ស្នេហា៖ ទំនាក់ទំនងស្នេហានៅលើលោកនេះ មានច្រើនប្រភេទច្រើនសណ្ឋានណាស់។ គូស្នេហ៍ខ្លះស្រលាញ់គ្នាណាស់ មិនដែលចេះមានរឿងមាត់កឬចែកផ្លូវគ្នាទេ ប៉ុន្តែងាកមកខ្លះទៀតវិញ មួយខែមិនដឹងបែកផ្លូវគ្នាប៉ុន្មានដង បែកហើយត្រូវគ្នាវិញៗ បែបនេះដដែលៗ ដែលយូរៗទៅ គូស្នេហ៍ទាំងនោះចាប់ផ្ដើមស៊ាំនឹងរឿងបែបនេះទៅហើយ។ ប៉ុន្តែ តើអ្នកធ្លាប់គិតទេថា ហេតុអីបានជាគូស្នេហ៍ខ្លះបែកហើយត្រូវគ្នាវិញៗ ដដែលៗបែបនេះ?
១. មានរឿងប្រកួតប្រជែងក្នុងជីវិតច្រើន
ជួនកាល អ្នកនិងគេស្រលាញ់គ្នាណាស់ តែក្នុងកាលៈទេសៈខ្លះ ដៃគូអ្នកឬអ្នកមានឧបសគ្គក្នុងជីវិតច្រើនពេក ឬកំពុងស្ថិតក្នុងដំណាក់កាលតប់ប្រមល់ខ្លាំងពីរឿងការងារ ឬរឿងផ្សេងៗ ជាហេតុធ្វើឲ្យអ្នកនិងគេគិតថា គួរតែចែកផ្លូវជាមួយដៃគូ ដើម្បីទុកពេលដោះស្រាយជីវិតខ្លួនឯង។
២. មិនសូវត្រូវធាតុគ្នា
ការពិត គូស្នេហ៍ខ្លះស្រលាញ់គ្នាមិនមែនដោយសារអត្តចរិតត្រូវគ្នាទេ តែមកពីសម្រស់ឬ ក៏ឋានៈ ឬកត្តាផ្សេងៗទៀតទើបអាចទាក់ទាញគ្នាបាន។ ក្នុងពេលណាមួយ អ្នករកឃើញថា ការពិតចរិតខ្លះរបស់គេគឺអ្នកទទួលយកមិនបាន ឬគេទទួលយកចរិតអ្នកមិនបាន បើទោះបីជាអ្នកនិងគេមើលទៅសមគ្នាណាស់ក៏ដោយ។ ជួនកាលត្រឹមរឿងតិចតួចទេ តែអ្នកនិងគេតែងតែខ្វែងគំនិតគ្នា ក្នុងមួយថ្ងៃមានរឿងឲ្យប្រកែកគ្នាហូរហែ យូរៗទៅធ្វើឲ្យធុញទ្រាន់។
៣. អត់ច្បាស់លាស់ថាម្នាក់ៗចង់បានអ្វី
អ្នកនិងដៃគូអ្នកត្រូវធាតុគ្នាណាស់ ស្រលាញ់គ្នា យល់ចិត្តគ្នា ប៉ុន្តែវាជាទំនាក់ទំនងបែបសប្បាយៗដែលមើលទៅគ្មានគោលដៅច្បាស់លាស់ ព្រោះអ្នកនិងដៃគូអ្នកផ្ដោតតែលើបច្ចុប្បន្នភាព មិនធ្លាប់គិតដល់អនាគតជាមួយគ្នា។ អ្នកនិងដៃអ្នកស្រាប់តែចង់បែកផ្លូវគ្នា តែចុងក្រោយក៏ត្រឡប់មកត្រូវគ្នាវិញ។
៤. អ្នកថ្មីមិនល្អដូចអ្នកចាស់
អ្នកនិងដៃគូរបស់អ្នក ចង់ស្វែងរកអ្នកថ្មីរៀងខ្លួន តាមចរិតមនុស្សសាវា តែពេលទៅទាក់ទងនឹងអ្នកថ្មីនោះ អ្នកនិងដៃគូបែរជាមានអារម្មណ៍ថាមិនចង់នៅជាមួយគេវិញ ទើបត្រូវគ្នាវិញ។
៥. មានបញ្ហារឿងទំនាក់ទំនងជាមួយគ្នា
ពេលខ្លះអ្នកនិងដៃគូសម្រេចចិត្តចែកផ្លូវគ្នា ដោយសារតែមិនពូកែទាក់ទងគ្នា គឺមានន័យថាមានរឿងអីបន្តិចគឺឧស្សាហ៍យល់ច្រឡំគ្នា និងមិនបើកចិត្តនិយាយគ្នា ប៉ុន្តែពេលអ្នកបែកគ្នាមែនទែន ក៏មានអារម្មណ៍ថាចង់ត្រូវគ្នាជាមួយអតីតដៃគូវិញ ព្រោះបេះដូងអ្នករកអ្នកថ្មីគេមកជំនួសមិនកើត។
៦. ធ្លាប់ទាក់ទងគ្នាយូរ
ជួនកាល អ្នកទាំងពីរបានទាក់ទងគ្នាជាយូរមកហើយ ដូច្នេះពេលបែកគ្នាទៅក៏ចេះតែចង់វិលត្រឡប់រកគ្នា ព្រោះអ្នកគិតថាអ្នកនិងដៃគូអ្នកខំប្រឹងស្រលាញ់គ្នា កសាងការចងចាំល្អៗជាមួយគ្នាជាច្រើនមកហើយ បើសិនបែកគ្នាគឺអត់ន័យជាដើម៕
ប្រភព៖: healthline
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]