យល់ដឹង៖ មនុស្សដែលយើងបានចួបឬប្រាស្រ័យទាក់ទងក្នុងជីវិត មានទាំងមនុស្សល្អនិងមនុស្សមិនល្អ ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នមុននឹងប្រាប់នរណាម្នាក់ពីរឿងរបស់អ្នក។ អ្នកខ្លះទៅក៏រក្សាការណ៍សម្ងាត់ឲ្យអ្នក មិនដើរនិយាយមិនល្អពីអ្នកផ្ដេសផ្តេស ប៉ុន្តែអ្នកខ្លះទៀតមិនត្រឹមតែយករឿងដែលអ្នកនិយាយប្រាប់គេទៅនិយាយប្រាប់អ្នកផ្សេងទេ គឺថែមទាំងតែងរឿងអាក្រក់ៗកុហកអ្នកផ្សេងពីអ្នកទៀតផង។
វាជារឿងធម្មតាទេដែលមានមនុស្សនិយាយមិនល្អពីអ្នកព្រោះអ្នកមិនអាចផ្គាប់ចិត្តគ្រប់គ្នាបានទេ។ ខាងក្រោមនេះជាវិធីសាស្ត្រដើម្បីទប់ទល់បើសិនជាអ្នកដឹងថាមានគេនិយាយមិនល្អពីអ្នក៖
១. ទុកឲ្យវាទៅតាមដំណើរ
បើសិនអ្នកដឹងថាគេដើរនិយាយមិនល្អពីអ្នក ឬតែងរឿងកុហកពីអ្នកទៅប្រាប់អ្នកដទៃ ជម្រើសល្អបំផុតគឺបណ្ដោយឲ្យវាទៅតាមដំណើរ ព្រោះអ្នកមិនចាំបាច់បកស្រាយអ្វីទេ បើសិនជាអ្នកមិនចង់ ហើយបើអ្នកចង់បកស្រាយគឺគ្រាន់តែនិយាយទៅថារឿងទាំងអស់នោះមិនពិត ហើយកាត់ចិត្តពីវា។ ការចំណាយពេលខ្វល់ខ្វាយពីរឿងឥតប្រយោជន៍បែបនេះមិនបានធ្វើឲ្យអ្នករីកចម្រើនទេ។ អ្នកត្រូវចងចាំថា អ្នកមិនចាំបាច់ធ្វើជាមនុស្សល្អក្នុងខ្សែភ្នែកអ្នកណាទេ ហើយអ្នកក៏មិនចាំបាច់បង្ហាញថាអ្នកជាមនុស្សល្អដែរ ព្រោះអ្វីដែលសំខាន់គឺអ្នកដឹងច្បាស់ថាខ្លួនឯងជាមនុស្សយ៉ាងម៉េច។ចូរចងចាំថា អ្នកមិនបានជំពាក់ពាក្យបកស្រាយទៅនរណាម្នាក់ ដោយសារតែគេឮពាក្យចចាមអារ៉ាមមិនល្អពីអ្នកទេ។ បើពួកគេជ្រើសរើសជឿពាក្យអស់ទាំងនោះ ដោយមិនសួរអ្នកជាមុន គឺពួកគេមិនមែនជាមនុស្សដែលអ្នកគួររាប់រកទេ។
២. សើច
ជាធម្មតា អ្នកដែលតែងរឿងកុហកពីអ្នកទៅប្រាប់អ្នកដទៃ ឬនិយាយដើមអ្នកក្រោយខ្នងគឺតែងតែចង់ឲ្យអ្នកខឹងសម្បាឲ្យអ្នកឈឺចាប់ ឲ្យអ្នកប្រតិកម្មនឹងរឿងនេះ ព្រោះនោះបញ្ជាក់ថាទង្វើពួកគេអាចធ្វើឲ្យអ្នកឈឺចាប់បាន... ចុះបើដឹងបែបនេះហើយ ហេតុអីអ្នកត្រូវខឹង? ហេតុអីអ្នកត្រូវដើរតាមក្រឡាអុករបស់គេ?អ្នកគួរតែសើចដូចវាជារឿងកំប្លែង ហើយមិនចាំបាច់បកស្រាយអ្វីទាំងអស់។ ហេតុអីចាំបាច់ទៅខ្វល់សម្ដីរបស់អ្នកដទៃ?ការពិតទៅ ពាក្យចចាមអារ៉ាមបែបនេះផ្ទុះឡើងតែមួយភ្លែតៗទេ បន្តិចទៀតទៅគ្រប់គ្នានឹងភ្លេចពីវាហើយ។ បើសិនក្នុងករណី អ្នកចង់ទៅនិយាយជាមួយមនុស្សដែលនិយាយដើមអ្នកត្រង់ៗ គឺគ្រាន់តែសួរគេត្រង់ទៅត្រង់មកតែកុំបង្ហាញថា អ្នកមិនសប្បាយចិត្ត អ្នកខឹងសម្បា ឬអ្នកឈឺចាប់គឺធ្វើដូចអ្នកមិនខ្វល់ពីវា។
