ស្នេហា៖ ការណាត់ជួបគ្នាលើកដំបូង ជាដំណាក់កាលមួយដែលមនុស្សពីរនាក់សិក្សាស្វែងយល់ពីគ្នា ដើម្បីឲ្យដឹងថាតើពួកគេទាំងពីរអាចកសាងចំណងស្នេហាទៅមុខ ឬបញ្ឈប់ត្រឹមនេះ?
ការណាត់ជួបភាគច្រើនប្រព្រឹត្តិទៅនៅហាងកាហ្វេ រោងកុន ភោជនីយដ្ឋាន កន្លែងកម្សាន្តនានា ដែលទាំងពីរភាគីតែងតែស្លៀកពាក់ស្អាតបាត រៀបចំឫកពាឲ្យបានល្អដើម្បីធ្វើឲ្យម្ខាងៗមានអារម្មណ៍ស្រលាញ់ចូលចិត្ត។
យ៉ាងណាមិញ បើសិនអ្នកជិតនឹងណាត់ជួបជាមួយនរណាម្នាក់តែមិនដឹងថាត្រូវធ្វើខ្លួនយ៉ាងម៉េច ខាងក្រោមនេះតិកនិកខ្លះៗ៖
១. ធ្វើជាខ្លួនឯង
ប្រាកដណាស់ អ្នកតែងតែចង់រៀបឫកពាឲ្យគេសរសើរ ឲ្យគេចាប់អារម្មណ៍អ្នកប៉ុន្តែកុំព្យាយាមសាងរូបភាពពេករហូតបាត់បង់ភាពជាខ្លួនឯង ព្រោះមនុស្សម្នាក់នេះអាចនឹងក្លាយជាអនាគតគូស្នេហ៍របស់អ្នកនាថ្ងៃខាងមុខ និងត្រូវនៅក្បែរអ្នកយូរទៀត ដូច្នេះអ្នកមិនអាចធ្វើចរិតក្លែងក្លាយដាក់ទេ។ សូមធ្វើអីដែលជាខ្លួនឯង បើមិនចូលចិត្តអ្វីគឺបង្ហាញចេញច្បាស់ឬប្រាប់គេត្រង់ៗ។
២. ការភ័យញាប់ញ័រគឺមិនអីទេ
អ្នកខ្លះភ័យខ្លាំងណាស់ពេលណាត់ជួបគេលើកដំបូងតែវាជារឿងធម្មតាខ្លាំងណាស់ អ្នកនឹងមិនអីទេ។ បើអ្នកភ័យខ្លាំង ឬមិនដឹងនិយាយអីឬធ្វើយ៉ាងម៉េច សូមដកដង្ហើមចូលជ្រៅៗ ហើយប្រាប់ខ្លួនឯងថា នេះគ្រាន់តែជាការណាត់ជួបធម្មតាៗ បើសិនជាគេមិនចាប់អារម្មណ៍អ្នក កុំខ្វល់អី អ្នកនៅមានជម្រើសច្រើនទៀត។
៣. ស្លៀកពាក់ឲ្យស្អាតបាត
ក្នុងន័យនេះ អ្នកត្រូវរៀបចំខ្លួនឲ្យបានស្អាតបាត ជាមួយសំលៀកបំពាក់ទាន់សម័យឬឡូយឆាយដែលអ្នកគិតថាអ្នកនឹងមានទំនុកចិត្តបំផុតពេលពាក់វា! ការស្លៀកពាក់ស្អាតបាតគឺមិនចាំបាច់ទាល់តែធ្វើឡើងដើម្បីឲ្យគេចាប់អារម្មណ៍អ្នកទេ ផ្ទុយទៅវិញ អ្នកធ្វើដើម្បីផ្ដល់ទំនុកចិត្តដល់ខ្លួនឯង។
៤. ត្រូវដឹងថាតម្រូវការអ្នកនិងគេគឺដូចគ្នា
