ស្នេហា៖ ស្នេហាគឺជាទំនាក់ទំនងមួយដ៏ស្រស់ស្អាត ហើយបើសិនជាអ្នកនិងដៃគូរបស់អ្នក ឈានដល់ការភ្ជាប់ពាក្យភ្ជាប់សម្ដី ក្លាយជាគូដណ្ដឹងទៀតនោះ គឺកាន់តែមានន័យថា គេនិងអ្នកជិតឈានដល់ដំណាក់កាលគូជីវិតហើយ។​

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនប្រាកដថា ក្រោយភ្ជាប់ពាក្យក្លាយជាគូដណ្ដឹងហើយ បុរសឬនារីជាដៃគូរបស់អ្នកនៅតែរក្សាអត្តចរិតនិងឫកពាដដែលនោះទេ។ ជួនកាល អ្នកទើបតែសង្កេតឃើញថា ក្រោយភ្ជាប់ពាក្យ គឺគូដណ្ដឹងរបស់អ្នកចាប់ផ្ដើមប្លែកណាស់ មិនដូចគេពីមុនទេ ដូច្នេះអ្នកគួរតែពិនិត្យឲ្យហ្មត់ចត់មែនទែន ហើយបើសិនជាអ្នកគិតថាអ្នកមិនអាចផ្ញើជីវិតជាមួយគេបានទេ សូមប្រញាប់ផ្ដាច់ពាក្យពីគេវិញ។​

ខាងក្រោមនេះជាសញ្ញាណដែលអ្នកគួរផ្ដាច់ពាក្យពីគូដណ្ដឹងរបស់អ្នក៖

១. គេលែងចំណាយពេលនៅជាមួយអ្នក

សាកស្រមៃមើល មិនទាន់បានរៀបការពេញលេញផង គេស្រាប់តែទុកអ្នកចោលទៅហើយ តើនាថ្ងៃអនាគតពេលអ្នកក្លាយជាភរិយាគេ តើគេនឹងធ្វើបាបចិត្តអ្នកប៉ុណ្ណាទៅ? មិនថាគូដណ្ដឹងអ្នករវល់ប៉ុណ្ណាទេតែអ្នកនិងគេជិតក្លាយជាគូជីវិតហើយ ត្រូវចំណាយពេលនៅជាមួយគេ សិក្សារៀនសូត្រពីគ្នាឲ្យបានគ្រប់ជ្រុងជ្រោយ ត្រូវដឹងថាពេលខឹងពេលច្រឡោត គេបញ្ចេញអត្តចរិតបែបណា?

២. គេមិនគោរពគ្រួសាររបស់អ្នក

ស្នេហា និងគ្រួសារ ត្រូវតែដើរទន្ទឹមគ្នា ព្រោះអ្នកមិនអាចកាត់ផ្ដាច់ខ្លួនឯងពីគ្រួសាររបស់អ្នកទេ បើទោះបីជាអ្នកបានភ្ជាប់ពាក្យ ជិតចូលរោងជ័យក៏ដោយ។ ក្នុងន័យនេះ បើសិនជាគូដណ្ដឹងរបស់អ្នកគ្មានការគោរពចំពោះឪពុកម្ដាយអ្នក និងគ្រួសារអ្នក ដូចជានិយាយដើមបងប្អូនមាមីងឪពុកម្ដាយរបស់អ្នកប្រាប់អ្នកដទៃ ឬរិះគន់ពួកគាត់ត្រង់ៗ សូមចាកចេញពីគេចុះ ព្រោះក្រោយរៀបការ គេអាចនឹងមើលងាយគ្រួសារអ្នកជាងនេះទៅទៀត។​

៣. រិះគន់អ្នកជាជាងកែតម្រូវ

មនុស្សនៅក្នុងលោកម្នាក់ៗគ្មានអ្នកណាល្អឥតខ្ចោះនោះឡើយ អ្នកតែងតែមានចំណុចខ្លាំងនិងចំណុចខ្សោយ ហើយបើសិនគូដណ្ដឹងអ្នកបានព្យាយាមរិះគន់អ្នកជារឿយៗ ដោយមិនបានផ្ដល់ការណែនាំនិងកែតម្រូវ គឺស្មើនឹងអ្នកគ្មានការគោរពចំពោះអ្នកទេ ហើយគេមុខជាគិតថាអ្នកល្ងង់ អ្នកគួរតែនៅក្រោមស្លាបរបស់គេហើយ។ ដើម្បីអាចចាប់ដៃគូគ្នានៅលើផ្លូវជីវិត គឺទាមទារឲ្យគូស្នេហ៍ចេះទទួលយកទាំងចំណុចល្អនិងចំណុចអាក្រក់រវាងគ្នានឹងគ្នា។​

