹងពីហេតុផលច្បាស់លាស់ ជួយឲ្យអ្នកអាចសម្រេចចិត្តថា ដោះលែងគេ ឬរង់ចាំគេត្រលប់មកវិញ។ ២. ពិភាក្សារកដំណោះស្រាយផ្សេងជាមួយគេ
បើសិនជាគេចង់រក្សាគម្លាតពីអ្នក ដោយសារតែកត្តាគ្រួសារ ឬវិបត្តិការងារ និងវិបត្តិផ្លូវចិត្តផ្សេងៗ ដែលមិនទាក់ទងនឹងអារម្មណ៍គេចំពោះអ្នក គឺអ្នកត្រូវបើកចិត្តពិភាក្សាជាមួយគេ ថាគេអាចសាកល្បងគិតឡើងវិញ និងរកដំណោះស្រាយណាផ្សេងៗ។ បើសិនជាគេប្រាប់អ្នកថា គេចង់រក្សាគម្លាតព្រោះអ្នកនិងគេតែងតែរករឿងឈ្លោះគ្នា គឺអ្នកទាំងពីរត្រូវតែស្វែងរកដំណោះស្រាយមួយ ឬកែប្រែចរិតរៀងខ្លួន។ គ្រប់បញ្ហាទាំងអស់តែងតែមានដំណោះស្រាយបើសិនយើងចេះនិយាយចេះពិភាក្សាគ្នា។
៣. ក្នុងករណីព្យាយាមដោះស្រាយជាមួយគេហើយ គេនៅតែចង់រក្សាគម្លាត ចូរដោះលែងឲ្យគេទៅចុះ
បើចិត្តគេចង់ទៅហើយ ដោះលែងឲ្យគេទៅចុះ ព្រោះអ្នកបានព្យាយាមដោះស្រាយជាមួយគេហើយ ប៉ុន្តែគេនៅតែចង់រក្សាគម្លាត។ កុំព្យាយាមសុំអង្វរគេឲ្យគេប្ដូរចិត្តអី។

៤. មុនពេលរក្សាគម្លាត ត្រូវជជែកគ្នាសិនថាអ្នកនិងគូស្នេហ៍កំណត់ព្រំដែននិងមានសិទ្ធិធ្វើអីខ្លះ
ការរក្សាគម្លាត គឺប្រៀបដូចអ្នកទាំងពីរទុកពេលឲ្យគ្នានឹងគ្នាមានសេរីភាពអ៊ីចឹង ប៉ុន្តែអ្នកត្រូវប្រាកដចិត្តថា អំឡុងពេលរក្សាគម្លាតនោះ តើដៃគូអ្នកនិងអ្នក អាចមានសិទ្ធិទាក់ទងមើលចិត្តអ្នកដទៃបានឬយ៉ាងណា? តើដៃគូអ្នកនិងអ្នក អាចមានទំនាក់ទំនងផ្លូវការជាមួយមនុស្សដទៃបានឬអត់? តើការរក្សាគម្លាតនេះមានរយៈពេលប៉ុន្មាន? ហើយបើសិនអស់ពីរយៈពេលដែលកំណត់នេះទៅ អ្នកនឹងដើរចេញដោយមិនចាំបាច់សួរនាំឬគេយ៉ាងណា?
៥. រក្សាគម្លាតពីគេដែរ
ក្នុងចំណុចនេះ អំឡុងពេលគេរក្សាគម្លាតពីអ្នក អ្នកត្រូវតែកុំទាក់ទងទៅគេ កុំព្យាយាមឲ្យគេឃើញមុខអ្នក និងត្រូវផ្ដល់សេរីភាពឲ្យគេយ៉ាងពេញទំហឹង។ អ្នកមិនត្រូវប្រឹងជ្រែកខ្លួនអ្នកចូលទៅក្នុងជីវិតគេទេ ដែលនោះគឺប្រៀបដូចការផ្ដល់តម្លៃឲ្យខ្លួនឯង។

៦. ឈប់បន្ទោសខ្លួនឯង
អ្នកត្រូវដឹងថា វាមិនមែនជាកំហុសអ្នកទេដែល ដៃគូរបស់អ្នកសុំរក្សាគម្លាតពីអ្នក ដោយគ្រប់យ៉ាងគឺកើតចេញពីជម្រើសរបស់គេផ្ទាល់។ អ្នកមិនត្រូវប្រកាន់ចិត្តខឹងស្អប់បន្ទោសខ្លួនឯងទេ អ្នកត្រូវគិតថា អ្នកបានព្យាយាមរកដំណោះស្រាយជាមួយគេរួចរាល់អស់ហើយ ដូច្នេះក្នុងរឿងនេះ អ្នកមិនខុសឡើយ។
៧. ធ្វើខ្លួនឲ្យរវល់ និងផ្ដោតសំខាន់លើអ្វីដែលអ្នកស្រលាញ់
ត្រូវចាំថា គ្មានអ្នកណាអាចស្រលាញ់អ្នកខ្លាំងដូចអ្នកស្រលាញ់ខ្លួនឯងទេ មិនថាអ្នកចួបរឿងទុក្ខសោកនិងក្រៀមក្រំប៉ុនណាក៏ដោយ អ្នកមិនអាចបោះបង់ខ្លួនឯងចោលដាច់ខាត។ អ្នកត្រូវរៀនចំណាយពេលវេលាជាមួយខ្លួនឯង សិក្សាពីខ្លួនឯង ទៅដើរលេង មើលកុន ទិញទំនិញឬធ្វើអីដែលខ្លួនឯងចូលចិត្ត។ អ្នកក៏ត្រូវធ្វើខ្លួនឲ្យរវល់ និងផ្ដោតសំខាន់តែលើការធ្វើឲ្យខ្លួនអ្នករីកចម្រើន ជាជាងការតាមដាន ឬនឹករលឹកគេ៕

ប្រភព៖: whattogetmy
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]