ស្នេហា៖ មិនថាបុរសឬនារីទេ គឺសុទ្ធតែមានដៃគូក្នុងក្ដីស្រមៃដែលអ្នកចង់យកជាគូអនាគតនាពេលខាងមុខ។ ការមានបុរសឬនារីក្នុងក្ដីស្រមៃ គឺជារឿងធម្មតាទេ ព្រោះអ្នកស្គាល់ពីតម្លៃខ្លួនឯង និងដឹងថាបុរសឬនារីម្នាក់ណាដែលស័ក្តិសមឲ្យអ្នកចំណាយពេលពេញមួយជីវិតជាមួយ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការមានបុរសឬនារីក្នុងក្ដីស្រមៃ មិនបានធ្វើឲ្យអ្នកក្លាយជាមនុស្សរវើរវាយទេ។​ ដោយឡែក បើងាកមកនិយាយពីនារីវិញ គឺតែងតែចង់បានអនាគតស្វាមីម្នាក់ដែលស្មោះត្រង់នឹងនាង ស្រលាញ់នាង យកចិត្តទុកដាក់មើលថែនាង ដោយសារស្ត្រីជាភេទដែលឆាប់មានអារម្មណ៍ទន់ជ្រាយ។ ថ្ងៃនេះយើងនឹងលម្អិតពីលក្ខណៈសម្បត្តិបុរសទាំង១០យ៉ាង ដែលនារីចង់យកធ្វើជាស្វាមី៖

១. ត្រូវធាតុជាមួយគេ

មុននឹងជ្រើសរើសយកដៃគូជីវិត នារីតែងតែចង់បានបុរសជាស្វាមីឲ្យមានអ្វីជាច្រើនយ៉ាងដូចនឹងនាង អាចនិយាយអាចពិភាក្សាជាមួយនាងបានគ្រប់រឿង អាចយល់ចិត្តនាងខ្លាំងមិនថាពេលនាងខឹងឬនាងមិនខឹង។ សរុបមក នាងចង់បានបុរសដែលមិនចាំបាច់ទាល់តែនាងប្រាប់ចំៗទើបដឹងទេ បុរសខ្លះគ្រាន់តែក្រឡេកមើលដៃគូក៏យល់ហើយថានាងចង់បានអី នាងមានអារម្មណ៍បែបណា។ ការរស់នៅជាមួយគ្នាជាស្វាមីភរិយា គឺទាល់តែភាគីទាំងពីរយល់ពីគ្នាខ្លាំងទើបជោគជ័យ។​

២. មានលំនឹងផ្នែកហិរញ្ញវត្ថុ និងផ្នែកអារម្មណ៍

នារីមិនចង់បានបុរសឆេវឆាវ មានអារម្មណ៍ឡើងចុះ ម្ដងអាក្រក់ម្ដងល្អមកធ្វើជាស្វាមីទេ ព្រោះថ្ងៃអនាគតទៅ ពេលមានរឿងត្រូវប្រឈមជាមួយគ្នា គឺគេអាចនឹងឆេវឆាវដាក់នាង។ នាងចង់បានបុរសដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង ចិត្តត្រជាក់ មិនងាយខឹង និងមានហេតុផលជានិច្ច។​ ចំណុចសំខាន់មួយទៀតគឺចង់បាន បុរសដែលមានស្ថេរភាពផ្នែកហិរញ្ញវត្ថុ មិនមែនរកព្រឹកខ្វះល្ងាចនិងមានបំណុលជុំទិសទេ ព្រោះការប្រើប្រាស់គូជីវិតត្រូវការចំណាយច្រើន ហើយបើសិនជាអ្នកទាំងពីរមានបុត្រាបុត្រីទៀតគឺរឹតតែត្រូវចំណាយច្រើន។​

រូបភាព

៣. ចាត់ទុកនាងស្មើនឹងខ្លួនឯង

នេះជាសតវត្សរ៍ទី២១ហើយ ដែលបុរសនិងស្ត្រីមានសិទ្ធិស្មើគ្នា ដោយនារីៗជំនាន់នេះមិនចង់បានបុរសណាមកគ្រប់គ្រងនាងរហូតទេ។ នាងចង់បានបុរសដែលឲ្យតម្លៃនាង ឲ្យសិទ្ធិនាងនៅក្នុងគ្រួសារស្មើភាពនឹងគេ។ នាងចង់បានបុរសដែលគាំទ្រការសម្រេចចិត្តរបស់នាង ស្ដាប់យោបល់និងការបញ្ចេញមតិរបស់នាង។​

