យល់ដឹង៖ ជាទូទៅ មនុស្សម្នាក់ៗនៅលើលោកតែងតែមានអត្តចរិត និងបុគ្គលិកលក្ខណៈខុសៗពីគ្នា ដោយខ្លះធ្លាប់ចួបបញ្ហាជាច្រើនក្នុងជីវិតតាំងពីវ័យក្មេង និងប្រឡូកសង្គមបានច្រើនទើបក្លាយជាមនុស្សមានចរិតចាស់ទុំទាំងនៅវ័យក្មេង ប៉ុន្តែខ្លះទៀត ដោយសារតែមិនសូវបានចូលសង្គម មិនសូវប្រឈមនឹងភាពលំបាក ក៏ប្រកាន់ចរិតដូចកូនក្មេង ឆាប់ខឹងឆាប់ងរ ចូលចិត្តឡូឡាពេលមិនបានអ្វីដែលខ្លួនត្រូវការជាដើម។
មនុស្សដែលមានចរិតចាស់ទុំគឺពិតជាគួរឲ្យរាប់អានណាស់ និងមានមន្តស្នេហ៍ខ្លាំងណាស់ដែរ ហើយអ្នកផ្សេងចូលចិត្តនៅក្បែរ ចូលចិត្តសុំយោបល់ខ្លាំងណាស់។ បើសិនជាអ្នកចង់ផ្លាស់ប្ដូរខ្លួនឯងឲ្យក្លាយជាមនុស្សចាស់ទុំ សាកល្បងអនុវត្តន៍តាមចំណុចអស់ទាំងនេះ៖
១. មានការតាំងចិត្តខ្ពស់
ការតាំងចិត្តខ្ពស់គឺជាជណ្ដើរឈានទៅរកភាពជោគជ័យ មិនថាធ្វើអីក៏ដោយ អ្នកត្រូវតែបង្កើតឲ្យខ្លួនឯងមានការតាំងចិត្តខ្ពស់ ដើម្បីសម្រេចកិច្ចការទាំងឡាយ។ ការតាំងចិត្តនេះហើយជាបុគ្គលិកលក្ខណៈមួយដែលជួយឲ្យអ្នកក្លាយជាមនុស្សចាស់ទុំ ព្រោះទាល់តែអ្នកបង្ហាញថាអ្នកមានការតាំងចិត្តទើបអ្នកដទៃគេទុកចិត្តអ្នក។
២. រៀនគ្រប់គ្រងខ្លួនឯង
មនុស្សដែលមានចរិតកូនក្មេង ចូលចិត្តធ្វើអីតាមតែអារម្មណ៍ មានអារម្មណ៍បែបណាក៏បញ្ចេញមកបែបហ្នឹង ខឹងថាខឹង ស្អប់ថាស្អប់ មិនសប្បាយចិត្តថាមិនសប្បាយចិត្ត ដែលអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ប៉ុន្តែបើសិនអ្នកចង់ចាស់ទុំ គឺត្រូវរៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯង មិនឆេវឆាវមិនបង្ហាញចេញថាខឹងថាស្អប់ថាមិនពេញចិត្ត បើទោះបីជាមានអារម្មណ៍បែបនោះពិតមែន។ អ្នកក៏ត្រូវចេះរៀនប្រើប្រាស់និងគ្រប់គ្រងពាក្យសម្ដីខ្លួនឯងផងដែរ មិនមែនចេះតែនិយាយតែពាស និយាយតាមអារម្មណ៍ និងត្រូវចាំថាតម្លៃទាំងមូលរបស់អ្នកគឺស្ថិតនៅលើការនិយាយស្ដីនិងកាយវិការរបស់អ្នកនេះហើយ។
៣. ចេះបន្ទាបខ្លួន
មនុស្សចាស់ទុំត្រូវក្លាហានហ៊ានទទួលយកចំណុចខ្វះខាតទាំងឡាយរបស់ខ្លួន និងត្រូវចេះគិតថា គ្មាននរណានៅលើក្នុងលោកដែលល្អគ្រប់ដប់ទេ។ អ្នកមិនត្រូវតាំងខ្លួនថាអ្នកល្អជាងអ្នកដទៃទេ និងត្រូវបន្ទាបខ្លួនជានិច្ច។
៤. គិតមុនសម្រេចចិត្ត
មិនថាធ្វើអីទេ អ្នកត្រូវតែគិតគូសិនមុនឈានដល់ការសម្រេចចិត្ត ដោយវិភាគថាតើទង្វើបែបនេះផ្ដល់ផលល្អជាងឬផលអាក្រក់ជាង? បើសិនជាអ្នកគិតមិនចេញ ត្រូវស្វែងរកការពិភាក្សាជាមួយអ្នកដទៃ។
៥. មើលថែខ្លួនឯង និងធ្វើអីដោយខ្លួនឯង
ចំណុចនេះគឺជាកត្តាសំខាន់មួយ ក្នុងការក្លាយជាមនុស្សចាស់ទុំ អ្នកមិនអាចអង្គុយចាំតែអ្នកដទៃធ្វើអីឲ្យអ្នកដូចជា ដាំស្ល ធ្វើការងារផ្ទះ ឬការងារផ្សេងៗទៀតនោះឡើយ គឺត្រូវចេះមើលថែខ្លួនឯង និងរស់នៅដោយពឹងផ្អែកលើខ្លួនឯង។ ក្រៅពីនោះអ្នកគួរចាត់ចែងជីវិតខ្លួនឯង តែកុំភ្លេចមើលថែរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ខ្លួនផង។
