យល់ដឹង៖ ភាពមានទំនុកចិត្តខ្ពស់ គឺពិតជាមន្តស្នេហ៍ដ៏ទាក់ទាញមួយសម្រាប់បុរសនិងនារី ព្រោះគ្មាននរណាចង់បានមនុស្សដែលគិតតែដើរឱនមុខជ្រប់ មិនសូវនិយាយស្ដី និងមើលទៅខ្លាចនេះខ្លាចនោះនោះឡើយ។ ការមានជឿជាក់លើខ្លួនឯងខ្ពស់ មិនមែនមានន័យថាមនុស្សម្នាក់នោះអួតអាងទេ តែវាគឺជាចិត្តសាស្ត្រមួយដែលជួយឲ្យអ្នកដទៃមើលមកពួកគេឲ្យលេចធ្លោជាងមុន។
ពិតណាស់ នរណាៗក៏ចង់ជឿជាក់លើខ្លួនឯងដែរ ហើយការមានទំនុកចិត្តលើខ្លួនឯងគឺមិនចាំបាច់ទាល់តែអ្នកស្អាតខ្លាំង មានខ្លាំង ពូកែខ្លាំងនោះទេ គឺនរណាៗក៏អាចមានភាពជឿជាក់លើខ្លួនឯងខ្ពស់ដែរ។ ដើម្បីឲ្យមានទំនុកចិត្តខ្ពស់លើខ្លួនឯង នេះជាវិធីសាស្ត្រដែលអ្នកគួរអនុវត្ត៖
១. ឈប់ប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ
ការបាត់បង់ទំនុកចិត្តគឺកើតចេញពីការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃដែលល្អជាងអ្នក ដែលភាគច្រើនអ្នកឃើញនៅលើបណ្ដាញសង្គមជាដើម។ អ្នកមិនត្រូវយកជីវិតខ្លួនឯងទៅប្រៀបធៀបនឹងគេទេ ព្រោះបរិបទនៃការរស់នៅរបស់អ្នកនិងគេខុសគ្នា កំណើតរបស់អ្នកនិងគេខុសគ្នា ដូច្នេះអ្នកត្រូវទទួលស្គាល់ថាជីវិតមនុស្សម្នាក់ៗមិនដូចគ្នាទេ គេល្អបែបគេ យើងល្អបែបយើង។ បើសិនជាអ្នកនៅតែបន្តគិតថាអ្នកអន់ជាងគេ សាកល្បងសរសេររ៉ាយរ៉ាប់សមិទ្ធផលនៃជីវិតរបស់អ្នកនៅក្នុងសៀវភៅមួយដើម្បីអាចជួយដាស់តឿនអ្នកថាអ្នកគឺមិនអន់ទេ។
២. រាប់អានមនុស្សជុំវិញខ្លួនដែលគិតវិជ្ជមាន
ជួនកាល អ្នកក្លាយជាមនុស្សបាត់បង់ទំនុកចិត្តដោយសារតែមនុស្សជុំវិញខ្លួនគិតអវិជ្ជមានមកលើអ្នកខ្លាំងពេក ដូចជាមិត្តអ្នកតែងតែរិះគន់អ្នក ជាន់ពន្លិចអ្នក ថាអ្នកខ្វះនេះខ្វះនោះគឺគ្មានអ្នកលើកទឹកចិត្តទាល់តែសោះ អ៊ីចឹងហើយសូមឈប់សេពគប់ជាមួយមិត្តប្រភេទនេះ និងស្វែងរកមិត្តនិងរាប់អានមនុស្សជុំវិញខ្លួនដែលគិតវិជ្ជមាន នោះអ្នកនឹងផ្លាស់ប្ដូរការគិតមិនខាន។
៣. ថែរក្សារាងកាយឲ្យបានល្អ
អ្នកប្រាកដជាគ្មានទំនុកចិត្តទេបើសិនជាអ្នកមិនមានអារម្មណ៍ស្រលាញ់ខ្លួនប្រាណខ្លួនឯង។ ជំហានផ្លាស់ប្ដូរដ៏ធំបំផុតដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯង គឺត្រូវស្រលាញ់រាល់អ្វីជារបស់ខ្លួនឯង មិនថារាងកាយ ផ្ទៃមុខ ដងខ្លួន សក់ ក្រចក។ មួយវិញទៀត អ្នកមិនត្រូវភ្លេចថែរក្សារាងកាយខ្លួនឯងឡើយ ដោយត្រូវប្រើប្រាស់់ផលិតផលបំប៉នស្បែកមុខ ញ៉ាំអាហារមានជីជាតិ ហាត់ប្រាណ គេងឲ្យបានគ្រប់គ្រាន់ និងថែរក្សាសភាពផ្លូវចិត្តកុំឲ្យតប់ប្រមល់។ចូរចងចាំថា កាន់តែអ្នកស្រលាញ់ខ្លួនឯង អ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯង។
