ស្នេហា៖ ទំនាក់ទំនងគូស្នេហ៍ តែងតែមានឡើងមានចុះ គូស្នេហ៍ខ្លះស្រលាញ់គ្នាបានយូរ គូស្នេហ៍ខ្លះទៀតក៏ឈានដល់ការបែកបាក់ដោយសារកត្តាជាច្រើនយ៉ាង។ ការបែកបាក់ជារឿងដែលកើតឡើងជាធម្មតាទេក្នុងទំនាក់ទំនងគូស្នេហ៍ ហើយជាទូទៅបន្ទាប់ពីបែកបាក់គ្នា ម្នាក់ៗសុទ្ធតែឆ្លងកាត់ពេលវេលាមួយដ៏លំបាកគឺការកាត់ចិត្តពីអតីតដៃគូ។
យ៉ាងណាមិញ ធ្លាប់ចង់ដឹងទេថាអ្នកកាត់ចិត្តពីគេដាច់ឬនៅ? បើសិនជាអ្នកអាចធ្វើរឿងខាងក្រោមនេះបាន មានន័យថាអ្នកបានកាត់ចិត្តពីស្នេហ៍ចាស់ហើយ៖
១. អ្នកទៅដើរលេងជាមួយមិត្តៗរបស់គេដូចធម្មតា
កាលទាក់ទងគ្នាជាគូស្នេហ៍ អ្នកនិងអតីតដៃគូរបស់អ្នកអាចនឹងបង្កើតមិត្តៗបានជាច្រើន ឬអ្នកស្គាល់មនុស្សថ្មីៗតាមរយៈដៃគូរបស់អ្នក។ បើសិនជាបែកគ្នាហើយ អ្នកអាចចេញទៅដើរលេងឬទាក់ទងជាមួយមិត្តរបស់អតីតដៃគូរបស់អ្នកដូចធម្មតានោះ គឺបញ្ជាក់ថាអ្នកគ្មានសល់ក្ដីស្រលាញ់ឲ្យអតីតដៃគូអ្នកទៀតនោះទេ។
២. អ្នកចាប់ផ្ដើមនឹកការមានស្នេហា (ប៉ុន្តែមិនមែនជាមួយអតីតដៃគូរបស់អ្នកទេ)
ការមានស្នេហាគឺស្រស់បំព្រងណាស់ ហើយអ្នកធ្លាប់ឆ្លងកាត់អារម្មណ៍បែបនោះដែរ។ បើសិនជា អ្នកគិតចង់ចាប់ផ្ដើមស្នេហាជាមួយនរណាម្នាក់ថ្មី តែមិនមែនអតីតដៃគូរបស់អ្នកគឺមានន័យថាអ្នកកាត់ចិត្តបានហើយ។
៣.អ្នកគិតវិជ្ជមាន និងរីករាយជានិច្ច
អ្នកតែងតែញញិម សប្បាយចិត្តខ្លាំង និងគិតអ្វីវិជ្ជមាន និងសម្លឹងឃើញគ្រប់យ៉ាងជុំវិញខ្លួនក្នុងលក្ខណៈវិជ្ជមាន មិនសូវឆាប់ខឹង និងមានអារម្មណ៍ដូចខ្លួនឯងពិតជាមានក្ដីសុខដោយមិនបាច់ពឹងពាក់នរណាម្នាក់។
៤. អ្នកចេះរិះរកហេតុផលនិងវិភាគពីទំនាក់ទំនងចាស់
ក្នុងន័យនេះ មានន័យថា អ្នកបានធ្វើការវិភាគពីសម្ព័ន្ធភាពជាមួយអតីតដៃគូរបស់អ្នក ថាហេតុអីបានជាឈានដល់ផ្លូវបំបែក ហើយចាប់ផ្ដើមស្វែងរកហេតុផលដែលអ្នកមិនអាចបន្តត្រឡប់ក្រោយទៅរកគេវិញ។
៥. លែងតាមដានបណ្ដាញសង្គមរបស់គេ
