ស្នេហា៖ ចរិតរបស់មនុស្សម្នាក់ៗគឺខុសៗពីគ្នា ហើយបើនិយាយពីរឿងអតីតមិត្តប្រុសឬមិត្តស្រីវិញ គឺអ្នកខ្លះបែកគ្នាជាមួយគេហើយតែនៅនិយាយ នៅទាក់ទងជាមួយគេធម្មតា ខណៈអ្នកខ្លះទៀតក៏កាត់ផ្ដាច់ទំនាក់ទំនងតែម្ដង។យ៉ាងណាមិញ បើសិនជាអ្នកសង្កេតឃើញថាគូស្នេហ៍របស់អ្នកចេះតែនៅក្រវែលៗអតីតមិត្តប្រុសឬមិត្តស្រីរបស់គេ ទាំងដែលកំពុងទាក់ទងជាមួយអ្នក គឺអ្នកត្រូវមានវិធានការច្បាស់លាស់ចំពោះបញ្ហានេះ ដើម្បីចៀសវាងកុំឲ្យសម័្ពន្ធភាពរបស់អ្នកវិវត្តទៅរកភាពបែកបាក់៖

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ត្រូវស្វែងរកមូលហេតុធ្វើឲ្យគេនៅនិយាយជាមួយអតីតដៃគូ

ការពិតទៅការរក្សាមិត្តភាពជាមួយអតីតដៃគូ គឺជារឿងធម្មតាទេ បើសិនជាពួកគេអស់អារម្មណ៍ស្នេហាចំពោះគ្នា។ ចំណុចនេះ អ្នកត្រូវស្វែងរកហេតុផលដែលនាំឲ្យ គូស្នេហ៍របស់អ្នកនៅទាក់ទងគ្នាជាមួយគេ... តើពួកគេធ្វើកិច្ចការស្រាវជ្រាវជាមួយគ្នា? ជាមិត្តរួមការងារនឹងគ្នា? ឬមួយពួកគេធ្លាប់ព្រមព្រៀងគ្នាថានៅរក្សាភាពជាមិត្តក្រោយបែកគ្នា?បើសិនជាគេអស់ក្ដីស្រលាញ់ជាមួយអតីតដៃគូគេហើយ គឺមិនមានហេតុផលអ្វីដែលអ្នកត្រូវប្រច័ណ្ឌហួងហែងនោះឡើយ។

២. ទទួលស្គាល់ថាអ្នកកំពុងព្រួយបារម្ភពីរឿងនេះ

អ្នកមិនចាំបាច់ប្រឹងកុហកខ្លួនឯងថារឿងនេះមិនបានរំខានអ្នកនោះឡើយ។ ផ្ទុយទៅវិញត្រូវប្រឈមនឹងបញ្ហានេះត្រង់ៗ ដើម្បីងាយស្រួលឲ្យខួរក្បាលរបស់អ្នកត្រៀមការណ៍រួចជាស្រេចបើសិនមានបញ្ហាណាមួយកើតឡើង ហើយអ្នកក៏ត្រូវប្រាប់ពីអារម្មណ៍របស់អ្នកទៅកាន់មិត្តប្រុស ឬ មិត្តស្រីរបស់អ្នកផងដែរ និងយកចិត្តទុកដាក់សង្កេតទៅលើកាយវិការនិងប្រតិកម្មរបស់គេ។

រូបភាពតំណាង

៣.ឲ្យពេលវេលាខ្លួនឯង និង រក្សាចិត្តឲ្យនឹងនរ

បើសិនអ្នកដឹងរឿងនេះភ្លាម សូមកុំប្រកាន់ចិត្តខឹងច្រឡោតហើយទៅរករឿងឈ្លោះជាមួយដៃគូរបស់អ្នកទាំងដែលមិនទាន់ដឹងហេតុផលច្បាស់លាស់។ សូមឲ្យពេលវេលាខ្លួនឯងដើម្បីធ្វើចិត្ត និងនឹងនរជានិច្ច ដើម្បីទទួលយកគ្រប់ស្ថានការណ៍ ហើយអ្វីដែលមិនគួរធ្វើនោះគឺគិតតែខ្លួនឯង។

