យល់ដឹង៖ គ្មានមនុស្សណានៅក្នុងលោកដែលចង់ក្លាយជាមនុស្សប្រមឹក អត់គ្រឿងស្រវឹងមួយថ្ងៃមិនបាននោះឡើយប៉ុន្តែអ្នកខ្លះពិបាកនឹងផ្ដាច់ខ្លាំង ឬផ្ដាច់ហើយក៏ចេះតែវិលត្រឡប់មកផឹកវិញច្រើនជាងមុនទៅទៀត ដែលធ្វើឲ្យការរស់នៅរបស់អ្នកចួបនឹងផលវិបាកខ្លាំង។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងស្រវឹងគ្រប់ប្រភេទសុទ្ធតែមិនផ្ដល់ផលល្អដល់មនុស្សឡើយ ជាពិសេសគឺធ្វើឲ្យខូចថ្លើមខ្លាំង ហើយការទទួលទានគ្រឿងស្រវឹងក៏អាចបណ្ដាលឲ្យអ្នកបាត់បង់ស្មារតី កាលណាបើកបរទៅអាចនាំមកនូវគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃផងដែរ។ យ៉ាងណាមិញ បើអ្នកតាំងចិត្តថានឹងរកវិធីដើម្បីកាត់បន្ថយឬផ្ដាច់គ្រឿងស្រវឹងនោះ អ្នកអាចសាកល្បងអនុវត្តតាមវិធីសាស្ត្រអស់ទាំងនេះ៖

១. ពិគ្រោះជាមួយគ្រូពេទ្យជំនាញ

មុននឹងចូលដល់ការផ្ដាច់គ្រឿងស្រវឹងដោយឯកឯង វាជារឿងល្អដែលអ្នកត្រូវទៅចួបប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះពេលខ្លះការផ្ដាច់សុរាភ្លាមៗតែម្ដងអាចនាំមកនូវគ្រោះថ្នាក់និងបញ្ហាស្មុគស្មាញជាច្រើន ជាពិសេសបើសិនជាអ្នកទម្លាប់ផឹកច្រើនខ្លាំងក្នុងមួយថ្ងៃៗ។ ការប្រឹក្សានេះអាចជួយឲ្យគ្រូពេទ្យជំនាញបានជួយរៀបចំកាលវិភាគឲ្យអ្នក និងផ្ដល់ថ្នាំផ្សេងៗជំនួយបើសិនជាចាំបាច់។

២. ដាក់គោលដៅឲ្យបានច្បាស់លាស់

អ្នកត្រូវច្បាស់លាស់ក្នុងចិត្តថាតើគោលបំណងរបស់អ្នកគឺគ្រាន់តែចង់កាត់បន្ថយការសេពគ្រឿងស្រវឹង ឬក៏កាត់វាផ្ដាច់តែម្ដង។

៣. គ្រប់គ្រងលើចំណង់

អ្នកត្រូវរៀនគ្រប់គ្រងខ្លួនឯងដោយសារសមាធិ ស្ដាប់ចម្រៀង ឬអានសៀវភៅ ឬរត់ហាត់ប្រាណ និងបំពេញសកម្មភាពនានា ដើម្បីគ្រប់គ្រងលើចំណង់ចង់ផឹកគ្រឿងស្រវឹង។ អ្នកត្រូវដឹងទេ វាជារឿងធម្មតាទេដែលអ្នកចេះតែមានអារម្មណ៍ឃ្លាននាប៉ុន្មានថ្ងៃដំបូងពេលផ្ដាច់សុរា។

រូបភាពតំណាង

៤. កំណត់ចំណាំហេតុផលនាំឲ្យអ្នកចង់ផឹក

ជួនកាល បុគ្គលខ្លះងាកមករកគ្រឿងស្រវឹងក៏ដោយសារតែបញ្ហាមួយចំនួនដែលខ្លួនចួបនៅក្នុងជីវិត ដែលវាបណ្ដាលឲ្យក្លាយជាតប់ប្រមល់ ឬអ្នកផឹកដើម្បីបំភ្លេចអតីតមិត្តស្រីឬមិត្តប្រុសជាដើម។ បើសិនអ្នកស្វែងយល់ពីមូលហេតុនាំឲ្យអ្នកចង់ផឹកបានហើយ អ្វីដែលអ្នកត្រូវធ្វើគឺ កុំសូវធ្វើឲ្យខ្លួនឯងតប់ប្រមល់ជាដើម។

៥. បង្កើតចំណង់ចំណូលចិត្តថ្មីៗ

វិធីមួយដែលអាចជួយឲ្យអ្នកផ្ដាច់សុរាបាន គឺត្រូវទាញខ្លួនឯងកុំឲ្យគិតពីវាខ្លាំងពេក ដោយការស្វែងរកចំណង់ចំណូលចិត្តថ្មីដូចជាទៅលេងបាល់ លេងកីឡា ហាត់ប្រាណ ជួបជុំជជែកជាមួយមិត្តភក្តិ ទៅដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា... ដើម្បីឲ្យជីវិតរបស់អ្នកចួបរឿងរំភើបជាច្រើននិងបទពិសោធន៍ថ្មីៗ។

៦. ទាក់ទងជាមួយក្រុមមនុស្សដែលកំពុងផ្ដាច់សុរាដូចគ្នា

 ការទំនាក់ទំនងជាមួយក្រុមមនុស្សដែលកំពុងស្ថិតក្នុងស្ថានភាពកំពុងផ្ដាច់សុរាដូចជាអ្នក អាចជួយឲ្យអ្នកមានមិត្តគ្រាន់និយាយគ្រាន់រ៉ាយរ៉ាប់ផលវិបាក ឬអាចជួយគ្នាទៅវិញទៅមកដូចជាផ្ដល់ការពិភាក្សាដល់គ្នា។

រូបភាពតំណាង

៧. ទទួលស្គាល់ថាការលាប់ឡើងវិញជារឿងធម្មតាទេ

ក្រោយអ្នកផ្ដាច់សុរា អ្នកត្រូវរៀនទទួលស្គាល់ថាការលាប់ឡើងវិញគឺជារឿងធម្មតាទេ ហើយកុំបង្ខំខ្លួនឯងពេក។ សូមផ្ដាច់វាទៅតាមដំណើរ ដែលក្នុងនោះ អ្នកក៏ត្រូវលើកទឹកចិត្តខ្លួនឯង និងស្វែងរកជំនួយពីមនុស្សជុំវិញខ្លួនផងដែរ។ អ្នកអាចត្រឡប់មកផ្ដាច់វាវិញដោយការគ្រប់គ្រងចិត្តខ្លួនឯង និងទាមទារឲ្យមានភាពអត់ធ្មត់។

៨. អបអរនូវសមិទ្ធិផលរបស់អ្នក

បើសិនជាអ្នកផ្ដាច់គ្រឿងស្រវឹងបានជោគជ័យ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវអបអរដល់សមិទ្ធិផលរបស់អ្នកដោយឲ្យរង្វាន់ខ្លួនឯងពីអ្វីដែលអ្នកចូលចិត្ត ព្រោះនេះជាវិធីមួយលើកទឹកចិត្តខ្លួនអ្នក៕  

រូបភាពតំណាង

ប្រភព៖: goodrx

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]