យល់ដឹង៖ ក្ដីស្រមៃរបស់បុរសគ្រប់រូបគឺតែងចង់បានភរិយាល្អប្រពៃ ចេះជួយទុក្ខធុរៈគេ ចេះមើលថែគេ ចេះលើកទឹកចិត្ត ចេះបង្ហាញក្ដីស្រលាញ់ដល់គេ ព្រោះទោះបីមនុស្សប្រុសជាភេទរឹងមាំមែន ក៏ពេលខ្លះពួកគេត្រូវការការយល់ចិត្តពីភរិយាដែរ។ ភរិយាល្អ គឺមិនមែនទាល់តែល្អគ្រប់ដប់ទេ ព្រោះគ្មានមនុស្សណាដែលកើតមកល្អឥតខ្ចោះនោះឡើយ។
ផ្ទុយទៅវិញ ភរិយាល្អគឺជាមនុស្សដែលធ្វើឲ្យស្វាមីមានអារម្មណ៍ថានាងជា "ផ្ទះ" ជាជម្រករស់នៅដ៏សុខដុមនិងសប្បាយរីករាយ។ ដើម្បីក្លាយខ្លួនជាភរិយាល្អ អ្នកគប្បីត្រងត្រាប់តាមចំណុចអស់ទាំងនេះ៖
១. បង្ហាញក្ដីស្រលាញ់
ភរិយាខ្លះតែងខ្មាសអៀនពេលបង្ហាញក្ដីស្រលាញ់ចំពោះស្វាមី តែវាមានអីគួរឲ្យខ្មាសទៅបើគ្រាន់តែយើងប្រាប់ឲ្យបុរសជាទីស្រលាញ់របស់យើងដឹងថាយើងស្រលាញ់គេនោះ? បើទោះជារៀបការរួចក៏ដោយ អ្នកមិនត្រូវសោះកក្រោះដាក់ស្វាមីទេ។ ដើម្បីបង្ហាញក្ដីស្រលាញ់ អ្នកគួរតែនិយាយថាស្រលាញ់គេ ឬបញ្ចេញតាមរយៈកាយវិការដូចជាឱប ថើប ច្បិចថ្ពាល់ ឬតោងករបស់ស្វាមី។ វាចាក៏ត្រូវផ្អែមស្រទន់ យកចិត្តយកថ្លើមស្វាមី ដើម្បីឲ្យគេដឹងថា អ្នកនៅតែស្រលាញ់គេមិនផ្លាស់ប្ដូរ។
២. ទំនាក់ទំនងគ្នា
ការទំនាក់ទំនងគ្នាគឺពិតជាសំខាន់ណាស់ សម្រាប់ទំនាក់ទំនងគូស្នេហ៍ មិនថាជាសង្សារឬជាស្វាមីភរិយាទេ។ ភរិយាមួយចំនួនតែងលួចងរង៉ក់នៅពេលមិនសប្បាយចិត្តនឹងរឿងអ្វីមួយ ដោយសង្ឃឹមថាស្វាមីនឹងដឹងពីភាពងរង៉ក់របស់អ្នក តែអ្នកគិតខុសហើយ។ អ្វីដែលអ្នកត្រូវធ្វើគឺប្រាប់ឬបើកចិត្តនិយាយជាមួយស្វាមីត្រង់ៗ ព្រោះស្វាមីអ្នកមិនអាចមកអង្គុយទាយចិត្តអ្នកបានរហូតទេ។ កុំបណ្ដោយឲ្យស្វាមីអ្នកអង្គុយទាយថាអ្នកចង់បានអីឲ្យសោះ។
៣. គាំទ្រស្វាមីជានិច្ច
ភរិយាល្អតែងតែនៅក្បែរចាំគាំទ្រនូវរាល់ការសម្រេចចិត្តរបស់ស្វាមី មិនថា ការប្រកបការងារ អាជីវកម្ម ការបណ្ដាក់ទុន ឬចំណង់ចំនូលចិត្តផ្សេងៗ។ ការគាំទ្រស្វាមីមិនមែនត្រឹមតែចាំលើកទឹកចិត្តនិងនៅក្បែរគេក្នុងគ្រាលំបាកទេ តែគឺមានន័យថាអ្នកត្រូវកោតសរសើរ ស្វាមីនូវពេលគេសម្រេចកិច្ចការអ្វីមួយ។ ស្វាមីដែលបានទទួលការគាំទ្រនិងលើកទឹកចិត្តពីភរិយាគឺកាន់តែមានកម្លាំងចិត្ត។
៤. ធ្វើជាមិត្តល្អរបស់គេតែមិនមែនម្ដាយរបស់គេទេ
អ្នកមិនមែនត្រឹមជាភរិយាទេ តែអ្នកក៏ត្រូវវិវត្តន៍ឲ្យខ្លួនឯងក្លាយជាមិត្តជិតស្និទ្ធរបស់ស្វាមីអ្នកដែរ ដើម្បីឲ្យអ្នកទាំងពីរអាចនិយាយជាមួយគ្នាបានគ្រប់រឿង និងធ្វើឲ្យទំនាក់ទំនងកាន់តែស្អិតរមួត។ ប៉ុន្តែអ្នកមិនត្រូវដើរតួជាម្ដាយរបស់គេទេ អ្នកមិនត្រូវចង្អុលបញ្ជាឲ្យស្វាមីអ្នកធ្វើនេះធ្វើនោះ ឬក៏រអ៊ូពេលដែលស្វាមីធ្វើអីមិនត្រូវចិត្ត។ គ្មានបុរសណាចូលចិត្តនារីដែលពូកែរអ៊ូដូចឃ្មុំទេ។