៤​. ការពារនាង

មិនថានាងជាមនុស្សស្រីឯករាជ្យនិងរឹងមាំប៉ុណ្ណាទេ នារីតែងតែចង់បានបុរសដែលការពារនាង ជាបុរសដែលធ្វើឲ្យនាងមានអារម្មណ៍ថាមានសុវត្ថិភាពពេលនៅជាមួយ ប៉ុន្តែក៏មិនដល់ថ្នាក់ចង់បានបុរសដែលហួងហែងនាងខ្លាំងពេកដែរ។​

៥. ទទួលយកនាងជានាង

គ្មានមនុស្សណាល្អឥតខ្ចោះទេក្នុងលោក អត្តចរិតផ្នែកខ្លះឬទម្លាប់ខ្លះ គឺអ្នកកែកុនមិនបានទេ ដូច្នេះនារីចង់បានបុរសដែលអាចទទួលយកនាងដែលជានាង អាចទទួលយកទាំងចំណុចអាក្រក់និងចំណុចល្អរបស់នាង និងមិនព្យាយាមកែប្រែនាងតាមអ្វីដែលខ្លួនចង់បាន។

រូបភាព

៦. មានការគោរព និងឲ្យតម្លៃនាង

នារីមិនចង់បានបុរស ក្អេងក្អាង, ឈ្លើយ និងមិនចេះគោរពនាងនិងមនុស្សជុំវិញខ្លួននោះឡើយ។ កុំភ្លេចឲ្យសោះថា អនាគតកូនៗរបស់អ្នកសុទ្ធតែរៀនសូត្រតាមឪពុកម្ដាយ ដូច្នេះបើនារីយកបុរសប្រភេទនេះជាស្វាមីនោះ កូនៗក៏អាចនឹងកាត់ចរិតបែបនេះតាមឪពុកដែរ។

៧. អាចពឹងពាក់បាន

នារីត្រូវការបុរសដែលអាចពឹងពាក់បាន ជាបុរសដែលមានទំនួលខុសត្រូវខ្ពស់ មិនដែលសន្យាខ្យល់ និងមិនធ្វើអីតាមតែចិត្តខ្លួនឯង។ បុរសដែលនាងអាចផ្ដេកក្បាលលើស្មាពេលចួបរឿងទុក្ខសោក ឬក្រៀមក្រំ។ បុរសដែលដើរតួជាទីប្រឹក្សាដ៏ល្អរបស់នាង។​

រូបភាព

៨. មានភាពស្មោះត្រង់ និងគួរឲ្យទុកចិត្តបាន

តើរៀបការមានន័យអ្វី បើស្វាមីអ្នកមិនស្មោះត្រង់នឹងអ្នក? នារីចង់បានបុរសដែលស្មោះត្រង់ ចិត្តមួយថ្លើមមួយជាមួយនាង មិនដែលទៅរញ៉េរញ៉ៃនឹងស្រីដទៃ មិនដែលលួចមានស្រីខាងក្រៅ មិនដែលសរសើរស្រីផ្សេងថាស្អាតជាងភរិយា... ។ នារីចង់បានបុរសដែលស្រលាញ់នាងដោយគ្មានលក្ខខណ្ឌ និងមិនទាមទារលែងលះដោយសារតែរឿងតិចតួច។​ នាងក៏ត្រូវការបុរសគួរឲ្យទុកចិត្តបានផងដែរ ដូច្នេះពេលអ្នកចេញទៅខាងក្រៅម្ដងៗ នាងមិនចាំបាច់អង្គុយគិតថាអ្នកលួចទៅមានស្រី លួចទៅកៀកកើយបណ្ដើរនារីក្មេង ឬផឹកស៊ីចូលក្លឹបកម្សាន្តដោយកុហកនាងថាទៅធ្វើអីផ្សេងនោះឡើយ៕  

រូបភាព

ប្រភព៖: bridestory

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]