ស្នេហា៖ ស្នេហាខ្លះបានឈានដល់ដំណាក់កាលមួយដែលអ្នកត្រូវទៅស្គាល់និងចួបឪពុកម្ដាយរបស់ដៃគូរបស់អ្នក ព្រោះអ្នកគិតថាអ្នកទាំងពីរចង់ចាប់ដៃគ្នាក្លាយជាគូអនាគត។
ការចួបជាមួយឪពុកម្ដាយរបស់ដៃគូអ្នកចាត់ទុកជារឿងមួយមានសម្ពាធដែរ ព្រោះអ្នកតែងតែបារម្ភខ្លាចគ្រួសារខាងគេមិនសូវពេញចិត្តនឹងអ្នក ឬអ្នកអាចធ្លោយបង្ហាញកាយវិការឬប្រតិកម្មមិនសូវល្អណាមួយជាដើម ជាងនេះទៅទៀត អ្នកមិនដឹងថាត្រូវរៀបឫកយ៉ាងម៉េចនោះឡើយ។
យ៉ាងណាមិញ ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗដែលជួយឲ្យអ្នកត្រៀមខ្លួនបានល្អ ពេលចួបឪពុកម្ដាយរបស់ដៃគូអ្នក៖
១. សួរដៃគូរបស់អ្នកពីអ្វីគួរធ្វើ និង អ្វីមិនគួរធ្វើ
បើសិនជាអ្នកចង់ឲ្យឪពុកម្ដាយគេពេញចិត្តអ្នក អ្នកត្រូវដឹងជាមុនថាពួកគាត់មិនចូលចិត្តអ្វីនិងចូលចិត្តអ្វី ដូច្នេះអ្នកអាចធ្វើខ្លួនបានត្រូវ។ ចំណុចនេះសូមអ្នកស្វែងរកការពិភាក្សាជាមួយដៃគូរបស់អ្នក ដោយសួរគេផ្ទាល់ពីច្បាប់នៅក្នុងផ្ទះរបស់គេ ឬប្រធានបទដែលមិនគួរនិយាយ ហើយតើឪពុកម្ដាយគេចូលចិត្តនារីដែលស្លៀកពាក់បែបណាជាដើម។ ២. ធ្វើខ្លួនធម្មតា
ចំណុចនេះមានន័យថា អ្នកគ្រាន់តែធ្វើខ្លួនធម្មតានិងបណ្ដោយឲ្យរឿងរ៉ាវកើតឡើងដោយខ្លួនឯង។ បើសិនពួកគេចង់និយាយអ្វី គ្រាន់តែញញិមនិងបញ្ចេញយោបល់របស់អ្នក ប៉ុន្តែត្រូវតែមិននិយាយពីប្រធានបទដែលត្រូវហាម ដូចជាទាក់ទងនឹងនយោបាយ ឬសាសនា ជាដើមដែលអ្នកនិងឪពុកម្ដាយរបស់គេអាចនឹងមានទស្សនៈខុសគ្នា។ បើក្នុងករណីពួកគេលើកយករឿងរបស់អ្នកមកនិយាយ ដែលជាចំណុចរសើបបែបអ្នកមិនសូវពេញចិត្ត សូមរក្សាភាពស្ងៀមស្ងាត់ កុំច្រឡោត។
៣. ធ្វើតាមច្បាប់ទម្លាប់ក្នុងគ្រួសាររបស់គេ
ជាទូទៅ ក្នុងគ្រួសារនីមួយៗតែងតែមានច្បាប់មានទម្លាប់ ដែលខុសប្លែកពីគ្រួសារដទៃ។ បើសិនជាអ្នកទៅចួបឪពុកម្ដាយគេនៅផ្ទះរបស់គេ សូមអ្នកធ្វើខ្លួនឲ្យបានសមរម្យ មិនត្រូវធ្វើអីខុសនឹងច្បាប់ទម្លាប់របស់ផ្ទះគេទេ។
៤. កុំជ្រុលខ្លួនផឹកច្រើនពេក
កំហុសដ៏ធំបំផុតក្នុងការទៅចួបឪពុកម្ដាយរបស់ដៃគូ គឺបណ្ដោយខ្លួនឲ្យសប្បាយជ្រុលហួសហេតុពេក បើទោះបីជាឪពុកម្ដាយរបស់គេរួសរាយរាក់ទាក់ដាក់អ្នកក៏ដោយ។ សូមផឹកក្នុងបរិមាណមួយដ៏តិច គឺពីរទៅបីកែវបានហើយ ដើម្បីបើកឱកាសឲ្យអ្នកបានស្វែងយល់ពីគ្រួសាររបស់គេ ព្រោះបើអ្នកស្រវឹងខ្លាំង អ្នកមុខជាបង្កើតរូបភាពដ៏អាក្រក់ក្នុងខ្សែភ្នែកឪពុកម្ដាយគេហើយ។
៥. កុំភ្លេចរឿងកាដូ
ដើម្បីឲ្យការណាត់ចួបឪពុកម្ដាយគេជោគជ័យ អ្នកត្រូវត្រៀមជាកាដូសម្រាប់ពួកគាត់ ដែលមិនចាំបាច់ជារបស់ថ្លៃៗទេ ត្រឹមផ្លែឈើ ឬទឹកត្រចៀកកាំ និងអាហារសម្រន់សុខភាពនានាសម្រាប់មនុស្សចាស់គឺគ្រប់គ្រាន់ហើយ។ បើសិនមានមីងពូនៅជាមួយដែរ សូមរក្សាកាដូនោះទុកមួយឡែក រង់ចាំទាល់តែមានឱកាសនៅជាមួយឪពុកម្ដាយគេ សឹមហុចកាដូឲ្យ។
៦. បង្ហាញភាពស្មោះត្រង់
គ្មានអ្នកណាក្នុងលោក ដែលចូលចិត្តមនុស្សពូកែកុហកនិងក្រឡិចក្រឡុចទេ។ ត្រង់ចំណុចនេះ អ្នកត្រូវធ្វើជាខ្លួនឯង មិនចាំបាច់លាក់ពុតនោះឡើយ ព្រោះឪពុកម្ដាយដៃគូអ្នកអាចជាមនុស្សដែលអ្នកត្រូវប្រឈមជាមួយ មួយជីវិតតែម្ដង។ ការមានភាពជាខ្លួនឯងពិតជាគុណសម្បត្តិមួយដ៏ទាក់ទាញ៕
ប្រភព៖: purewow
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]