យល់ដឹង៖ អត្តចរិតរបស់មនុស្សម្នាក់ៗគឺមានភាពខុសប្លែកពីគ្នា អ្នកខ្លះក៏ចូលចិត្តនៅស្ងៀមស្ងាត់មិនសូវនិយាយស្ដី អ្នកខ្លះទៀតក៏និយាយច្រើនលើសអ្វីដែលគួរនិយាយ អ្នកខ្លះទៅក៏ចូលចិត្តមានប្រតិកម្មជ្រុលទៅលើរឿងជុំវិញខ្លួន ដូចជារឿងតូចទេតែធ្វើដូចជារឿងធំណាស់ និងចូលចិត្តនិយាយដើមពីមនុស្សជុំវិញខ្លួន។​

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ងាកមកមើល មនុស្សពូកែដ្រាម៉ាវិញគឺមានច្រើនណាស់នៅក្នុងស្រទាប់យុវវ័យ ព្រោះវ័យនេះវាវ័យដែលយុវជនកំពុងលូតលាស់ទាំងផ្នែករាងកាយនិងផ្លូវចិត្ត ដែលអាចប្រឈមបញ្ហាជីវិតជាច្រើន។ មនុស្សពូកែដ្រាម៉ា គឺមានន័យថារាងចូលតួហួសហេតុ និងចូលចិត្តធ្វើឲ្យអ្នកដទៃងាកមកចាប់អារម្មណ៍ខ្លួន​គ្រប់ពេល។​

នេះជាអត្តចរិតខ្លះៗរបស់មនុស្សចូលចិត្តដ្រាម៉ាដែលអ្នកគួរចៀសវាងបើសិនជាចង់រស់នៅឲ្យសុខខ្លួន៖

១. ទាមទារការចាប់អារម្មណ៍ហួសហេតុពីមនុស្សជុំវិញ

មនុស្សខ្លះមិនសូវចូលចិត្តធ្វើជាចំណុចចាប់អារម្មណ៍របស់អ្នកទេ និងចូលចិត្តអៀនប្រៀនច្រើន ប៉ុន្តែរាជិនីដ្រាម៉ា គឺតែងតែចង់ធ្វើអីឲ្យលេចធ្លោជាងគេ ឲ្យគេមើលមកខ្លួន ឲ្យគេចាប់អារម្មណ៍ខ្លួន។ បើសិនជានៅកណ្ដាលហ្វូងមនុស្ស ពួកគេចូលចិត្តនិយាយឮៗឬអួតពីខ្លួនឯង ដើម្បីឲ្យអ្នកដទៃងាកមកចាប់អារម្មណ៍ខ្លួន។ ពួកគេគិតថាខ្លួនឯងល្អលើសគេក្នុងចំណោមមនុស្សនៅក្នុងបន្ទប់។​

រូបភាពតំណាង

២. ចង់ឲ្យគេបម្រើខ្លួនឯងដូចព្រះនាង

មនុស្សពូកែដ្រាម៉ា ចូលចិត្តឲ្យគេមើលថែខ្លួនឯងណាស់ សូម្បីតែរឿងតិចតួចដូចកាន់កាបូប ឬជូតនេះជូតនោះក៏មិនចង់ធ្វើខ្លួនឯងដែរ សរុបមកគឺ ពួកគេមិនចេះមើលថែខ្លួនឯងទេ។ ទម្លាប់បែបនេះគរឡើងម្ដងបន្តិចៗរហូតដល់លែងចេះធ្វើអីដោយខ្លួនឯងតែម្ដង។

​ ៣. មានរឿងអីតិចតួច ទួញសោក

ជាធម្មតា មនុស្សតែងតែមានអារម្មណ៍ទន់ជ្រាយជារឿងធម្មតា ប៉ុន្តែបុគ្គលភាគច្រើនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងមិនសម្រក់ទឹកភ្នែកលើរឿងតូចតាចមួយចំនួនទេ ផ្ទុយទៅវិញរាជិនីដ្រាម៉ា ពូកែណាស់រឿងចូលតួ តែងតែយំសោកនូវរឿងតិចតួចដែលកើតឡើងមកលើខ្លួន។​

រូបភាពតំណាង

៤. បង្កបញ្ហានៅកន្លែងធ្វើការឬនៅមជ្ឈដ្ឋានជុំវិញ

ចួនកាល នៅកន្លែងធ្វើការមានរឿងខ្វែងគំនិតគ្នាខ្លះរវាងមិត្តរួមការងារនិងមិត្តរួមការងារ តែអ្នកពូកែដ្រាម៉ាតែងតែប្រឹងធ្វើឲ្យរឿងនោះរីកធំជាងមុន ហើយបង្ករឿងឈ្លោះប្រកែកគ្នាដែលនាំមកនូវបរិយាកាសអាប់អួរជាដើម។​

៥. ចូលចិត្តរករឿងគូស្នេហ៍ជាប្រចាំ

បើសិនជាមានគូស្នេហ៍ គឺមនុស្សពូកែដ្រាម៉ាតែងតែចង់រករឿងគូស្នេហ៍របស់ពួកគេជានិច្ច ដែលពេលខ្លះ បញ្ហាតូចតាចទេតែធ្វើឲ្យវាធំដុំ ខឹងគេ ងរង៉ក់គេ ចង់ឲ្យគេតាមលួងតាមទ្រ ដែលបង្កឲ្យទំនាក់ទំនងមានភាពប្រេះឆា។​

៦. ងប់ងល់នឹងសម្រស់ខ្លួនឯងហួសហេតុ

មនុស្សចូលចិត្តដ្រាម៉ា មានគំនិតមួយថា ខ្លួនឯងស្អាតនិងលេចធ្លោខ្លាំងជាងអ្នកដទៃ ហើយព្យាយាមយករូបសម្ឆស្សខាងក្រៅមកទាក់ទាញចំណាប់អារម្មណ៍មនុស្សជុំវិញខ្លួន។​

រូបភាពតំណាង

៧. តែងតែរួមវង់និយាយដើមអ្នកដទៃ និងចង់ដឹងចង់ឮរឿងរបស់គេ

មិនថារឿងនេះពាក់ព័ន្ធនឹងអីទេ ឲ្យតែជាព័ត៌មានខ្សឹបខ្សៀវគឺតែងតែមានមុខរាជិនីដ្រាម៉ាជានិច្ច។ នាងតែងតែចង់ដឹងចង់ឮរឿងរបស់អ្នកដទៃ ហើយយករឿងរបស់អ្នកដទៃទៅនិយាយដើមប្រាប់អ្នកផ្សេងជាដើម។​

៨. មានមិត្តភក្តិចូលចិត្តដ្រាម៉ាដូចគ្នា

ដូចពាក្យគេថា ឆ្នាំងណាគ្របហ្នឹង រាជិនីដ្រាម៉ាតែងតែមានមិត្តភក្តិចរិតស្រដៀងៗគ្នាព្រោះមនុស្សធម្មតាមិនសូវជាចូលចិត្តការនិយាយអេចអូចពីអ្នកដទៃ ឬ បង្ករឿងនោះឡើយ៕  

រូបភាពតំណាង

ប្រភព៖: romper

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]