ស្នេហា៖ ជាធម្មតាទេដែល គូស្នេហ៍ស្រលាញ់គ្នាល្អូកល្អឺន តែងតែចង់ចាប់ដៃគ្នាកសាងគ្រួសារ ដោយអ្នកខ្លះយល់ថាទាក់ទងគ្នាយូរមកហើយ ល្មមដល់ពេលគិតគូចូលរោងជ័យ ឯគូស្នេហ៍ខ្លះទៀតទើបតែបានចួបគ្នាមែនតែមានអារម្មណ៍ថា ម្នាក់នេះហើយជាមនុស្សចុងក្រោយ មនុស្សដែលអ្នកជ្រើសរើសជាគូជីវិត។
យ៉ាងណាមិញ ពេលខ្លះអ្នកចង់រៀបការណាស់ តែភាគីខាងប្រុសដូចជាមិនទាន់មានគម្រោងចង់សុំអ្នករៀបការសោះ ដូច្នេះអ្នកអាចសាកល្បងប្រើប្រាស់វិធីសាស្ត្រអស់ទាំងនេះបាន៖
១.និយាយពីផែនការអនាគត
ដើម្បីឲ្យតម្រុយថាអ្នកចង់រៀបការជាមួយគេ គឺទាល់តែអ្នកត្រូវបង្ហើបពីផែនការអនាគតដល់គេសិន ដើម្បីឲ្យគេដឹងថា អ្នកគិតគូលើរឿងអនាគតជាមួយគេ។ អ្នកអាចបង្ហើបពីម៉ូតផ្ទះដែលអ្នកចង់បាន , សាលាណាដែលអ្នកចង់ឲ្យកូនអ្នកចង់ទៅរៀន ឬទាក់ទងនឹងកត្តាហិរញ្ញវត្ថុ។ អ្នកក៏អាចបង្ហើបប្រាប់គេថាអ្នកចង់មានថ្ងៃអាចស្លៀកឈុតកូនក្រមុំស្អាតៗផងដែរ។
២. និយាយពីទំនាក់ទំនងរវាងអ្នកនិងគេ
អ្នកត្រូវឧស្សាហ៍និយាយថាអ្នកពិតជារីករាយណាស់ អ្នកពិតជាកក់ក្ដៅណាស់ ពេលនៅជាមួយគេ ហើយអ្នកមានអារម្មណ៍ថាគេជាបុរសល្អ អាចពឹងពាក់ អាចផ្ញើជីវិតទៅលើបាន។ អ្នកអាចសាកល្បងបង្ហើបពីក្ដីស្រមៃពួកគេរស់នៅជាមួយគ្នានាពេលអនាគត។
៣. បង្ហើបឲ្យគេដឹងថា អ្នកនឹងនិយាយថា "ខ្ញុំយល់ព្រម"
ជួនកាល គូស្នេហ៍របស់អ្នកមិនទាន់ចង់សុំអ្នករៀបការ ព្រោះលួចគិតថាគេមិនទាន់ល្អគ្រប់គ្រាន់ មិនទាន់មានលំនឹងគ្រប់គ្រាន់ ទើបខ្លាចសុំទៅ ត្រូវអ្នកបដិសេធ ដូច្នេះអ្វីដែលអ្នកគួរធ្វើគឺត្រូវបង្ហើបៗថា បើគេសុំអ្នករៀបការមែន អ្នកនឹងឆ្លើយយល់ព្រមភ្លាម មិនស្ទាក់ស្ទើរទេ។
៤. រក្សាទំនាក់ទំនងឲ្យផ្អែមល្ហែមដូចគ្រាដំបូង
ដើម្បីឲ្យបុរសម្នាក់ជ្រើសរើសយើងជាគូជីវិត នារីយើងត្រូវរក្សាចរិតឫកពាដូចកាលពីទាក់ទងគ្នាដំបូង ធ្លាប់ធ្វើបែបណាដាក់គេគឺនៅតែបន្តធ្វើបែបហ្នឹង។ អ្នកត្រូវរក្សាទំនាក់ទំនងឲ្យបានល្អ ទៅដើរលេង មើលកុន ជាមួយគ្នាដូចកាលពីមុន។ អ្នកត្រូវបង្ហាញចេញថាគេសំខាន់ចំពោះអ្នក។
៥. ចាប់ផ្ដើមនិយាយពីគ្រឿងអលង្ការ និងការរៀបចំពិធីអាពាហ៍ពិពាហ៍
ឥឡូវនេះគូស្នេហ៍ជាច្រើននិយមទាក់ទងគ្នាតាម Facebook ដែលជាបណ្ដាញសង្គមមួយដ៏ល្បីល្បាញ ដូច្នេះអ្នកអាចឲ្យតម្រុយគេដោយ Share (ចែករំលែក) ការបង្ហោះទាក់ទងនឹង ការរៀបចំពិធីអាពាហ៍ពិពាហ៍, ម៉ូតចិញ្ចៀន, ទីតាំងរៀបចំពិធី, សំលៀកបំពាក់ក្នុងពិធី... ជាដើម។
៦. សុំឲ្យមិត្តភក្តិជួយជ្រោមជ្រែង
បើសិនជាអ្នកស្គាល់មិត្តភក្តិរបស់គេបែបស្និទ្ធស្នាលដែរ អ្នកអាចសាកល្បងនិយាយត្រង់ៗជាមួយមិត្តភក្តិគេ ដើម្បីឲ្យគេជួយបង្ហើបដល់ដៃគូរបស់អ្នក ទាក់ទងនឹងរឿងរៀបការ តែអ្នកត្រូវប្រុងប្រយ័ត្នមុនពេលនិយាយ ព្រោះមិត្តខ្លះអាចនាំទុក្ខមកដល់ទំនាក់ទំនងរបស់អ្នកទាំងពីរ។
៧. ទៅដើរលេងជាមួយគ្នា
បើអ្នកនិងគូស្នេហ៍មានពេលវេលាត្រូវគ្នា អ្នកទាំងពីរអាចនឹងទៅដើរលេងជាមួយគ្នា នៅទីណាមួយដ៏រ៉ូមេនទិកដូចជាឆ្នេរសមុទ្រ ព្រោះជួនកាលបរិយាកាសបែបនេះ អាចជាគ្រឿងជម្រុញទឹកចិត្តដល់បុរសឲ្យសុំគូស្នេហ៍ពួកគេរៀបការ៕
ប្រភព៖: estatediamondjewelry
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]