ស្នេហា៖ មនុស្សម្នាក់ៗតែងតែមានមនុស្សក្នុងក្ដីស្រមៃ (Ideal Type) ក្នុងចិត្តរបស់ពួកគេម្នាក់ៗ ដោយអ្នកខ្លះចូលចិត្តស្រលាញ់មនុស្សដែលមានអាយុតិចជាងខ្លួន ឯអ្នកខ្លះទៀតប្រាថ្នាចង់បានដៃគូជាមនុស្សចាស់ទុំ មានគម្លាតអាយុរាងច្រើនពីគេទៅវិញ។​

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេសង្កេតឃើញថា មនុស្សស្រីមួយចំនួនចង់បានដៃគូជាបុរសដែលមានអាយុរាងឆ្ងាយពីខ្លួនអាចចាប់ពីដប់ឆ្នាំឡើងជាដើម តែធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាបុរសចំណាស់មានមន្តស្នេហ៍នៅក្នុងខ្សែភ្នែកនារីៗទាំងនោះ?​

១. បុរសចំណាស់មានស្ថេរភាពក្នុងជីវិត

មនុស្សស្រីខ្លះចង់បានបុរសដែលមានស្ថេរភាពក្នុងជីវិតរបស់ពួកគេមិនថារឿងលុយកាក់ រឿងមុខរបរការងារ ឬរឿងចាត់ចែងជីវិតខ្លួនឯងនោះឡើយ។ បុរសដែលចូលដល់វ័យចាស់ទុំ ភាគច្រើនសុទ្ធតែមានគ្រប់យ៉ាងសម្រាប់ខ្លួនឯងអស់ទៅហើយ។ នារីៗមួយចំនួនធំធាត់ក្នុងរង្វង់គ្រួសារដែលមានបញ្ហាហិរញ្ញវត្ថុធ្វើឲ្យទម្លាប់នឹងការប្រើប្រាស់ជីវិតមួយដ៏លំបាក ដូច្នេះទើបនាងព្យាយាមស្វែងរកបុរសមានស្ថេរភាពដែលអាចជួយផ្គត់ផ្គង់ដល់រូបនាងបាន។​

២. នារីម្នាក់នោះមិនសូវស្និទ្ធិជាមួយឪពុកខ្លួនឯង

ក្នុងចំណុចនេះ វាពាក់ព័ន្ធទៅនឹងស្ថានភាពផ្លូវចិត្តនិងមជ្ឈដ្ឋានដែលនារីនោះធំធាត់ឡើង ចួនកាល នារីម្នាក់នោះតាំងពីតូចមកគឺមិនសូវទទួលបានភាពកក់ក្ដៅពីឪពុកខ្លួនឯង ឪពុកមិនសូវចាប់អារម្មណ៍ មិនសូវបាននិយាយស្ដីជាមួយគ្នា... ទើបធំឡើងដោយមិនបានទទួលបានក្ដីស្រលាញ់ពីឪពុក ដូច្នេះចិត្តរបស់នាងតែងតែរំពៃរកមើលបុរសដែលមានលក្ខណៈសម្បត្តិអាចមើលថែនាងបាន ការពារនាងបានដូចជាឪពុកម្នាក់អ៊ីចឹង។

រូបភាពតំណាង

៣. នារីម្នាក់នោះធ្លាប់មានបទពិសោធអាក្រក់ពីមុនមក

នារីខ្លះសម្រេចចិត្តងាកមកស្រលាញ់បុរសចំណាស់ ក៏ដោយសារកាលដែលនាងធ្លាប់ទាក់ទងជាមួយបុរសៗអាយុស្របាលនាងគឺនាងចេះតែឈឺចាប់ ចេះតែចួបរឿងខកចិត្ត ចេះតែចួបរឿងផិតក្បត់ ព្រោះបុរសដែលមានវ័យស្របាលៗនឹងនាង គេមានជម្រើសច្រើន គេស៊ីវិល័យ គេពូកែប្រើសម្ដីផ្អែមលេបខាយនារីដទៃ... យូរៗទៅបន្ទាប់ពីបរាជ័យក្នុងស្នេហាជាមួយបុរសអាយុស្របាលគ្នា នាងក៏ងាកមករកបុរសចំណាស់ដែលមានភាពចាស់ទុំវិញ។​

