យល់ដឹង៖ ធ្លាប់ទេ អង្គុយសុខៗតែយើងសោះ បែរជាត្រូវម្នាក់នេះឬម្នាក់នោះស្អប់ ទាំងដែលយើងមិនបានធ្វើអីគេមុនផងនោះ? ជឿជាក់ថាមនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់បានឆ្លងកាត់ស្ថានភាពបែបនោះ អ្នកខ្លះខំសួរគេត្រង់ៗហើយថាហេតុអីបានជាអ្នកឯងស្អប់ខ្ញុំម៉្លេះ? តែចម្លើយបានមកវិញគឺគេមិនបានស្អប់អ្នកទេ គឺអ្នកចេះតែគិតខ្លួនឯង ល...។
មនុស្សដែលស្អប់អ្នកដោយគ្មានហេតុផល មិនអាចកែប្រែចិត្តស្អប់របស់គេចំពោះអ្នកទេ ព្រោះទោះអ្នកល្អដូចទេពធីតាក៏គង់តែគេស្អប់អ្នកដដែលទេ ដូចជាឃ្លាមួយថា "Haters gonna hate." អ៊ីចឹង។ ជំនួសឲ្យព្យាយាមធ្វើឲ្យគេស្រលាញ់អ្នកវិញ មកដឹងពីហេតុផលដែលនាំឲ្យគេស្អប់អ្នកទាំងមិនដឹងខ្លួនល្អជាង៖
១. ឃើញមុខអ្នក គេគិតដល់ការបរាជ័យរបស់ខ្លួនឯង
មនុស្សខ្លះ មិនចង់ឲ្យអ្នកផ្សេងល្អជាងខ្លួនទេមិនថាធ្វើរឿងអីក៏ដោយ។ ជួនកាលគេស្អប់អ្នក ដោយសារតែឃើញអ្នកលូតលាស់ អ្នកជោគជ័យខ្លាំង អ្នកមានចំណុចល្អជាងគេច្រើន ទើបអារម្មណ៍ស្អប់នោះវាកើតឡើងដើម្បីការពារពួកគេពីភាពបរាជ័យរបស់ពួកគេ។ អ្នកខ្លះមិនចង់ទទួលស្គាល់ថាខ្លួនឯងអន់ជាងអ្នកផ្សេងទេ ទើបយកចិត្តស្អប់មកដាក់ពីមុខទៅវិញ។
២. អ្នកធ្វើឲ្យគេដឹងថាគេអន់ត្រង់ណាខ្លះ
បុគ្គលខ្លះមានអំណួតជ្រុលហួសហេតុ គិតថាខ្លួនឯងអស្ចារ្យនិងល្អជាងអ្នកដទៃ គេនិយាយរិះគន់អីបន្តិចបន្តួចគឺមិនបានទេ ហើយក៏មិនចូលចិត្តអារម្មណ៍ពេលដឹងថាខ្លួនឯងអន់ត្រង់ផ្នែកនេះដែរ។ ស្រាប់តែសុខៗអ្នកលេចមុខមកហើយគេឃើញអ្នកល្អជាងគេសឹងតែគ្រប់យ៉ាង ធ្វើឲ្យគេស្វែងយល់ដឹងពីចំណុចដែលគេអន់តែគេមិនព្រមទទួលស្គាល់ ក៏ងាកមកស្អប់អ្នកវិញ។
៣. អ្នកធ្វើឲ្យគេនឹកដល់អតីតកាលមិនល្អ
ជួនកាល អ្នកមិនដែលស្គាល់គេសោះ ទើបតែចួបបានម្ដង គេបង្ហាញចេញថាស្អប់អ្នកខ្លាំង ប៉ុន្តែក្នុងករណីខ្លះ គេស្អប់អ្នកព្រោះអ្នករម្លឹកគេពីអតីតកាលមិនសូវល្អ ដូចជាអ្នកមានមុខមាត់ដូចជាអតីតគូស្នេហ៍គេដែលធ្លាប់ធ្វើឲ្យគេឈឺចាប់ជាដើម។
៤. មកពីគេមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ
មនុស្សខ្លះ មានអារម្មណ៍ថាខ្លួនឯងអន់ ខ្លួនឯងគ្មានតម្លៃ (Insecure) តែមិនហ៊ានប្រឈមមុខមិនហ៊ានទទួលស្គាល់ទេ បែរជាងាកទៅរករឿងស្អប់អ្នកដទៃដែលល្អជាងខ្លួន ដូចជានិយាយដើមគេ បង្កាច់បង្ខូចគេ ដើម្បីជាន់អ្នកឲ្យនៅទីទាបជាងគេ ដើម្បីឲ្យគេមានអារម្មណ៍ល្អ ទាំងដែលអ្នកមិនបានធ្វើអីគេផងនោះ។
៥. គេមានអារម្មណ៍មិនផាសុកភាពជាមួយអ្នក
អ្នកខ្លះមានជំងឺផ្លូវចិត្តឆាប់ភ័យខ្លាច និងមានអត្តចរិតមិនសូវចុះញ៉មនឹងអ្នកដទៃ ដល់តែមកចួបអ្នកទៅ គេក៏មានអារម្មណ៍ថាគេមិនផាសុកភាពជាមួយអ្នក មិនត្រូវធាតុជាមួយអ្នកទើបស្អប់អ្នកអ៊ីចឹងទៅ។
៦. គេគិតថាអ្នកកំពុងគំរាមកំហែងដល់អ្វីដែលគេមាន
ក្នុងន័យនេះ ពួកគេអាចមានអារម្មណ៍ថាអ្នកនឹងដណ្ដើមកន្លែងរបស់គេ ឬមកជំនួសគេក្នុងការងារឬកិច្ចការណាមួយ ដូចជាអ្នកនឹងល្បីល្បាញជាងគេ អ្នកនឹងមានមនុស្សចាប់អារម្មណ៍ច្រើនជាងគេ អ្នកនឹងមកជំនួសតំណែងក្នុងការងាររបស់គេជាដើម៕
ប្រភព៖: 2knowmyself
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]