មុនពេលឈានដល់ការណាត់ជួប អ្នកត្រូវនិយាយទូរស័ព្ទឬលេងឆាតជាមួយគ្នាសិនជាមុនសិន ដោយសួរនាំពាក់ព័ន្ធនឹងអ្វីដែលគេចង់បាននៅក្នុងទំនាក់ទំនងមួយនេះ។ អ្នកត្រូវប្រាកដចិត្តថា អ្វីដែលអ្នកចង់បាននិងគេចង់បានគឺដូចគ្នា។ ឧទាហរណ៍ បើសិនគេគ្រាន់តែចង់ណាត់ជួបធម្មតាដោយគ្មានសម្ពាធ ហើយអ្នកចង់បានបែបនោះដែរគឺល្អណាស់ ប៉ុន្តែបើសិនគេស្វែងរកទំនាក់ទំនងមួយឆាវ ដែលមិនអាចឈានដល់ការរៀបការ ប៉ុន្តែអ្នកបែរជាចង់បានទំនាក់ទំនងដែលអាចឈានដល់ការរៀបការគឺអ្នកមិនអាចណាត់ជួបនឹងគេបានទេ។
៥.កុំគិតច្រើនពេក
អ្នកត្រូវគិតថា ការណាត់ជួបលើកដំបូង អាចនឹងចេញលទ្ធផលមកល្អឬមិនល្អ ហើយទោះលទ្ធផលចេញមកបែបណាក៏អ្នកនៅតែជាអ្នក។ មុនណាត់ជួបនិងអំឡុងណាត់ជួប កុំគិតច្រើនពេក បណ្ដោយតាមស្ថានការណ៍ទៅ ចាត់ទុកថាយើងកំពុងជជែកជាមួយមិត្តម្នាក់អ៊ីចឹង។
៦. និយាយពីនេះពីនោះ ជាជាងអង្គុយសម្ភាសន៍គ្នា
គ្រប់គ្នាតែងគិតថាការណាត់ជួបលើកដំបូង គឺភាគីទាំងសងខាងត្រូវតែអង្គុយសួរសំណួរគ្នាពីនេះពីនោះដូចទៅសម្ភាសន៍ការងារអ៊ីចឹង តែធាតុពិតអ្នកមិនគួរធ្វើបែបនេះទេ។ អ្នកមិនត្រូវបន្តសួរសំណួរគ្នាទៅមកៗទេ គឺបណ្ដោយឲ្យការសន្ទនានោះទៅតាមផ្លូវរបស់វា គឺមានការជជែកលើរឿងតូចតាចឬរឿងកើតឡើងជុំវិញខ្លួនជាដើម។
៧. កុំខ្លាចក្នុងការនិយាយពីខ្លួនឯង
អ្នកមិនចាំបាច់ខ្វល់ខ្វាយទេថាដៃគូណាត់គិតយ៉ាងម៉េច ពេលអ្នកនិយាយពីខ្លួនឯង ព្រោះអ្នកនិងគេកំពុងស្ថិតក្នុងដំណាក់កាលស្វែងយល់ពីគ្នា។ អ្នកអាចនិយាយរៀបរាប់ពីខ្លួនអ្នក ពីចំណង់ចំណូលចិត្តរបស់អ្នក អ្វីទៅជាក្ដីស្រមៃរបស់អ្នក និងផ្សេងៗទៀត។
៨. កុំតម្កើងឫកឡូយពេក
អ្នកខ្លះតែងគិតថាណាត់ជួបគេលើកដំបូងបែបនេះ ត្រូវតែធ្វើឫកកាច់រាងឲ្យឡូយ តែធាតុពិតការធ្វើបែបនេះដូចជាអួតអាងពីខ្លួនឯងជ្រុល ធ្វើឲ្យដៃគូណាត់ណាយចិត្ត។
៩. ធ្វើខ្លួនឲ្យសប្បាយរីករាយ
នេះជាចំណុចសំខាន់មួយក្នុងការណាត់ជួបលើកដំបូង គឺធ្វើឲ្យខ្លួនអ្នកសប្បាយរីករាយ ដូចជាទៅដើរលេងជាមួយមិត្តម្នាក់។ បើសិនជាអ្នករីករាយខ្លាំង ដៃគូណាត់របស់អ្នកក៏រីករាយតាមនោះដែរ ធ្វើឲ្យទំនាក់ទំនងរវាងអ្នកនិងគេមានភាពវិជ្ជមានច្រើន៕
ប្រភព៖: jupair
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]