រូបភាពតំណាង

៤. ព្យាយាមគ្រប់គ្រងលើការសម្រេចចិត្តគ្រប់យ៉ាងរបស់អ្នក

ការផ្ដាច់ពាក្យខ្លះកើតឡើងដោយសារ ភាគីម្ខាងតែងតែព្យាយាមគ្រប់គ្រងភាគីម្ខាងទៀត សូម្បីតែការសម្រេចចិត្តនានាជាប្រចាំថ្ងៃ។ បើសិនអ្នកសង្កេតឃើញថាគេមិនស្ដាប់ពីគំនិតយោបល់អ្នក ឬតែងតែប្រាប់អ្នកឲ្យធ្វើនេះធ្វើនោះ ទាំងដែលនេះគឺជាជីវិតរបស់អ្នក សូមប្រញាប់ដាក់មេផាយភ្លាមទៅ!​

៥. នៅទាក់ទងអ្នកចាស់ជារឿយៗ

នរណាក៏មិនស្រួលចិត្តដែរ ពេលគូដណ្ដឹងរបស់អ្នកនៅទាក់ទងជាមួយអតីតដៃគូរបស់គេ ដូចជាគ្មានរឿងអ្វីកើតឡើងទាំងដែលចប់គ្នាទៅហើយ។ ពេលខ្លះ គេប្រាប់អ្នកថាមិនឲ្យអ្នកបារម្ភ ហើយពួកគេត្រឹមតែជាមិត្តប៉ុណ្ណោះ តើសម្ដីនេះអាចជឿទុកចិត្តបានប៉ុណ្ណា? ចុះបើក្រោយរៀបការ គេស្រាប់តែលួចទាក់ទងជាមួយអ្នកចាស់ ព្រោះគិតថាអ្នកមិនអាចដោះដៃចេញពីគេងាយៗទៀតបាននោះ តើអ្នកត្រូវរស់បៀមភាពឈឺចាប់រហូតទៅឬ? ដូច្នេះបើសិនជាគេនៅតែប្រឹងទាក់ទងជាមួយអ្នកចាស់ សូមទៅដោះស្រាយជាមួយគេ ហើយបើសិនគេនៅតែបន្តធ្វើបែបនេះទៀត សូមផ្ដាច់ពាក្យពីគេចុះ។​

រូបភាពតំណាង

៦. ប៉ះពាល់អ្នកលើសពីព្រំដែន

ជាទូទៅ គូដណ្ដឹងមិនទាន់មានឈ្មោះជាស្វាមីភរិយាពេញច្បាប់ទេ ហើយអ្នកទាំងពីរក៏មិនទាន់មានទំនាក់ទំនងផ្លូវកាយបែបជ្រាលជ្រៅដែរ ប៉ុន្តែបើក្នុងករណីភ្ជាប់ពាក្យហើយ គេស្រាប់តែទាមទារចង់បានខ្លួនអ្នក ចង់ប៉ះពាល់អ្នកលើសពីអ្វីដែលអ្នកនិងគេធ្លាប់ព្រមព្រៀងគ្នា គឺវាជារឿងដែលអ្នកត្រូវនិយាយជាមួយគេឲ្យច្បាស់ តែបើសិនគេមិនស្ដាប់អ្នកនិងនៅតែបន្តលូកលាន់អ្នក អ្នកគួរតែដើរចេញពីគេព្រោះគេមិនគោរពអ្នកឡើយ។​

៧. គេលាក់ចរិតពីអ្នក

ជាធម្មតា មនុស្សម្នាក់ៗតែងតែមានចរិតពីរ ពេលនៅជាមួយដៃគូដែលគេស្រលាញ់ និងនៅជាមួយអ្នកដទៃ ប៉ុន្តែពេលក្លាយជាគូដណ្ដឹង អ្នកត្រូវស្គាល់ចរិតគេឲ្យគ្រប់ប្លង់ ដឹងថាពេលខឹងគេបែបណា ពេលងរង៉ក់គេបែបណា ពេលគេមិនសប្បាយចិត្ត គេធ្វើបែបណា? បើសិនជាអ្នកមិនសូវដឹងពីគេទេ ឬស្គាល់តែចរិតមួយផ្នែករបស់គេ ឬក៏គេមើលទៅលាក់លៀមមិនចង់បើកបង្ហាញដល់អ្នក សូមគិតសាជាថ្មីថារៀបការឬមិនរៀបការ!​

