ភ្នំពេញ៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា បានបង្ហាញជាថ្មីពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការពង្រឹងសមត្ថភាពយុវជន និងការអប់រំ តាមរយៈការផ្តល់អំណោយសម្ភារបរិក្ខារ IT  ដល់អង្គការ Passerelles Numériques Cambodia (PNC) ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏ល្បីមួយ ក្នុងការផ្តល់ការអប់រំ និងការបណ្តុះបណ្តាលដល់យុវជន ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អំណោយទាំងនោះ រួមមាន តុការិយាល័យ, ម៉ាស៊ីនកុំព្យូទ័រមេ (server), ស្វ៊ីច, និងឧបករណ៍សំខាន់ៗផ្សេងទៀត ដើម្បីជំរុញហេដ្ឋារចនាសម្ពន្ធព័ត៌មានវិទ្យារបស់អង្គការ PNC និងផ្តល់ឲ្យសិស្សនូវធនធានដែលចាំបាច់ ដើម្បីជាជំនួយដល់ការសិក្សារបស់ពួកគេ។ ការប្រគល់អំណោយនេះធ្វើឡើងនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ នៅឯការិយាល័យរបស់អង្គការ PNC ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីអ្នកនាង Maud Koetschet ប្រធានផ្នែកបណ្តុះបណ្តាលរបស់អង្គការ PNC  លោកស្រី លី វិទ្យា នាយិកាធនធានមនុស្សរបស់ធនាគារ ABA និងសិស្សនិស្សិតរបស់អង្គការ PNC។

រូបភាព

លោកស្រី លី វិទ្យា មានប្រសាសន៍ថា “យើងខ្ញុំមានមោទនភាពក្រៃលែង ដែលបានគាំទ្រអង្គការ PNC នៅក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពរបស់យុវជនកម្ពុជា តាមរយៈផ្តល់ការអប់រំ និងការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល។  អំណោយទាំងនេះ នឹងជួយឲ្យនិស្សិតនៅអង្គការ PNC ទទួលបាននូវជំនាញបច្ចេកវិទ្យាសំខាន់ៗបន្ថែមទៀត ដែលជាតម្រូវចាំបាច់នៅក្នុងទីផ្សារការងារ ហើយរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា”។

រូបភាព

លោកស្រី វិទ្យា បានបញ្ជាក់ផងដែរថា “​ABA ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ការ​អប់រំ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃវឌ្ឍនភាព​។ ការប្តេជ្ញាចិត្តរបស់ធនាគារយើងខ្ញុំ គឺលើសពីការផ្តល់អំណោយនេះទៅទៀត ដោយយើងធានាថា យុវជនកម្ពុជាគ្រប់រូប អាចទទួលបានការអប់រំប្រកបដោយគុណភាព និងដោយមិនគិតសាវតារក្រុមគ្រួសាររបស់ពួកគេឡើយ”។

អ្នកនាង Maud Koetschet បានថ្លែងអំណរគុណចំពោះអំណោយរបស់ធនាគារ ABA ថា “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ ABA ដែលបានផ្តល់អំណោយសប្បុរសធម៌របស់ខ្លួន ជាសម្ភារបរិក្ខារ IT នៅថ្ងៃនេះ។ ច្បាស់ណាស់ អំណោយទាំងនេះនឹងធ្វើឲ្យការសិក្សារបស់សិស្សនៅទីនេះប្រសើរឡើង ហើយវាក៏ជាឧបករណ៍ ដែលពួកគេត្រូវការជាចាំបាច់ដើម្បីបញ្ចេញសមត្ថភាព និងសក្តានុពលពេញលេញរបស់ពួកគេ''។

រូបភាព

ការប្តេជ្ញាចិត្តរបស់ធនាគារ ABA ក្នុងការពង្រឹងសមត្ថភាពយុវជនកម្ពុជា មិនមែនមានត្រឹមតែជាការផ្តល់អំណោយទាំងនេះទេ។ កន្លងមក ធនាគារបានគាំទ្រគំនិតផ្តួចផ្តើមជាច្រើន ដែលលើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាល។ បន្ថែមពីលើកិច្ចសហការរបស់ខ្លួនជាមួយអង្គការ PNC ធនាគារ ABA ក៏កំពុងស្វែងរកយ៉ាងសកម្ម នូវឱកាសបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់ការអប់រំនៅកម្ពុជា។

រូបភាព

កាលពីដើមខែសីហា ឆ្នាំ ២០២៣ ABA បានបរិច្ចាគថវិកាប្រមាណជា ២០,០០០ដុល្លារ ដល់វិទ្យាល័យ ហ៊ុនសែន កំពង់រោទិ៍ ខេត្តស្វាយរៀង (ABA contributed approximately $20,000 to Kampong Ro high school) ដើម្បីកែលម្អហេដ្ឋារចនាសម្ពន្ធរបស់សាលារៀន និងលើកកម្ពស់បរិយាកាសសិក្សាប្រកបដោយអំណោយផល ព្រមទាំងរៀបចំបន្ទប់រៀនកុំព្យូទ័រសម្រាប់សាលារៀនផងដែរ។

រូបភាព 

សម្រាប់ព័ត៌មានបន្ថែម អំពីសកម្មភាពកិច្ចការទំនួលខុសត្រូវសង្គមរបស់ធនាគារ ABA សូមចូលទៅកាន់គេហទំព័រនេះ( this webpage )៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]