ស្នេហា៖ ទំនាក់ទំនងស្នេហានៅលើលោកយើងនេះអាចកើតឡើងដោយមិនបានព្រៀងទុកជាមុនទេ អ្នកខ្លះនៅក្បែរគ្នារាប់ឆ្នាំតែគ្មានអារម្មណ៍អ្វីសោះ ស្រាប់តែទៅចួបអ្នកថ្មីបានមិនប៉ុន្មានក៏ស្រលាញ់គេខ្លាំង ឯអ្នកខ្លះទៀតនៅជាមួយមិត្តភក្តិយូរៗក៏ចាប់ផ្ដើមសម្លឹងឃើញមិត្តភក្តិស្អាតសង្ហាខ្លាំង យូរៗទៅក៏លង់ស្នេហ៍មិត្តឯងទាំងមិនដឹងខ្លួន!
ការលង់ស្នេហ៍មិត្តភក្តិខ្លួនឯង មានបញ្ហាជាច្រើនណាស់ត្រូវគិតមុននឹងសម្រេចចិត្តសារភាពស្នេហ៍ប្រាប់គេ ព្រោះមិត្តខ្លះចាត់ទុកយើងជាមិត្តមែនទែន មិនបានគិតអីលើសលួសទេ។ អ្នកខ្លះទៀតស្រលាញ់មិត្តខ្លួនឯងមែនតែមិនហ៊ានសារភាព ទ្រាំលាក់ទុករាប់ឆ្នាំព្រោះមិនចង់បំផ្លាញមិត្តភាព។
ខាងក្រោមនេះគឺជាគន្លឹះខ្លះៗបើសិនជាអ្នកបានជ្រុលខ្លួនលង់ស្នេហ៍មិត្តភក្តិរបស់អ្នក៖
១. ត្រូវវិភាគលើអារម្មណ៍របស់អ្នកជាមុនសិន
អ្នកត្រូវយកអារម្មណ៍ខ្លួនឯងមកវិភាគឲ្យបានច្បាស់ ថាអ្នកពិតជាស្រលាញ់មិត្តភក្តិរបស់អ្នកមែន ឬគ្រាន់តែកោតសរសើរគេនូវរឿងណាមួយត្រឹមតែមួយឆាវ? ជួនកាលមួយរយៈនេះ គេបានផ្លាស់ប្ដូរការតុបតែងខ្លួនមើលទៅស្រស់ស្អាតស្រស់សង្ហា ឡូយឆាយជាងមុន ទើបអ្នកចេះតែគិតពីគេលើសពីមិត្ត។ តើអ្នកគិតថារាងកាយរបស់គេទាក់ទាញមែនឬអត់? តើពីមួយថ្ងៃទៅមួយថ្ងៃ ក្ដីស្រលាញ់របស់អ្នកចំពោះគេចេះតែកើនឡើងឬ? ជួនកាល អ្នកនិងមិត្តភក្តិអ្នកមានចំណង់ចំណូលចិត្តដូចគ្នា និយាយឆាប់ចូលគ្នាចុះទើបអ្នកសម្លឹងមើលគេក្នុងផ្លូវស្នេហាអ៊ីចឹងទៅ។
២. រ៉ាយរ៉ាប់អារម្មណ៍របស់អ្នកលើក្រដាសសៀវភៅ
ពេលអ្នកចាប់ផ្ដើមវិភាគពីអារម្មណ៍របស់អ្នកចំពោះមិត្តអ្នកហើយ សូមធ្វើការសរសេរពីអារម្មណ៍អស់ទាំងនោះទៅលើសៀវភៅ ហើយបន្តសរសេរវាពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកត្រូវរ៉ាយរ៉ាប់អារម្មណ៍ពេលមានគេនៅក្បែរ ពេលគេបបួលអ្នកទៅនេះទៅនោះ។ ធ្វើបែបនេះរយៈពេលមួយសប្តាហ៍ឡើង នឹងធ្វើឲ្យអ្នកកាន់តែដឹងច្បាស់ពីតម្រូវការខ្លួនឯង។
៣. ធ្វើការសម្រេចចិត្ត
បន្ទាប់ពីអ្នកវិភាគច្បាស់ពីអារម្មណ៍អ្នក ថាអ្នកពិតជាស្រលាញ់មិត្តរបស់អ្នកលើសពីមិត្តភាពធម្មតាមែន ជំហានដំបូងគឺអ្នកត្រូវធ្វើការសម្រេចចិត្តហើយថា សារភាពស្នេហ៍ប្រាប់គេត្រង់ៗ? ឬមួយរក្សាទុកក្នុងចិត្តបែបនេះ? បើក្នុងករណីអ្នកជ្រើសរើសយកការសារភាព អ្នកក៏ត្រូវដឹងពីលទ្ធផលជាក់ស្ដែងដែលចេញមកផងដែរ។
៤. រកអ្នកអាចប្រឹក្សានិងផ្ដល់យោបល់
ចំណុចនេះ បើសិនអ្នកគិតថាអ្នកទ័លគំនិតខ្លាំង មិនដឹងធ្វើបែបណា សូមស្វែងរកការពិភាក្សាជាមួយមនុស្សជុំវិញខ្លួនមិនថាឪពុកម្ដាយ បងប្អូន ឬមិត្តភក្តិផ្សេងទៀតដែលអ្នកគិតថាពួកគេចាស់ទុំនិងពូកែដោះស្រាយរឿងជីវិត។ អ្នកអាចរ៉ាយរ៉ាប់ពីអារម្មណ៍របស់អ្នកចំពោះមិត្តអ្នក និងសួរយោបល់ពួកគេថាអ្នកគួរលាក់វាទុកឬសារភាព?
៥. ចេញប្រតិបត្តិការ
បើសិនជាអ្នកជ្រើសរើសយកការសារភាព សូមអ្នកដឹងពីលទ្ធផលដែលចេញមក គឺក្នុងន័យដែលមិត្តអ្នកបដិសេធស្នេហ៍អ្នក គឺទំនាក់ទំនងជាមិត្តភាពរបស់អ្នកអាចនឹងបែកបាក់ ឬប្រេះស្រាំ លែងមើលមុខគ្នាចំ។ អ្នកត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមនឹងវាប្រកបដោយភាពក្លាហាន៕
ប្រភព៖: betterhelp
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]