ស្នេហា៖ ចំណងស្នេហ៍ខ្លះបានឈានមកដល់ដំណាក់កាលមួយដែលគូស្នេហ៍ទាំងពីរចង់រៀបការសាងគ្រួសារជាមួយគ្នា ព្រោះម្នាក់ៗគិតថាដល់ពេលដែលត្រូវបញ្ចប់ភាពនៅលីវហើយ។ ប៉ុន្តែពេលយករឿងនេះទៅពិភាក្សាជាមួយឪពុកម្ដាយ គឺបែរជាលោកទាំងពីរមិនយល់ព្រម មិនចង់ឲ្យអ្នករៀបការជាមួយដៃគូទៅវិញ ហើយអ្នកក៏ស្រលាញ់ដៃគូខ្លាំងរហូតមិនអាចអត់បាន... តើអ្នកគួរធ្វើយ៉ាងណាទៅ?
១. ទទួលស្ដាប់និងនិយាយជាមួយឪពុកម្ដាយរបស់អ្នក
មិនថាអ្នកមិនសប្បាយចិត្តនឹងឪពុកម្ដាយយ៉ាងណាទេ អ្វីដែលអ្នកគួរធ្វើដំបូងគេពេលដឹងថា ឪពុកម្ដាយអ្នកមិនអនុញ្ញាតឲ្យអ្នករៀបការជាមួយដៃគូ គឺបើកចិត្តនិយាយជាមួយពួកគាត់ត្រង់ទៅត្រង់មក និងទទួលស្ដាប់ពីហេតុផលរបស់ពួកគេ។ ការធ្វើនេះជាវិធីមួយបង្ហាញថាអ្នកនៅតែគិតថាឪពុកម្ដាយជាមនុស្សសំខាន់ ហើយអ្នករង់ចាំស្ដាប់លោកទាំងពីរជានិច្ច។បើសិនជាឪពុកម្ដាយអ្នកប្រាប់ហេតុផលពិតដែលពួកគាត់មិនចង់ឲ្យអ្នករៀបការ គឺអ្នកប្រហែលជាអាចរកដំណោះស្រាយបាន។ យ៉ាងណាមិញ បើសិនជាអ្នកស្វែងយល់បានថា ឪពុកម្ដាយអ្នកមិនចង់ឲ្យអ្នករៀបការ ដោយសារមានភ័ស្តុតាងដែលដៃគូអ្នកមិនស្មោះត្រង់នឹងអ្នក គឺអ្នកត្រូវតែគោរពតាមការសម្រេចចិត្តរបស់ឪពុកម្ដាយ។
២. ជួយឲ្យឪពុកម្ដាយអ្នកស្គាល់ពីដៃគូអ្នកឲ្យកាន់តែច្បាស់
ជួនកាល អ្នកនិងដៃគូទើបតែទាក់ទងគ្នា ក៏សម្រេចចិត្តរៀបការ ទាំងដែលឪពុកម្ដាយអ្នកគ្មានឱកាសបានស្វែងយល់ពីអត្តចរិតនិងឫកពារបស់ដៃគូអ្នកផង។ ដំណោះស្រាយដ៏ល្អគឺ ធ្វើឲ្យដៃគូរបស់អ្នកបាននៅក្បែរឪពុកម្ដាយអ្នកកាន់តែច្រើនដូចជានាំពួកគេទៅញ៉ាំអាហារពេលល្ងាចជុំគ្នា ដើម្បីបើកឱកាសឲ្យដៃគូអ្នកបានរៀបរាប់ពីខ្លួនគេប្រាប់ឪពុកម្ដាយអ្នក។
៣. រៀបគម្រោងសម្រាប់ថ្ងៃអនាគត
បើសិនជាឪពុកម្ដាយរបស់អ្នកនៅតែបន្តមិនយល់ព្រមឲ្យអ្នករៀបការទៀតនោះ គឺអ្នកត្រូវតែងាកមកជជែកជាមួយដៃគូពីការរក្សាគម្លាតពីឪពុកម្ដាយអ្នក ដោយមិនឲ្យដៃគូអ្នកធ្វើអីដែលឪពុកម្ដាយមិនពេញចិត្តជាដើម។ អ្នកត្រូវកំណត់ថាបើសិនជាមានពិធីណាមួយទាក់ទងនឹងគ្រួសារអ្នក តើដៃគូរបស់អ្នកត្រូវចូលរួមឬមិន? តើគេអាចមកលេងផ្ទះឪពុកម្ដាយអ្នកដែរឬទេ? ប៉ុន្តែអ្នកមិនត្រូវបណ្ដោយឲ្យគូស្នេហ៍របស់អ្នកធ្វើឲ្យអ្នកនិងឪពុកម្ដាយមើលមុខគ្នាមិនចំនោះឡើយ។
៤. មិនត្រូវឈរនៅម្ខាងៗទេ
កាលណាដែលឪពុកម្ដាយអ្នកមិនពេញចិត្តដៃគូរៀបការរបស់អ្នកគឺស្មើនឹង អ្នកត្រូវបែងចែកពួកគេចេញជាពីរខាង ម្ខាងជាឪពុកម្ដាយ ម្ខាងជាដៃគូ ប៉ុន្តែអ្វីដែលត្រូវប្រកាន់ខ្ជាប់នោះគឺ ដាច់ខាតមិនត្រូវកាន់ជើងតែម្ខាងៗឡើយ គឺត្រូវឈរនៅចំណុចកណ្ដាល ឃើញខាងនេះខុសថាខុស ឃើញខាងនេះត្រូវថាត្រូវហើយអ្នកក៏មិនត្រូវបណ្ដោយឲ្យដៃគូធ្វើឲ្យទំនាក់ទំនងអ្នកនិងឪពុកម្ដាយអ្នកមានភាពរកាំរកូសដែរ តែក៏មិនត្រូវឲ្យឪពុកម្ដាយមានឥទ្ធិពលជ្រៀតជ្រែកសម្ព័ន្ធអ្នកជាមួយដៃគូឲ្យបែកបាក់នោះដែរ៕
ប្រភព៖: verywellmind
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]