យល់ដឹង៖ សុរាជាគ្រឿងស្រវឹងដ៏ពេញនិយមមួយក្នុងស្រទាប់ប្រជាជនខ្មែរ មិនថាតែតាមពិធីជប់លៀង តាមក្លឹបកម្សាន្ត ឬតាមពិធីលាងភោជនាហារទេ គឺសុទ្ធសឹងតែមានបម្រើគ្រឿងស្រវឹង។
ពិតណាស់ ការពិសាគ្រឿងស្រវឹងមិនបានផ្ដល់ផលល្អចំពោះសុខភាពទេ ហើយក៏បណ្ដាលឲ្យអ្នកមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរជាពិសេសបើបើកបរទាំងស្ថានភាពស្រវឹង ក៏ប៉ុន្តែមានករណីខ្លះដែលអ្នកទទួលទានវាហួសកំណត់ និងចង់បន្សាបជាតិសុរាខ្លះៗជួយឲ្យអ្នកមានអារម្មណ៍ប្រសើរជាងមុន។
ការពិតទៅ បើយើងចង់បន្សាបគ្រឿងស្រវឹងចេញពីរាងកាយអស់តែម្ដងគឺវាមិនអាចទៅរួចទេព្រោះ ថ្លើមរបស់មនុស្សម្នាក់ៗត្រូវការប្រើពេលច្រោះជាតិសុរាចេញពីរាងកាយ។
ដោយឡែក ក៏មានវិធីសាស្ត្រខ្លះៗខាងក្រោមនេះ អាចជួយឲ្យអ្នករាងស្វាងជាងមុនផងដែរ៖
១. ទទួលទានកាហ្វេ
កាហ្វេមិនអាចជួយបន្សាបជាតិសុរាចេញពីរាងកាយអ្នកទេ តែអាចជួយឲ្យស្មារតីអ្នកនឹងនជាងមុន។ បើអ្នកមានអារម្មណ៍ថាខ្លួនឯងស្រវឹងខ្លាំង រហូតដល់ថ្នាក់ពិបាកក្នុងការផ្លាស់ទីគប្បីផឹកកាហ្វេឲ្យស្រឡះមុខជាងមុន។
២. ងូតទឹកត្រជាក់ៗ
ការងូតទឹកត្រជាក់ៗ អាចជួយឲ្យអ្នកមានស្មារតីត្រឡប់មកវិញ ប៉ុន្តែអ្នកខ្លះ មិនអាចងូតទឹកត្រជាក់បានទេ ដោយអាចនឹងសន្លប់ ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នឲ្យមែនទែនមុនសម្រេចចិត្តថាងូតទឹកត្រជាក់ៗ។
៣. ញ៉ាំនិងផឹកទឹក
អ្នកគួរញ៉ាំអាហារមុនពេល អំឡុងពេល និងក្រោយពេលទទួលទានគ្រឿងស្រវឹង ដែលវាធ្វើឲ្យជាតិសុរាមិនសូវជ្រាបចូលសរសៃឈាមលឿន។ ការផឹកទឹកក៏អាចជួយឲ្យអ្នករក្សាលំនឹងជាតិទឹកក្នុងខ្លួន និងកម្ចាត់ជាតិពុលពីក្នុងខ្លួនផងដែរ។
៤. គេង
ការគេងជារឿងចាំបាច់មួយ បើសិនជាអ្នកស្រវឹងជោកខ្លាំងពេកហើយវាក៏អាចជួសជុលរាងកាយរបស់អ្នកអំឡុងពេលអ្នកគេងផងដែរ និងថែមទាំងជួយឲ្យរាងកាយកម្ចាត់ជាតិសុរាចេញបានឆាប់រហ័សផងដែរ។
៥. ហាត់ប្រាណ
ការហាត់ប្រាណធ្វើឲ្យស្មារតីរបស់អ្នកស្វាងនិងនឹងនជាងមុន ប៉ុន្តែមិនទាន់មានភ័ស្តុតាងណាច្បាស់លាស់បញ្ជាក់ថា ការហាត់ប្រាណអាចជួយបន្សាបជាតិសុរាចេញពីរាងកាយបានយ៉ាងឆាប់រហ័សនោះឡើយ៕
ប្រភព៖: medicalnewstoday
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]