ស្នេហា៖ ទំនាក់ទំនងស្នេហាទាំងអស់មិនប្រាកដថាសមបំណងទេ មានមនុស្សច្រើននាក់ណាស់ដែលលួចស្រលាញ់គេម្នាក់ឯង មិនទាន់រកឱកាសសារភាពបាន ឬមិនចង់សារភាពព្រោះខ្លាចនេះខ្លាចនោះ។ បុគ្គលខ្លះទៀតស្រលាញ់គេហើយមានចិត្តក្លាហាន សារភាពស្នេហ៍គេ តែត្រូវបដិសេធមកវិញ ឯអ្នកខ្លះទៀត ស្រលាញ់ម្នាក់នេះ ស្រាប់តែម្នាក់នោះមកសារភាពស្នេហ៍បែបនឹកស្មានមិនដល់ ធ្វើឲ្យពិបាករកពាក្យមកបដិសេធស្នេហ៍ព្រោះមិនចង់ធ្វើបាបទឹកចិត្តគេជាដើម រហូតដល់ពេលខ្លះជ្រុលខ្លួនឆ្លើយយល់ព្រមធ្វើគូស្នេហ៍របស់គេទាំងមិនស្រលាញ់គេទៀតផង។
ការបដិសេធស្នេហ៍អ្នកដទៃមិនបានធ្វើឲ្យអ្នកក្លាយជាមនុស្សអាក្រក់ទេព្រោះវាជាជម្រើសរបស់អ្នក។ ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗ ជួយឲ្យអ្នកបដិសេធស្នេហ៍អ្នកដទៃយ៉ាងគួរសមបំផុត៖
១. បដិសេធគេយ៉ាងស្មោះត្រង់
ក្នុងន័យនេះ អ្នកត្រូវបដិសេធស្នេហ៍គេត្រង់ៗ តាំងពីគេសារភាពស្នេហ៍លើកដំបូង ដោយមិនបាច់អូសបន្លាយយូរទេព្រោះកាន់តែនៅជាមួយយូរ គេកាន់តែគិតថាអ្នកផ្ដល់ឱកាសឲ្យគេ។ កត្តាសំខាន់គឺ អ្នកត្រូវប្រាប់គេយ៉ាងស្មោះត្រង់ តែចៀសវាងដាច់ខាតការប្រើពាក្យណាដែលទម្លាក់ទឹកចិត្តរបស់គេ និងនិយាយដោយប្រើភាសាទន់ភ្លន់។
២. រៀបចំពាក្យនិយាយឲ្យបានល្អ
អ្នកត្រូវត្រៀមចិត្តទុកជាមុន មុនពេលបដិសេធស្នេហ៍នរណាម្នាក់ ដោយដៅចម្លើយរបស់គេទុកជាមុន។ ជួនកាល គេអាចនឹងមិនព្រមទទួលយកការសម្រេចចិត្តរបស់អ្នក ឬអង្វរករអ្នកឲ្យផ្ដល់ឱកាសដល់គេ ដូច្នេះអ្នកត្រូវរកពាក្យគួរសមណាមួយត្រៀមរួចជាស្រេច។ ត្រូវចាំថា បើសិនជាម្នាក់នោះស្រាប់តែមិនសប្បាយចិត្តនិងព្យាយាមរករឿងអ្នក សូមរក្សាភាពស្ងប់ស្ងៀមនិងមិនត្រូវខឹងច្រឡោតទេ។
៣. បដិសេធមុខទល់មុខ
នៅក្នុងសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាមានការរីកចម្រើន គឺអ្នកអាចគិតថាការបដិសេធស្នេហ៍របស់គេតាមសារ តាមទូរស័ព្ទឬតាមឆាត ជាជម្រើសល្អបំផុត ព្រោះមិនចាំបាច់ឃើញមុខគេ ប៉ុន្តែបើសិនជាអ្នកចង់បដិសេធស្នេហ៍គេយ៉ាងគួរសមនិងផ្ដល់ការគោរពដល់គេ សូមបដិសេធគេមុខទល់មុខតែម្ដង។ ការធ្វើបែបនេះ ជួយឲ្យគេបានឃើញទឹកមុខនិងកាយវិការរបស់អ្នកថាអ្នកមិនបានលេងសើច។
៤. កុំបន្ទោស ឬដាក់បន្ទុកទៅលើគេឲ្យសោះ
នៅពេលអ្នកបដិសេធគេ សូមកុំព្យាយាមផ្ដល់ហេតុផលដែលដាក់បន្ទុកទៅលើគេ ឬបន្ទោសគេ ថាមកពីគេធ្វើនេះធ្វើនោះទើបអ្នកបដិសេធស្នេហ៍គេ។ អ្នកគ្រាន់តែបង្ហាញទៅថាអ្នកនិងគេមានគោលដៅនិងការគិតខុសគ្នា ទើបអ្នកមិនអាចទទួលយកក្ដីស្រលាញ់របស់គេបាន។
៥. កុំព្យាយាមបង្អែបង្អង់
អ្នកខ្លះដឹងថាខ្លួនឯងនឹងបដិសេធគេហើយ តែបែរជាមិនធ្វើភ្លាមៗ ទៅជារក្សាទុកវាយូរទៅៗ មួយសប្តាហ៍ទៅមួយសប្តាហ៍ មួយខែទៅមួយខែ ជាហេតុធ្វើឲ្យអ្នកដែលសារភាពស្រលាញ់អ្នកទទួលរងទារុណកម្មផ្លូវចិត្ត ព្រោះនៅដេកគិតដើរគិតថាអ្នកនឹងទទួលយក ឬបដិសេធស្នេហ៍របស់គេ។ បើដឹងថាអ្នកនឹងបដិសេធគេហើយ សូមធ្វើវាភ្លាមៗ ហាមបង្អែបង្អង់យូរ ដើម្បីជាការគោរពដល់គេ និងធ្វើឲ្យគេឆាប់កាត់ចិត្តពីអ្នកផង។
៦. កុំផ្ដល់ក្ដីសង្ឃឹមខ្យល់ដល់គេ
ដាច់ខាតកុំផ្ដល់ក្ដីសង្ឃឹមខ្យល់ដល់គេ កុំលេបខាយដោយពាក្យសម្ដីនិងកាយវិការធ្វើឲ្យគេសង្ឃឹមថាអ្នកនឹងមានចិត្តស្រលាញ់គេវិញ។ បើសិនគេព្យាយាមណាត់អ្នកចេញមកក្រៅ ឬទូរស័ព្ទមកអ្នក សូមរក្សាគម្លាត និងបង្ហាញចេញច្បាស់ៗថាអ្នកមិនត្រូវការគេទេ!អ្នកត្រូវគិតថា សុខចិត្តធ្វើជាមនុស្សចិត្តអាក្រក់ពេលនេះ ប្រសើរជាងបណ្ដោយឲ្យគេឈឺចាប់នៅពេលក្រោយ៕
ប្រភព៖: canadianliving
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]