ស្នេហា៖ ទំនាក់ទំនងរវាងគូស្នេហ៍ អាចស្ថិតស្ថេរទៅបានដោយសារតែភាគីទាំងពីរ ចេះស្រលាញ់ ចេះយកចិត្តទុកដាក់ ចេះមើលថែ ការពារ ផ្ដល់តម្លៃ និងស្មោះត្រង់ឲ្យគ្នាទៅវិញទៅមក។ ភាពស្មោះត្រង់ជាកត្តាចម្បងមួយដើម្បីរក្សាសម្ព័ន្ធភាពគូស្នេហ៍ ព្រោះបើម្នាក់ៗមិនស្មោះត្រង់ជាមួយគ្នា លួចសៅគ្រី ឬលួចទៅចែចូវជាមួយអ្នកផ្សេង នោះគឺមានន័យថាទំនាក់ទំនងនេះជួបនឹងភាពរកាំរកូសហើយ។
គ្មានអ្នកណាទ្រាំបានទេបើសិនដឹងថាគូស្នេហ៍របស់ខ្លួនបានផិតក្បត់ទៅរកអ្នកផ្សេង។ គូស្នេហ៍ខ្លះក៏សម្រេចចិត្តបែកគ្នា តែគូស្នេហ៍ខ្លះទៀតក៏ជ្រើសរើសយកការអភ័យទោសហើយដើរទៅមុខជាមួយគ្នាបន្តទៀត។ យ៉ាងណាមិញ បើសិនជាបែកគ្នាហើយ អតីតគូស្នេហ៍ដែលធ្លាប់ផិតក្បត់នឹងអ្នកបែរជាសុំឱកាសជាលើកទី២ សុំឲ្យអ្នកទទួលយកគេវិញ តើអ្នកត្រូវធ្វើយ៉ាងណា? ចម្លើយមានច្រើនយ៉ាងណាស់ ស្រេចទៅលើការគិតរបស់មនុស្សម្នាក់ៗ ប៉ុន្តែអ្នកត្រូវសួរខ្លួនឯងនូវរាល់សំណួរខាងក្រោមជាងមុនសិន៖
១. នេះជាលើកទី១ដែលគេក្បត់អ្នក?
២. តើដៃគូដែលក្បត់នោះបានយល់ពីការឈឺចាប់របស់អ្នកទេ? ឬគេដឹងហើយតែនៅព្រងើយកន្តើយ?
៣. តើដៃគូដែលក្បត់នោះ គិតថាការផិតក្បត់ជាបញ្ហាមែនទេ?
៤. តើដៃគូអ្នកព្រមទទួលខុសត្រូវចំពោះរឿងនេះ ឬក៏ទទួលខុសថាខ្លួនឯងពិតជាមិនស្មោះត្រង់នឹងអ្នកមែន?
៥. តើដៃគូអ្នកបានសុំទោសអ្នកឬទេ?
៦. តើអ្នកជឿទេថាដៃគូអ្នកពិតជាមានអារម្មណ៍ខុសដូចអ្វីដែលគេថាមែន?
៧. តើដៃគូអ្នកបានកាត់ផ្ដាច់ទំនាក់ទំនងជាមួយស្រីឬប្រុសម្នាក់នោះហើយឬនៅ?
៨. តើអ្នកអាចជឿទុកចិត្តដៃគូអ្នកដូចកាលពីមុនឬអត់?
៩. តើអ្នកអភ័យទោសឲ្យដៃគូដែលក្បត់របស់អ្នកទេ?
១០. តើគ្រួសាររបស់អ្នកគាំទ្រឲ្យអ្នកផ្ដល់ឱកាសឲ្យគេដែរឬទេ?
១១. តើអ្នកទាំងពីរព្រមដោះស្រាយបញ្ហានេះ និងចាប់ដៃគ្នាដើរទៅមុខទៀតឬទេ?
១២. តើអ្នកគិតថាទំនាក់ទំនងនេះសមគួរឲ្យអ្នកបន្តជាមួយគេឬទេ?
១៣. តើអ្នកធ្លាប់គិតចង់សងសឹកអ្វីដែលគេធ្វើមកលើអ្នកទេ?
បើសិនជាអ្នករកឃើញចម្លើយហើយ នោះអ្នកប្រាកដជាដឹងពីជម្រើសរបស់អ្នក ថាត្រូវអភ័យទោសនិងផ្ដល់ឱកាសឲ្យគេជាលើកទី២ ឬក៏បែកគ្នាតែម្ដង?
បើសិនជាអ្នកព្រមអភ័យទោសឲ្យដៃគូដែលក្បត់របស់អ្នក សូមអ្នកប្រាប់គេឲ្យច្បាស់ថានេះជាលើកទី១និងជាលើកចុងក្រោយហើយ បើសិនជាចាប់បានថាគេក្បត់អ្នកជាលើកទី២ គឺអ្នកនឹងដើរចេញតែម្ដង។
ដៃគូរបស់អ្នកដែលបានក្បត់នោះ ត្រូវតែមកសុំទោសអ្នក ពន្យល់ពីហេតុផលដែលបណ្ដាលឲ្យគេសម្រេចចិត្តក្បត់អ្នក ហើយគេត្រូវតែប្រាប់អ្នកយ៉ាងស្មោះត្រង់ និងត្រូវសន្យាថាមិនធ្វើបែបនោះដាច់ខាតទៀត។ ប៉ុន្តែបើសិនជាអ្នកខ្លួនឯងមានអារម្មណ៍ថាមិនអាចជឿទុកចិត្តសម្ដីរបស់គេ សូមអ្នកចែកផ្លូវគ្នាជាមួយគេចុះ។
ក្នុងករណីដែល ដៃគូអ្នកនៅតែបន្តក្បត់អ្នកម្ដងជាពីរដង ពីរដងជាបីដង ពិតណាស់ អ្នកត្រូវតែដើរចេញពីទំនាក់ទំនងនេះ ព្រោះវាមានន័យថាគេលែងផ្ដល់តម្លៃឲ្យអ្នកហើយ។ ការនៅឱបក្រសោបទំនាក់ទំនងបែបនេះ គឺស្មើនឹងឱបទុក្ខ ដោយសារជីវិតអ្នកនឹងស្គាល់តែភាពឈឺចាប់។ គ្មានអ្នកណាមិនធ្លាប់ខុសទេក្នុងមួយជីវិតនេះ ជួនកាលអ្នកខ្លះធ្លាប់ក្បត់ដៃគូមែនតែក៏កែប្រែខ្លួន ហើយអ្នកខ្លះទៀតនៅតែមិនកែ ដូច្នេះសូមពិនិត្យមើលអត្តចរិតរបស់គេឲ្យច្បាស់ ហើយបើសិនរកឃើញថាដៃគូអ្នកនៅតែទាក់ទងជាមួយអ្នកដែលគេធ្លាប់ក្បត់នឹងអ្នកជារឿយៗ សូមចាកចេញពីគេភ្លាម៕
ប្រភព៖: verywellmind
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]