៦. មានគោលដៅច្បាស់លាស់
មនុស្សមានគោលដៅច្បាស់លាស់គឺឆាប់នឹងទទួលបានជោគជ័យខ្លាំងណាស់ ព្រោះដឹងថាខ្លួនឯងចង់បានអ្វី ត្រូវធ្វើយ៉ាងម៉េចដើម្បីបានឈានដល់ចំណុចនោះ។
៧. ក្លាហាន
មនុស្សដែលចាស់ទុំ មិនងាយងាករេពីគោលដៅរបស់ខ្លួនទេមិនថាក្នុងស្ថានការណ៍ណាក៏ដោយ និងតែងតែប្រឈមមុខនឹងឧបសគ្គទាំងឡាយក្នុងជីវិតដោយភាពក្លាហាន។ នៅពេលអ្នកចួបបញ្ហាអ្វីមួយរាំងស្ទះដល់គោលដៅរបស់អ្នក ជំនួសឲ្យការរួញរា អ្នកបែរជាចង់ដោះស្រាយវា។
៨. មិនងាករេងាយៗ
អ្នកមិនអាចធ្វើចិត្តរាយមាយចាប់នេះបន្តិចចាប់នោះបន្តិចទេ ព្រោះភាពមិនច្បាស់លាស់នេះអាចធ្វើឲ្យអ្នកមើលទៅជាមនុស្សមិនគួរឲ្យទុកចិត្ត មិនគួរឲ្យគេដាក់ការងារធំៗមកឲ្យ។
៩. ចេះបែងចែកតម្រូវការខ្លួនឯង និងអ្នកដទៃ
ចំណុចនេះ បើអ្នកចេះបែងចែកថា តម្រូវការខ្លួនឯង និងអ្នកដទៃ មួយណាសំខាន់ជាង គឺអ្នកជាមនុស្សចាស់ទុំហើយ។ នាស្ថានការណ៍ខ្លះ អ្នកត្រូវចាត់ទុកតម្រូវការខ្លួនឯងជារឿងសំខាន់ ឬកាលៈទេសៈខ្លះទៀតគឺទទួលស្គាល់ថាតម្រូវការរបស់អ្នកដទៃសំខាន់ជាង។ អ្នកត្រូវដឹងថាពិភពលោកទាំងមូលមិនបានវិលជុំវិញតែខ្លួនអ្នកទេ អ្នកនៅមានមិត្តភក្តិ បងប្អូន ក្រុមគ្រួសារ ដែលត្រូវរក្សាទំនាក់ទំនងជាមួយ។
១០. គោរពអ្នកដទៃ
មនុស្សចាស់ទុំមិនអាចដើរនិយាយស្ដីអាក្រក់ៗពីអ្នកដទៃ ឬមើលងាយអ្នកដទៃទេ តែត្រូវមានការគោរពចំពោះពួកគេមិនថាគេមានតំណែងទាប ឬជាមនុស្សដែលមានអាយុប្អូនអ្នកនោះឡើយ ព្រោះមនុស្សម្នាក់ៗតែងតែមានតម្លៃរៀងខ្លួន។
១១. បង្កើតទម្លាប់ល្អ
ត្រូវមានទម្លាប់ជាប្រចាំថ្ងៃដែលល្អដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត ត្រូវមានកាលវិភាគធ្វើអីមួយយ៉ាងច្បាស់លាស់ និងចេះបែងចែកពេលវេលាកម្សាន្ត និងពេលវេលាបំពេញការងារ ឬរៀនសូត្រ។
១២. ទទួលស្គាល់កំហុស
ចំណុចនេះមានមនុស្សខ្លះធ្វើមិនបានទេ ព្រោះមនុស្សតែងតែមិនចង់គិតថាខ្លួនឯងខុស ប៉ុន្តែសម្រាប់អ្នកចង់ក្លាយជាមនុស្សចាស់ទុំគឺត្រូវរៀនទទួលស្គាល់កំហុសខ្លួនឯង ដោយមិនរុញកំហុសនោះទៅឲ្យអ្នកដទៃឡើយ។
១៣. ដោះលែងរឿងណាដែលផ្ដល់ផលអវិជ្ជមានដល់អ្នក
វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវដោះលែង មនុស្ស ឬរឿងណាដែលមិនផ្ដល់ផលវិជ្ជមានមកដល់អ្នក ដូចជាទម្លាប់អាក្រក់ ឬទំនាក់ទំនងស្នេហាតុកសិក និងសកម្មភាពនានាជាច្រើន។
១៤. បង្ហាញការដឹងគុណ
អ្នកត្រូវចេះបង្ហាញការដឹងគុណដល់អ្នកមានគុណ គ្រូបារ្យអាចារ្យ សាច់ញាតិ មិត្តភក្តិ ឬអ្នកណាដែលបានជួយជ្រោមជ្រែងអ្នកឲ្យបានសម្រេចកិច្ចការអ្វីមួយ។ លើសពីនេះក៏ត្រូវអរគុណខ្លួនឯងជានិច្ចដែលបានសម្រេចភារកិច្ចទាំងតូចនិងធំក្នុងជីវិត៕
ប្រភព៖: verywellmind
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]