ស្នេហា៖ ជាការពិតណាស់ ស្នេហាពិតជាធ្វើឲ្យមនុស្សស្រស់បំព្រង ហើយមានមនុស្សជាច្រើនដែលគិតថាខ្លួនឯងរស់ខ្វះស្នេហាមិនបាន។ អ្នកខ្លះជាមនុស្សចង់ឲ្យគេចង់ឲ្យគេដេញតាមខ្លួនមុន ទោះបីជាខ្លួនឯងជាអ្នកចាប់អារម្មណ៍គេមុនក៏ដោយ តួយ៉ាងដូចជានារីៗជាដើម។
ឈ្មោះជានារី នាពេលខ្លះគឺយើងចង់ទៅរកមនុស្សប្រុសមុនទេ ដោយសារគិតថាវាមិនសមឬខ្លាចបាក់មុខ ខណៈដែលមនុស្សប្រុសភាគច្រើនជាអ្នកដេញតាមមនុស្សស្រី។ ប៉ុន្តែក្នុងករណីខ្លះ បើអ្នកចាប់អារម្មណ៍មនុស្សប្រុសម្នាក់ហើយចង់ឲ្យគេចាប់អារម្មណ៍អ្នក និងដេញចាប់អ្នកគឺអាចសាកល្បងវិធីសាស្ត្រដូចខាងក្រោម៖
១. កុំដេញតាមចាប់គេឲ្យសោះ
មិនថាមានរឿងអីយ៉ាងណាក៏ដោយ បើអ្នកចង់ឲ្យគេចាប់អារម្មណ៍មែន សូមកុំព្យាយាមដេញតាមញ៉ែគេមុន ព្រោះមនុស្សប្រុសភាគច្រើនចូលចិត្ត ដេញតាមមនុស្សស្រីមុន ដោយសារនេះជាសារជាតិពីកំណើតរបស់ពួកគេ។ បុរសៗចូលចិត្តការប្រកួតប្រជែង មិនចង់បានអ្វីដែលបានមកដោយងាយទេ ហើយក្នុងរឿងស្នេហាក៏ដូចគ្នា ដូច្នេះ សូមអ្នកទុកតួនាទីនោះឲ្យគេវិញ។ ធ្វើបែបនេះមានន័យថាគេមិនងាយនឹងធុញទ្រាន់នឹងអ្នកទេ។
២. ធ្វើឲ្យគេស្គាល់ពីតម្លៃរបស់អ្នក
បើចង់ឲ្យគេចាប់អារម្មណ៍នឹងអ្នកខ្លាំង អ្វីដែលត្រូវធ្វើគឺធ្វើឲ្យគេមើលឃើញនិងដឹងពីតម្លៃរបស់អ្នក។ ដើម្បីក្លាយខ្លួនជាស្ត្រីដ៏មានតម្លៃ គឺត្រូវមានភាពឯករាជ្យ មានគោលជំហរខ្លួនឯង ពូកែគិតនិងចាត់ចែង ស្ដាប់យោបល់របស់អ្នកដទៃ ទន់ភ្លន់តែមិនទន់ជ្រាយ។ បុរសតែងតែចង់បាននារីដែលស្រលាញ់និងឲ្យតម្លៃខ្លួនឯងជានិច្ច។
៣. កុំសូវធ្វើខ្លួនទំនេរសម្រាប់គេពេក
មនុស្សស្រីដែលមនុស្សប្រុសចង់បានបំផុតគឺជាស្រីដែលផ្ដោតសំខាន់លើជីវិតខ្លួនឯងជាជាងមករវីរវល់តោងទាមនឹងគេ។ ក្នុងចំណុចនេះ អ្នកមិនត្រូវនៅជាមួយគេឬតោងទាមគេរហូតទេ គឺត្រូវបង្ហាញថាអ្នករវល់ណាស់ មិនមានពេលមកផ្ដោតសំខាន់លើគេទេ។ ចូរអ្នកបង្ហាញឲ្យគេដឹងងាថាគេមិនមែនជាជម្រើសទី១របស់អ្នកទេ ហើយការធ្វើបែបនេះកាន់តែជម្រុញឲ្យគេដេញតាមចែចូវអ្នក។
