ស្នេហា៖ ស្នេហាមិនប្រកាន់ភេទ ពណ៌សម្បុរ អាយុ ឋានៈ ឬជាតិសាសន៍នោះឡើយ ឲ្យតែមនុស្សទាំងពីរនាក់មានអារម្មណ៍ស្រលាញ់ចំពោះគ្នា ស្មោះត្រង់នឹងគ្នា មើលថែគ្នា ការពារគ្នា គឺស្នេហាអាចរក្សាស្ថិតស្ថេរគង់វង្សបានហើយ។ ប៉ុន្តែស្នេហាដែលខុសជាតិសាសន៍ គឺទាមទារឲ្យមានការយកចិត្តទុកដាក់ថែរក្សាខ្ពស់ ព្រោះអ្នកទាំងពីរមានមជ្ឍដ្ឋានរស់នៅខុសគ្នា ទំនៀមទម្លាប់ប្រពៃណីខុសគ្នា និងទស្សនៈនៃការគិតខុសគ្នា ដូច្នេះអ្នកទាំងពីរត្រូវរកចំណុចប្រសព្វមួយដើម្បីព្រមព្រៀងគ្នា មិនដូច្នេះទេគឺឆាប់បែកបាក់ណាស់។
ខាងក្រោមនេះ ជាវិធីសាស្ត្រមួយចំនួនដែលអ្នកគួរអនុវត្តន៍ពេលមានដៃគូជាជនជាតិបរទេស៖
១. ពង្រឹងការទំនាក់ទំនងគ្នា
ការទំនាក់ទំនងគ្នាគឺពិតជាសំខាន់ក្នុងចំណងស្នេហ៍នីមួយៗ ព្រោះបើមិនទាក់ទងគ្នាទេ ភាគីម្ខាងៗមិនអាចយល់ពីគ្នាទេ ហើយបើសិនអ្នកមានគូស្នេហ៍ជាជនជាតិបរទេសទៀតនោះ គឺរឹតតែត្រូវយកចិត្តទុកដាក់ពង្រឹងលើទំនាក់ទំនងរវាងគ្នានឹងគ្នា។ ដោយសារអ្នកទាំងពីរប្រើប្រាស់ភាសាខុសគ្នា ទើបវាក្លាយជារឿងមួយរាងពិបាកបើសិនជាមានជម្លោះកើតឡើងដូច្នេះអ្នកត្រូវរៀនភាសាអង់គ្លេសឬហ្វឹកហាត់និយាយឲ្យបានល្អចៀសវាងមានការភ័ន្តច្រឡំ។ ក្នុងចំណុចនេះ អ្នកត្រូវទទួលយកថា ការទំនាក់ទំនងគ្នាអាចមិនល្អរហូតទេ គឺគូស្នេហ៍របស់អ្នកអាចនឹងមានបញ្ហា អ៊ីចឹងហើយមិនត្រូវរិះគន់គេទេ និងទទួលយកអ្វីដែលជាគេ។
២. រៀនសូត្រពីប្រទេសនិងទំនៀមទម្លាប់របស់ដៃគូអ្នក
ការរៀនសូត្រខ្លះៗពីប្រទេសក៏ដូចជាទំនៀមទម្លាប់ដៃគូរបស់អ្នក អាចជួយអ្នកបានច្រើនណាស់ គឺជួយឲ្យយល់ដឹងពីដៃគូអ្នកកាន់តែខ្លាំង ដើម្បីបើកឱកាសឲ្យអ្នកសម្របខ្លួនរស់នៅជាមួយគេឲ្យបានកាន់តែល្អ។ ប៉ុន្តែករណីខ្លះ អាចនឹងមានភាពចម្រូងចម្រាសផ្នែកផ្នត់គំនិតនិងទំនៀមទម្លាប់ដូច្នេះ អ្នកត្រូវរៀនទទួលយកនិងស្វែងយល់ពីគេ។
៣. មិនត្រូវបណ្ដុះបង្អាប់ជាតិសាសន៍របស់គេទេ
ជាតិសាសន៍ណាក៏ដោយនៅលើលោក សុទ្ធតែមានភាពពិសេសរបស់ពួកគេរៀងៗខ្លួន។ យើងមិនអាចតាំងខ្លួនថា យើងជាជាតិសាសន៍ខ្ពស់ជាងគេល្អជាងគេក្នុងលោកទេ ហើយយើងក៏មិនអាចទៅបណ្ដុះបង្អាប់សើចចម្អកវប្បធម៌របស់គេដែរ។ សូមមានការគោរពចំពោះទីកន្លែងកំណើតរបស់គេនិងទំនៀមទម្លាប់របស់គេ និងចៀសវាងនិយាយពីប្រធានាបទរើ.សអើ.ងពូជ.សាសន៍ជាដើម។
៤. គោរពសាសនារបស់គេ
មិនថាអ្នកស្រលាញ់និងគោរពសាសនារបស់អ្នកប៉ុណ្ណា ក៏អ្នកមិនត្រូវប្រើពាក្យប្រមាថមើលងាយដល់សាសនារបស់ដៃគូអ្នកដែរ។ អ្នកក៏មិនត្រូវបង្ហាញទស្សនៈមិនល្អឬប្រៀបធៀបជំនឿរបស់អ្នកនិងគេដែរ ព្រោះមនុស្សម្នាក់ៗមានការគិតខុសៗគ្នា បើទោះបីជាគូស្នេហ៍នឹងគ្នាក៏ដោយ។ សូមផ្ដល់ជាកម្លាំងចិត្តនិងគាំទ្រគេក្នុងការបង្ហាញសទ្ធាក្នុងសាសនារបស់គេ។
៥. តែងតែសម្របសម្រួលគ្នា
ដោយសារមានវប្បធម៌ ស្រុកកំណើត ជាតិសាសន៍ សាសនា និងទំនៀមទម្លាប់ខុសគ្នាទើប អ្នកនិងដៃគូជាជនបរទេសត្រូវតែមានការសម្របសម្រួលគ្នា ព្រមព្រៀងគ្នា យល់ពីគ្នាឲ្យបានច្រើនទើបរក្សាចំណងស្នេហ៍ទៅមុខ ព្រោះគេមានទាំងផ្នត់គំនិតនិងបរិបទនៃការរស់នៅខុសគ្នាខ្លាំងណាស់៕
ប្រភព៖: mensxp
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]