៣. ពន្លត់ភ្លើងមុនខ្យល់មកដល់
ក្នុងន័យនេះ បើសិនជាអ្នកមិនចង់ឲ្យម្នាក់នោះនិយាយមិនល្អពីអ្នកឬនិយាយបំភ្លៃពីអ្នក សូមទប់ស្កាត់ពាក្យចចាមអារ៉ាមអស់ទាំងនោះមុននឹងវាសាយភាយខ្លាំងជាងនេះ។ អ្នកត្រូវបកស្រាយដោយភាពស្មោះត្រង់តែកុំបង្ហាញក្ដីខឹងសម្បាឲ្យសោះ និងត្រូវគិតវិជ្ជមានជានិច្ច។
៤. កុំបង្ហាញថាអ្នកមិនសប្បាយចិត្ត
ទោះបីជាអ្នកមិនសប្បាយចិត្តប៉ុណ្ណាក៏អ្នកមិនគួរបង្ហាញវាចេញមកដែរ ព្រោះនោះមានន័យថាអ្នកដែលបំភ្លៃការពិតពីអ្នកឈ្នះអ្នកហើយ។ បើសិនជាអ្នកធ្វើជាខ្វល់ខ្វាយឈឺចាប់ និងមិនសប្បាយចិត្ត លើកក្រោយគេនឹងព្យាយាមធ្វើបាបអ្នកបែបនោះទៀត។
៥. ប្រុងប្រយ័ត្នពីអ្វីដែលអ្នកប្រាប់អ្នកដទៃ
អ្នកត្រូវប្រយ័ត្ននិងគិតគូឲ្យដិតដល់មុននឹងយករឿងសម្ងាត់ពីខ្លួនអ្នកទៅប្រាប់អ្នកដទៃ ព្រោះទោះអ្នកទុកចិត្តម្នាក់នោះក៏ដោយ ក៏មិនប្រាកដថាគេមិនយករឿងអ្នកទៅប្រាប់អ្នកផ្សេងដែរ។ ការនិយាយតែងតែបង្ហើរចេញពីមាត់មួយទៅមាត់មួយ តែបើសិនអ្នកកុំនិយាយប្រាប់អ្នកផ្សេងពីរឿងរបស់អ្នក នោះគង់នឹងគ្មាននរណាមកបំភ្លៃការពិតពីអ្នកទេ។
៦. ទៅនិយាយជាមួយពួកគេមុខទល់មុខ
បើសិនអ្នកគិតថាបញ្ហានោះជារឿងធំ សូមអ្នកទៅនិយាយជាមួយគេមុខទល់មុខ ត្រង់ទៅត្រង់មកតែម្ដង។ សួរគេទៅថា តើគេបានអីមកវិញពេលនិយាយពីអ្នកបែបនេះ? តើហេតុអីបានជាគេរវីរវល់នឹងជីវិតអ្នកខ្លាំងម៉្លេះ?ឮ
៧. យល់ពីហេតុផលដែលពួកគេនិយាយមិនល្អពីអ្នក
មនុស្សដែលដើរនិយាយមិនល្អពីអ្នកដទៃ គឺតែងតែមានបញ្ហាផ្លូវចិត្ត ដូចជាមិនជឿជាក់លើខ្លួនឯង គិតថាខ្លួនមិនល្អទើបប្រឹងទាញអ្នកដទៃទម្លាក់ឬនិយាយមិនល្អពីគេដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ល្អ មានអារម្មណ៍ថាខ្លួនឯងឡូយជាងអ្នក។ សរុបមក បើសិនអ្នកមិនចង់ឲ្យមនុស្សជុំវិញខ្លួននិយាយមិនល្អពីអ្នក សូមកុំនិយាយមិនល្អពីគេ។ ជីវិតគេម្នាក់ៗមិនមែនជារឿងដែលអ្នកត្រូវខ្វល់ខ្វាយឬចេះដឹងទេ។ សូមថែរក្សាកិត្តិយសនិងមុខមាត់របស់អ្នក ដោយការមិននិយាយពីអ្នកដទៃ៕
ប្រភព៖: lifestyle
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]