៤. ត្រូវដឹងពីពេលវេលាដែលពួកគេបែកគ្នា

អ្នកត្រូវស្វែងយល់ថាពួកគេឈប់ទាក់ទងគ្នាតាំងពីពេលណា? តើបែកគ្នាច្រើនឆ្នាំមកហើយមែនទេ? បើបែបនេះវាអាចមានន័យថា ដៃគូរបស់អ្នកព្រមព្រៀងនៅរក្សាមិត្តភាពជាមួយអតីតដៃគូរបស់គេ ប៉ុន្តែបើក្នុងករណី គេទើបតែឈប់ទាក់ទងគ្នាថ្មីៗ វាអាចមានន័យថាគេមិនទាន់ភ្លេចស្នេហ៍ចាស់ទាំងស្រុងឬបើសិនពួកគេបែកគ្នាព្រោះតែអ្នក នោះវាអាចមានហេតុផលផ្សេងក្រៅពីនោះ។

រូបភាពតំណាង

៥. បើកចិត្តនិយាយជាមួយគេ

ពេលអារម្មណ៍ល្អរៀងខ្លួនជំនួសឲ្យការទៅរករឿងឈ្លោះជាមួយគេ ពេលអារម្មណ៍អ្នកកំពុងខឹងសម្បាខ្លាំង គឺអ្នកត្រូវចេះឃាត់ចិត្ត បន្ធូរអារម្មណ៍ និងលើកយករឿងនេះមកជជែកជាមួយដៃគូរបស់អ្នក នៅពេលអ្នកទាំងពីរមានអារម្មណ៍ល្អរៀងខ្លួន ដើម្បីបញ្ចៀសកុំឲ្យមានជម្លោះណាមួយកើតឡើង។ អ្នកត្រូវបង្ហាញអារម្មណ៍ថាអ្នកមិនសប្បាយចិត្តទេពេលឃើញគេនៅជំពាក់ជំពិនជាមួយអ្នកចាស់ ហើយឆ្លៀតនិយាយថា អ្នកអរគុណគេណាស់ដែលអត់ធ្មត់នឹងអារម្មណ៍ឡើងចុះរបស់អ្នក។ អ្នកត្រូវតែប្រើភាពស្មោះត្រង់ជជែកជាមួយគេ។

៦. ដកខ្លួនពីគេរហូតដល់គេភ្លេចអ្នកចាស់

បើសិនជាអ្នកនិយាយជាមួយគេហើយ ប៉ុន្តែគេនៅតែទាក់ទងអ្នកចាស់ដោយមិនខ្វល់ពីអារម្មណ៍របស់អ្នក សូមរក្សាគម្លាតពីគេ រហូតដល់អ្នកប្រាកដចិត្តថាគេកាត់ចិត្តពីអ្នកចាស់បាន។ អ្នកមិនត្រូវទៅដើរលេងជាមួយគេ ឬមានទំនាក់ទំនងផ្លូវកាយជាមួយគេនោះឡើយ។ ជំនួសឲ្យខ្វល់ពីគេ គឺអ្នកត្រូវចាប់ផ្ដើមស្រលាញ់ខ្លួនឯង រកពេលវេលាសាកថ្មឲ្យជីវិតខ្លួនឯង ទៅណាឬញ៉ាំអីដែលខ្លួនឯងចង់បាន និងរកពេលហាត់ប្រាណដើម្បីសុខភាព។

រូបភាពតំណាង

៧. ធ្វើឲ្យគេខ្លាចនឹងការបាត់បង់អ្នក

ក្នុងករណីដែលអ្នកព្យាយាមដោះស្រាយជាមួយគេហើយ តែគេនៅតែមិនព្រមឈប់ទាក់ទងអ្នកចាស់ សូមជ្រើសរើសយកវិធីសុំចែកផ្លូវដើម្បីឲ្យគេភ្ញាក់ខ្លួន និងស្គាល់ពីតម្លៃរបស់អ្នក ប៉ុន្តែវិធីនេះមានភាពប្រថុយប្រថានបន្តិចហើយ ព្រោះគេអាចនឹងព្រមចែកផ្លូវមែនទែនជាមួយអ្នក។

៨. ដឹងថាពេលណាត្រូវដើរចេញ

ជួនកាល បើសិនជាអ្នកគិតថាអ្នកអស់ទ្រាំនឹងស្ថានភាពបែបនេះ សូមអ្នកដោះលែងគេឲ្យទៅតាមផ្លូវរបស់គេចុះ ព្រោះបើគេមិនខ្វល់ពីអ្នក និងបន្តទាក់ទងអ្នកចាស់ គឺមានន័យថាអ្នកមិនសំខាន់ចំពោះគេនោះឡើយ។ ការកាត់ចិត្តនិងដើរចេញអាចនឹងពិបាកបន្តិច តែវាអាចជាផ្លូវចេញដ៏ល្អបំផុត ព្រោះអ្នកសមនឹងទទួលបានស្នេហាដ៏ស្មោះត្រង់មួយ៕  

ប្រភព៖: hackspirit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]