ស្នេហា៖ ធ្លាប់ទេគិតថាថ្ងៃណាមួយ មិត្តអ្នកលួចស្រលាញ់អ្នក? ប្រាកដណាស់ ទំនាក់ទំនងរវាងមិត្តនិងមិត្ត គឺអាចវិវត្តន៍ទៅជាទំនាក់ទំនងស្នេហាបាន ហើយមានមនុស្សជាច្រើនណាស់ដែលស្រលាញ់មិត្តខ្លួនឯង និងយកមិត្តខ្លួនឯងជាគូស្នេហ៍។ ការស្រលាញ់មិត្តភក្តិខ្លួនឯងគឺជួយឲ្យអ្នកបានសិក្សាស្វែងយល់ពីគេកាន់តែច្រើនមុននឹងឈានដល់ការវិវត្តន៍ក្លាយជាគូស្នេហ៍។
បើសិនអ្នកមានអារម្មណ៍ថាមិត្តរបស់អ្នករាងមើលទៅចាប់អារម្មណ៍អ្នកលើសពីធម្មតា ទាំងនេះគឺជាសញ្ញាណបញ្ជាក់ថាគេស្រលាញ់អ្នកហើយ៖
១. កាយវិការគេបង្ហាញចេញថាចូលចិត្តអ្នក
បើសុខៗមិត្តរបស់អ្នក ញញិមដាក់អ្នក អង្គុយមើលអ្នកឡើងភ្លឹក ឱនមកផ្ដេកក្បាលគេលើស្មាអ្នក ឬចាប់ដៃអ្នក ខុសប្លែកពីរាល់ដងគឺជាសញ្ញាណមួយបញ្ជាក់ថាគេចូលចិត្តអ្នកក្នុងផ្លូវស្នេហាហើយ។ ហើយបើសិនគេឱបអ្នកណែននិងយូរជាងធម្មតាហាក់មិនចង់ពន្លែងសោះ ក៏មានន័យថាគេចង់បានភាពស្និទ្ធស្នាលពីអ្នកដែរ។
២. គេចូលចិត្តសំងំនៅជាមួយអ្នកពេលមានការណាត់ចួបជាមួយមិត្តផ្សេងៗឯទៀត
ជាទូទៅ បើសិនជាអ្នកនិងគេមានមិត្តភក្តិច្រើនលើសពីបីទៅបួននាក់ ហើយអ្នកទាំងអស់គ្នាតែងតែជុំគ្នានិយាយពីនេះពីនោះ អ្នកសង្កេតឃើញថាមិត្តម្នាក់នោះគេតែងតែព្យាយាមនៅក្បែរអ្នក ឬទាញឲ្យអ្នកចូលមកនិយាយរួមវង់ជាមួយមិត្តឯទៀត។ គេតែងតែការពារអ្នកនិងមើលថែអ្នកជាងមើលថែមិត្តៗឯទៀត។
៣. គេរៀនស្វែងយល់ពីអ្វីដែលអ្នកចូលចិត្ត
មិនថាអ្នកចូលចិត្តការរាំ ច្រៀង ហាត់ប្រាណ គូរគំនូរ នោះទេគឺមិត្តអ្នកម្នាក់នោះតែងតែសិក្សាស្វែងយល់ពីចំណូលចិត្តរបស់អ្នក ឬក៏ព្យាយាមចូលចិត្តនូវអ្វីដែលអ្នកចូលចិត្ត។ លើសពីនេះទៅទៀត មិនថាអ្នកនិយាយអីទេ គឺគេតែងតែចាំស្ដាប់ជានិច្ច។
៤. អ្នកដទៃទៀតចាប់ផ្គូផ្គងអ្នកនិងមិត្តម្នាក់នោះ
ជារឿយៗមិនថាទៅណាមកណាទេ អ្នកដទៃ ឪពុកម្ដាយ បងប្អូនមាមីង មិត្តផ្សេងទៀតព្យាយាមចាប់ផ្គូផ្គងអ្នកនិងមិត្តម្នាក់នោះ ព្រោះពួកគេប្រហែលជាឃើញកាយវិការស្និទ្ធស្នាលរបស់មិត្តម្នាក់នោះមកលើអ្នក ដែលអ្នកមិនបានចាប់អារម្មណ៍ ឬមិត្តរបស់អ្នកម្នាក់នោះគេបានសារភាពប្រាប់អ្នកដទៃ ថាគេចាប់អារម្មណ៍អ្នក ទើបមានការបង្អាប់ឡើងមកបែបនេះ។ មួយវិញទៀត បើសិនអ្នកឃើញថា មិត្តអ្នកនិយាយលេងសើចជាមួយអ្នកថាចង់ធ្វើជាគូស្នេហ៍អ្នក ចង់ចំណាយពេលពេញមួយជីវិតរបស់គេជាមួយអ្នកជាដើម គឺរឹតតែបញ្ជាក់ថាគេលង់ស្រលាញ់អ្នក។
៥. គេអត់ចង់ឮថាអ្នកចេញទៅណាត់ចួបនឹងអ្នកដទៃ
នៅពេលអ្នកនិយាយដល់ការស្វែងរកដៃគូណាត់ចួប ឬចង់ចេញទៅណាត់ចួបជាមួយអ្នកដទៃ គេតែងតែបង្ហាញភាពមិនសប្បាយចិត្ត ឬព្យាយាមឃាត់កុំឲ្យអ្នកទៅ ហើយគេមិនចង់ដឹងមិនចង់ឮទេនៅពេលអ្នកលើកយកប្រធានបទបែបនេះមកនិយាយ។
៦. ការពារអ្នក និងជួយអ្នកមិនថាក្នុងស្ថានការណ៍ណាក៏ដោយ
មិនថាអ្នកចួបបញ្ហាអ្វីទេ គេតែងតែត្រដាងស្លាបការពារអ្នក បើអ្នកត្រូវជិះម៉ូតូមកផ្ទះទាំងយប់ គេសុខចិត្តជិះជូនអ្នកមកបើទោះបីជាគេរវល់ខ្លាំងក៏ដោយ ហើយបើអ្នកប្រាប់គេថាអ្នកឃ្លានកណ្ដាលយប់ គេនឹងទៅទិញអាហារយកមកឲ្យអ្នកភ្លាម។
៧. គេស្មោះត្រង់ជាមួយអ្នក
ជាមិត្តដែលលួចស្រលាញ់អ្នក គឺគេតែងតែបើកចិត្តទូលាយនិយាយរឿងក្នុងចិត្តទាំងអស់ប្រាប់អ្នក ហើយគេមិនដែលលាក់ចរិតពីអ្នកទេព្រោះអ្នកជាមនុស្សដែលគេទុកចិត្តខ្លាំងបំផុត៕
ប្រភព៖: insider
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]