៤. ចិត្តល្អដាក់ខ្លួនឯងខ្លះទៅ
អ្នកត្រូវដឹងថា អ្នកមិនមែនជាមនុស្សល្អឥតខ្ចោះទេហើយមានរឿងខ្លះដែលអ្នកមិនអាចបំពេញបាន មិនថាការងារ ស្នេហា ឬលក្ខខណ្ឌផ្សេងៗ។ វាមិនអីទេបើសិនមនុស្សដែលអ្នកស្រលាញ់មិនស្រលាញ់អ្នក វាមិនអីទេបើការងារមួយនេះបដិសេធអ្នក វាមិនអីទេបើមនុស្សជុំវិញខ្លួនគិតថាអ្នកជាមនុស្សអាក្រក់ វាមិនអីទេបើសិនជាអ្នកបរាជ័យលើកិច្ចការមួយនេះ... អ្នកត្រូវធ្វើខ្លួនចិត្តល្អដាក់ខ្លួនឯង កុំដាក់សម្ពាធខ្លួនឯង កុំដាក់បន្ទុកលើខ្លួនឯង។ កាលណាអ្នកគិតបែបនេះ គឺយូរៗទៅអ្នកមុខជាមានទំនុកចិត្តខ្ពស់ ព្រោះអ្នកបានទទួលយកហើយថាបរាជ័យគ្មានអ្វីគួរឲ្យខ្លាចទេ។
៥. និយាយតែពាក្យវិជ្ជមានដាក់ខ្លួនឯង
មិនថាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកត្រូវរក្សាភាពវិជ្ជមាននិងលើកទឹកចិត្តដោយនិយាយវិជ្ជមានលើកសរសើរខ្លួនឯង និងចៀសវាងដាច់ខាតការបណ្ដុះបង្អាប់ខ្លួនឯង ឬនិយាយអ្វីអវិជ្ជមាន។ ការនិយាយវិជ្ជមាននិងលើកទឹកចិត្តខ្លួនឯងជួយឲ្យអ្នកមានកម្លាំងចិត្តសម្រេចកិច្ចការអ្វីមួយ និងទទួលយកការប្រកួតប្រជែងថ្មី។
៦. ប្រឈមមុខនឹងភាពភ័យខ្លាចរបស់អ្នក
បើអ្នកនៅតែបន្តភ័យខ្លាចខ្លាំង មិនហ៊ានប្រឈមនឹងភាពភ័យខ្លាចរបស់អ្នកគឺគ្មានថ្ងៃដែលអ្នកមានទំនុកខ្ពស់ចំពោះខ្លួនឯងនោះឡើយ។ បើសិនអ្នកជាមនុស្សខ្លាចខ្ពស់ សាកល្បងឡើងលើទីខ្ពស់យឺតៗ បើអ្នកខ្លាចងងឹត សាកល្បងនៅទីងងឹតឲ្យបានប្រាំនាទី... មិនថាអ្នកខ្លាចអ្វីទេ សូមអ្នកសាកល្បងប្រឈមជាមួយវា។ បើអ្នកមិនសាកល្បងទេ អ្នកមុខជាគ្មានថ្ងៃដឹងទេថាអ្នកអាចជម្នះវាបានឬអត់។ ការប្រឈមមុខនិងជម្នះភាពភ័យខ្លាចអាចធ្វើឲ្យអ្នកកាន់តែមានចំណុចខ្សោយតិច នោះអ្នកនឹងកាន់តែមានទំនុកចិត្តជាងមុន។
៧. ធ្វើអីដែលខ្លួនឯងពូកែ
ការធ្វើអីដែលខ្លួនឯងពូកែខ្លាំង គឺអាចជួយបង្កើនទំនុកចិត្តខ្ពស់លើខ្លួនអ្នក និងពិតជាធ្វើឲ្យអ្នកមានភាពស្កប់ស្កល់ចំពោះជីវិតរបស់អ្នក។ បើសិនជាអ្នកពូកែលេងកីឡាបាល់ទាត់ សូមបន្តលេងវាជារឿយៗ បើសិនជាអ្នកចូលចិត្តការតែងនិពន្ធ សូមបន្តធ្វើវា យូរៗទៅអ្នកនឹងកាន់តែខ្លាំងកាន់តែពូកែ និងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្ត។
៨. រៀនបដិសេធការងារណាដែលធ្វើឲ្យអ្នកងាយនឹងបាត់បង់ទំនុកចិត្ត
ពេលខ្លះ បើសិនអ្នកដឹងថាការងារមួយនេះធ្វើឲ្យសភាពផ្លូវចិត្តរបស់អ្នកមិនសូវរឹងមាំ ហើយអ្នកអាចនឹងបាត់បង់ទំនុកចិត្តដែលខំសាងឡើងមកនោះ សូមបដិសេធការងារនោះទៅ ហើយរង់ចាំរហូតទាល់តែទំនុកចិត្តរបស់អ្នកកើនឡើងវិញសឹងងាកមកធ្វើវាសាជាថ្មី៕
ប្រភព៖: verywellmind
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]