៤. កុំសូវចំណាយពេលនៅក្បែរគេពេក
មិនសូវខុសពីចំណុចទី៣ប៉ុន្មានទេ ដើម្បីឲ្យបុរសចាប់អារម្មណ៍អ្នក សូមកុំឧស្សាហ៍ចេញទៅខាងក្រៅជាមួយគេពេក ដើម្បីឲ្យគេយល់ថា អ្នកមានការងារនិងរឿងផ្សេងត្រូវធ្វើ ហើយផែនដីរបស់អ្នកមិនវិលជុំវិញគេទេ។ បើរាល់ពេលដែលគេសុំណាត់ចួបជាមួយអ្នក អ្នកតែងតែឆ្លើយថាទៅ នោះវានឹងធ្វើឲ្យគេបាត់បង់ចំណង់ក្នុងការដេញតាមអ្នក។
៥. បង្ហើបតម្រុយឲ្យគេដឹងថាអ្នកមានជម្រើសច្រើន
នៅពេលយើងចាប់អារម្មណ៍នរណាម្នាក់ យើងតែងតែចង់ឲ្យមនុស្សម្នាក់នោះមើលតែយើង ហើយយើងតែងតែហួងហែងគេ។ ចំណុចនេះ អ្វីដែលអ្នកត្រូវធ្វើ គឺធ្វើឲ្យគេហួងហែងអ្នក ដោយបង្ហើបឲ្យគេដឹងថាអ្នកមានជម្រើសច្រើនណាស់ មិនមែនតែគេម្នាក់ទេ នោះគេនឹងកាន់តែខិតខំប្រជែងជាមួយបុរសដទៃដើម្បីបានបេះដូងអ្នក។
៦. រៀនធ្វើខ្លួនអាថ៌កំបាំង
បើអ្នកតែងតែនិយាយបើកចំហរពីខ្លួនឯងគឺគេគ្មានអ្វីត្រូវស្វែងយល់ពីអ្នកទៀតទេ ព្រោះអ្នកបានបង្ហាញវាចេញមកដោយខ្លួនឯងទៅហើយ។ ផ្ទុយទៅវិញ បើសិនអ្នកធ្វើខ្លួនអាថ៌កំបាំង កុំសូវប្រាប់គេពីចរិតនិងបុគ្គលិកលក្ខណៈរបស់អ្នក កុំបង្ហើបថាអ្នកចូលចិត្តអ្វីមិនចូលចិត្តអ្វី គឺវានឹងកាន់តែធ្វើឲ្យអ្នកក្លាយជាមនុស្សស្រីគួរឲ្យចង់ស្វែងរក។
៧. ធ្វើខ្លួនឯករាជ្យ និងរឹងមាំ
មនុស្សស្រីរឹងមាំនិងឯករាជ្យ ពិតជាទាក់ទាញណាស់ក្នុងខ្សែភ្នែកមនុស្សប្រុស ព្រោះនាងមិនសូវខ្វល់ពីស្នេហាទេ និងអាចរស់នៅដោយគ្មានមនុស្សប្រុសបានយ៉ាងងាយ។ អ្នកត្រូវស្រលាញ់ខ្លួនឯង ចំណាយពេលជាមួយខ្លួនឯង រៀនសូត្រពីខ្លួនឯងផងដែរ។
៨. តែងតែចិត្តល្អជានិច្ច
ក្នុងកាលៈទេសៈណាក៏ដោយ អ្នកត្រូវចាំថាមនុស្សស្រីដែលមានមន្តស្នេហ៍បំផុតគឺ មនុស្សស្រីដែលចិត្តល្អ ចេះជួយទុក្ខធុរៈគេ និងធ្វើជាអ្នកស្ដាប់ដ៏ល្អរបស់គេ។ នៅពេលគេមករកអ្នក ដើម្បីចង់ឲ្យអ្នកធ្វើជាទីប្រឹក្សា គឺអ្នកត្រូវបង្ហាញថាអ្នកអាចធ្វើជាទីពឹងពាក់របស់គេ៕
ប្រភព៖: medium
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]