ជាធម្មតា នៅពេលអ្នកមិនទាន់កាត់ចិត្តដាច់ អ្នកតែងតែព្យាយាមតាមដានបណ្ដាញសង្គមរបស់គេ ចង់ដឹងចង់ឮពីជីវិតគេណាស់ ចង់ដឹងថាគេមានដៃគូថ្មីឬនៅ ហើយតើគេមានក្ដីសុខដែរឬទេក្រោយបែកពីអ្នក? ប៉ុន្តែបើសិនឥលូវនេះអ្នកមិនបានធ្វើរឿងអស់ទាំងនេះទៀតទេគឺមានន័យថាអ្នកកាត់ចិត្តពីគេបានហើយ។
៦. លែងយករឿងរបស់គេទៅពិភាក្សាជាមួយមិត្តភក្ដិ
កាលណាយើងនៅស្រលាញ់គេ យើងប្រាកដជាព្យាយាមនិយាយពីគេប្រាប់អ្នកជុំវិញខ្លួន និងនិយាយពីទំនាក់ទំនងរវាងអ្នកនិងគេប្រាប់ទៅមិត្តភក្តិជារឿយៗ ប៉ុន្តែបើអ្នកលែងលើកយករឿងរបស់គេមកជជែកមកវែកញែក គឺមានន័យថាអ្នកលែងខ្វល់ពីគេហើយ។
៧. អ្នកគ្មានគម្រោងចង់ត្រឡប់ទៅរកគេវិញទេ
ពេលខ្លះ គូស្នេហ៍ដែលបែកបាក់គ្នាព្យាយាមផ្សាភ្ជាប់ទំនាក់ទំនងឡើងវិញ ប៉ុន្តែត្រង់ចំណុចនេះ អ្នកបែរជាគិតថាឲ្យវាកន្លងហួសទៅចុះ អ្នកចង់ចាប់ផ្ដើមស្នេហ៍ថ្មីជាមួយអ្នកថ្មី ហើយអ្នកមិនចង់ត្រឡប់ទៅអានសៀវភៅចាស់នោះទៀតទេ។
៨. អ្នកមានអារម្មណ៍ថាស្កប់ស្កល់ខ្លាំង
មនុស្សនៅពេលសប្បាយរីករាយនឹងជីវិតខ្លួនឯង គឺតែងតែមានអារម្មណ៍ថាស្កប់ស្កល់ មានសន្តិ មិនចង់ទាមទារនេះឬនោះទៀតឡើយ។ អ្នកពេញចិត្តនឹងការរស់នៅរបស់ខ្លួនឯង អ្នកលែងមានភាពស្មុគស្មាញ ហើយលែងខ្វល់ថាគេរស់នៅរបៀបណាក្រោយបែកពីអ្នក។
៩. អ្នកក្លាយជាខ្លួនឯងកាលពីមុនម្ដងទៀត
ការបែកបាក់ បានធ្វើឲ្យសភាពផ្លូវចិត្តរបស់អ្នកប៉ះទង្គិចខ្លាំងណាស់ គឺអ្នកធ្លាប់ឈឺចាប់ខ្លាំង ធ្លាប់យំរាល់ថ្ងៃ ធ្លាប់គិតថាពិភពលោកនេះខ្មៅងងឹតសម្រាប់អ្នកខ្លាំងណាស់ ហើយចរិតរបស់អ្នកផ្លាស់ប្ដូរមិនដូចកាលពីមុន។ យ៉ាងណាមិញ បើសិនអ្នកឃើញថាខ្លួនឯងបានវិលត្រឡប់មកជានារីស្រស់ស្រាយ ពូកែនិយាយ ពូកែលេងសើច... ដូចខ្លួនអ្នកកាលពីមុន សូមទុកចិត្តចុះ! អ្នកអាចកាត់ចិត្តពីគេបានហើយ!
ប្រភព៖: bustle
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]