៤. បុរសចំណាស់ដឹងថាពួកគេចង់បានអ្វី

ធ្លាប់ឆ្លងកាត់បទពិសោធន៍ជីវិតមកច្រើនក្រាស់ក្រែលគឺ បុរសចំណាស់លែងចង់លេងហ្គេមស្នេហា ស្រីមួយស្រីពីរទៀតហើយ គឺគេគ្រាន់តែចង់នៅស្ងៀមស្ងាត់ និងស្វែងរកនារីល្អណាម្នាក់ដើម្បីរស់នៅជាមួយប៉ុណ្ណោះ។ បុរសមានភាពចាស់ទុំប្រភេទនេះដឹងថាខ្លួនឯងចង់បានអ្វីក្នុងទំនាក់ទំនងជាមួយនារី បើស្រលាញ់ថាស្រលាញ់ បើមិនស្រលាញ់ក៏ដើរចេញ មិនទុកឲ្យទំនាក់ទំនងនៅស្រពេចស្រពិល។​

រូបភាពតំណាង

៥. បុរសចាស់ទុំតែងធ្វើឲ្យនារីមានអារម្មណ៍ថាគេត្រូវការនាងនិងស្រលាញ់នាងខ្លាំងណាស់

ដោយសារគម្លាតអាយុរាងឆ្ងាយពីគ្នា បុរសចាស់ទុំតែងតែកោតសរសើរពីសម្រស់របស់អ្នក ព្រោះពួកគេលែងស្ថិតនៅក្នុងដំណាក់កាលមានរូបរាងនិងអាយុស្របាលនឹងអ្នកទៅហើយ។ បុរសប្រភេទនេះតែងតែធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកល្អបំផុតក្នុងខ្សែភ្នែកគេ ហើយគ្មាននរណាអាចប្រៀបធៀបនឹងអ្នកបានទេ។​

៦. បុរសចំណាស់អាចឲ្យអ្នករស់នៅយ៉ាងស្រួល

ក្នុងចំណុចនេះអាចស្ដាប់ទៅដូចនារីម្នាក់នេះសម្លឹងឃើញប្រាក់របស់បុរសចំណាស់ ប៉ុន្តែនារីខ្លះគ្រាន់តែចង់ឲ្យជីវិតខ្លួនឯងរស់ស្រួលជាងមុន មានលុយ មានឡាន មានផ្ទះ និងអាចទៅណាមកណាធ្វើអីតាមចិត្តខ្លួនឯងចង់ ដោយការយកបុរសចំណាស់ជាដៃគូ ព្រោះបុរសប្រភេទនេះមានទ្រព្យ មានអ្វីសឹងតែគ្រប់យ៉ាងក្នុងជីវិតហើយ។​

៧. បុរសចំណាស់ដឹងពីវិធីរក្សាទំនាក់ទំនងឲ្យនៅល្អ

 ធ្លាប់ទេ ឈ្លោះគ្នាជាមួយដៃគូក្មេងរបស់អ្នករៀងរាល់ថ្ងៃដោយសារបញ្ហាមានមិនចេះចប់មិនចេះហើយ? កាលពីមុន នារីខ្លះដែលយកបុរសអាយុស្របាលៗគ្នាមកធ្វើជាគូស្នេហ៍តែងតែប្រឈមនឹងការខ្វែងគំនិតគ្នា និងរឹងទទឹងរៀងខ្លួន ព្រោះបុរសដែលស្ថិតក្នុងវ័យស្របាលជាមួយអ្នកមិនទាន់មានបទពិសោធជីវិតច្រើន មិនទាន់មានភាពចាស់ទុំច្រើនទេ។ ផ្ទុយទៅវិញ បុរសមានវ័យចំណាស់ ធ្លាប់ឆ្លងកាត់រឿងនេះអស់ទៅហើយ និងដឹងថាធ្វើយ៉ាងម៉េចត្រូវរក្សាទំនាក់ទំនងឲ្យបានល្អ។​

រូបភាពតំណាង

៨. បុរសចំណាស់មិនខ្លាចការរៀបការ មានគ្រួសារទេ

បុរសនៅវ័យចន្លោះពី ២០-៣០ ឆ្នាំមួយចំនួនមិនទាន់ចង់គិតដល់រឿងរៀបការមានគ្រួសារ ព្រោះគិតថាខ្លួនឯងនៅសប្បាយមិនទាន់អស់ ចង់ប្រើប្រាស់ជីវិតហ៊ឺហារសិន មិនចង់មានចំណង និងចង់មានសេរីភាព។ ផ្ទុយទៅវិញ បុរសដែលចាស់ទុំហើយគឺចង់រៀបការមានគ្រួសារ ចង់មានភរិយា ចង់បានបុត្រ ដែលជាអ្វីដែលនារីមួយចំនួនកំពុងស្វែងរក៕  

ប្រភព៖: aconsciousrethink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]