៨. កុហកអ្នក

មិនទាន់ក្លាយជាស្វាមីភរិយាផង ស្រាប់តែអ្នករកឃើញថាគេកុហកអ្នកជារឿយៗ ដែលកាលពីមុន អ្នកចេះតែលើកលែងចេះតែទ្រាំនឹងគេ យូរៗទៅវាក៏ក្លាយជាទម្លាប់ គេបន្តកុហកអ្នកជារឿយៗ ចាប់ពីរឿងតូចរហូតដល់រឿងធំ ដូច្នេះអ្នកគួរតែសុំផ្ដាច់ពាក្យជាជម្រើសល្អបំផុត។ ស្នេហានិងការរួមរស់ជាមួយគ្នាជាគូជីវិត ត្រូវការភាពស្មោះត្រង់ជាកត្តាដ៏សំខាន់បំផុត ព្រោះអ្នកនិងដៃគូត្រូវបើកចិត្តនិយាយគ្នាគ្រប់បញ្ហាដោយភាពស្មោះត្រង់ ដើម្បីអាចកាន់ដៃគ្នាដើរបន្តទៅមុខទៀត។

រូបភាពតំណាង

៩. នៅទាមទារចំណាប់អារម្មណ៍ពីភេទផ្ទុយ

នៅពេលអ្នកយកគូដណ្ដឹងរបស់អ្នកចេញទៅដើរលេងជាមួយមិត្តភក្តិឬអ្នកស្គាល់គ្នាឯទៀត តើអ្នកសង្កេតមើលទេថា គូដណ្ដឹងអ្នកប្រឹងទាមទារចំណាប់អារម្មណ៍ពីភេទផ្ទុយ? តើគេទុកអ្នកចោលដែរទេ? តើគេព្យាយាមសរសើរម្នាក់នោះទាំងដែលអ្នកនៅឈរជាមួយគេដែរ? សញ្ញាណអស់ទាំងនេះសុទ្ធតែបញ្ជាក់ថាគេគ្មានភាពស្មោះត្រង់ជាមួយអ្នកទេ! នៅនឹងមុខអ្នកធ្វើដល់ប៉ុណ្ណឹងហើយ សាកគិតស្រមៃទៅមើលចុះបើក្រោយខ្នងវិញ?

​ ១០. ប្រើហិង្សាមកលើអ្នក

មិនថាតាមផ្លូវកាយ ឬផ្លូវចិត្ត គ្មាននរណាចូលចិត្តឲ្យអ្នកដទៃប្រើហិង្សាមកលើគេទេ មិនថាតាមផ្លូវកាយ ឬផ្លូវចិត្ត។ បើសិនអ្នករកឃើញថាគូដណ្ដឹងអ្នក ចូលចិត្តប្រើហិង្សាមកលើរាងកាយរបស់អ្នក សូមផ្ដាច់ពាក្យពីគេភ្លាម!​ការហិង្សា មិនមែនធ្វើឡើងតែតាមផ្លូវកាយទេ តែតាមផ្លូវចិត្តផងដែរ ដូចជាដាក់សម្ពាធ គាបសង្កត់ បញ្ជាឲ្យអ្នកធ្វើនេះធ្វើនោះ។

អ្នកត្រូវចាំថា អ្នកជាមនុស្សដ៏មានតម្លៃណាស់ ហើយគូជីវិតរបស់អ្នកសមគួរតែជាមនុស្សដែលយល់ពីអ្នក គោរពឲ្យតម្លៃអ្នក គោរពគ្រួសាររបស់អ្នក និងទទួលយកនូវចំណុចខ្វះខាតទាំងឡាយរបស់អ្នក។ បើសិនគេគ្មានចំណុចអស់ទាំងនេះទេ គេមិនអាចឲ្យអ្នកផ្ញើជីវិតទៅលើបានទេ។ កុំគិតថា ភ្ជាប់ពាក្យហើយពិបាកផ្ដាច់វិញឲ្យសោះ។ ការផ្ដាច់ពាក្យមិនមែនជារឿងគួរឲ្យអាម៉ាស់ទេ ការទ្រាំរស់នៅក្នុងអាពាហ៍ពិពាហ៍ដែលដៃគូមិនផ្ដល់តម្លៃនិងធ្វើបាបចិត្តទៅវិញទេដែលជារឿងអាម៉ាស់៕

រូបភាពតំណាង

ប្រភព៖: bonobology

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]