៥. គោរពស្វាមី
ចំណងអាពាហ៍ពិពាហ៍អាចគង់វង្សយូរអង្វែងបាន គឺទាមទារឲ្យទាំងស្វាមីនិងភរិយាមានការគោរពចំពោះគ្នាទៅវិញទៅមក។ អ្នកត្រូវចាំជាប់ក្នុងចិត្តថា ស្វាមីអ្នកជាមនុស្សដើរដី មានកំហុសឆ្គង និងមានគុណវិបត្តិដែរ ដូច្នេះអ្នកត្រូវតែមានការគោរពនូវអ្វីដែលស្វាមីបានធ្វើមកលើគ្រួសារនិងអ្នក។ ការគោរពអាចសម្ដែងចេញតាមរយៈការនិយាយ ការបញ្ចេញកាយវិការ ការលើកសរសើរ ហើយហាមដាច់ខាតមិនត្រូវរិះគន់ជាន់ពន្លិច ត្មិះដៀល ឬព្យាយាមបំផ្លាញទឹកចិត្តរបស់ស្វាមីអ្នកទេមិនថានៅផ្ទះឬនៅខាងក្រៅក៏ដោយ។
៦. បង្ហាញការចាប់អារម្មណ៍លើអ្វីដែលស្វាមីចាប់អារម្មណ៍
អ្នកមិនចាំបាច់ចាប់អារម្មណ៍ខ្លាំងឬប្រឹងធ្វើឲ្យខ្លួនឯងចូលចិត្តអ្វីដែលស្វាមីចូលចិត្តទេ ផ្ទុយទៅវិញ អ្នកត្រូវផ្ដល់ឱកាសឲ្យស្វាមីអ្នកបានធ្វើអ្វីដែលគេចង់ធ្វើ ដែលក្នុងនោះក៏ត្រូវសួរនាំដូចជាអ្នកចាប់អារម្មណ៍ពីវា។ ឧទាហរណ៍ បើស្វាមីអ្នកចូលចិត្តជិះកង់ហាត់ប្រាណ សាកល្បងបើកឱកាសឲ្យគេបានជិះកង់ជារៀងរាល់ល្ងាច ហើយពេលត្រឡប់មកផ្ទះវិញ អ្នកគ្រាន់តែសួរនាំគេថាគេសប្បាយចិត្តឬអត់ តើកង់ប្រភេទនោះស្រួលជិះឬក៏អត់... ជាដើម។
៧. គោរពពេលវេលាផ្ទាល់ខ្លួនរបស់ស្វាមី
កុំគិតឲ្យសោះថាអ្នករៀបការជាមួយគ្នាជាស្វាមីភរិយាហើយ គឺអ្នកត្រូវនៅក្បែរគេជាប់រហូត ដោយមិនទុកពេលឲ្យគេមានពេលវេលាផ្ទាល់ខ្លួននោះ។ ផ្ទុយទៅវិញ អ្នកត្រូវបណ្ដោយឲ្យស្វាមីមានពេលវេលាផ្ទាល់ខ្លួនធ្វើអីដែលគេចូលចិត្ត ដោយមិនត្រូវរំខានគេទេ។ ពេលគេចេញទៅខាងក្រៅ អ្នកក៏មិនគួរចេញទៅតាមស្វាមី ឬព្យាយាមហៅគេត្រឡប់មកផ្ទះវិញដែរ។ អ្នកត្រូវចាំថា មនុស្សម្នាក់ៗតែងតែចង់មានពេលវេលាផ្ទាល់ខ្លួន។
៨. ធ្វើជាអ្នកស្ដាប់ដ៏ល្អ
បុរសតែងចង់បានភរិយាដែលចង់ស្ដាប់នូវរាល់គំនិត និងបញ្ហាដែលគេបានប្រឈម។ ក្នុងន័យនេះ អ្នកមិនចាំបាច់និយាយអ្វីច្រើនទេ គ្រាន់តែទទួលស្ដាប់គេ ឬឲ្យយោបល់បើសិនជាអ្នកគិតថាចាំបាច់។ អ្នកមិនត្រូវនៅសំងំចុចទូរស័ព្ទ មើលទូរទស្សន៍ ឬធ្វើអីផ្សេងទេអំឡុងពេលស្វាមីអ្នកចង់ពិភាក្សារឿងអ្វីមួយជាមួយអ្នក។
៩. កោតសរសើរនិងអរគុណស្វាមី
ស្វាមីតែងតែចង់បានពាក្យអរគុណពីភរិយា ដើម្បីឲ្យគេដឹងថាគេបានរួមចំណែកធ្វើឲ្យក្រុមគ្រួសារល្អប្រសើរ ដើម្បីឲ្យគេមានអារម្មណ៍ថាគេជាមេគ្រួសារដ៏ល្អម្នាក់ ដូច្នេះមិនថាគេធ្វើអី អ្នកមិនត្រូវរិះថាំពាក្យអរគុណ និងពាក្យកោតសរសើរទេ។ អ្នកត្រូវចាត់ទុកគេជានិមិត្តរូបរបស់អ្នកមួយរូប។
១០. ឈ្លោះគ្នាឲ្យត្រូវរឿង
ចំណងអាពាហ៍ពិពាហ៍តែងតែមានការឈ្លោះប្រកែកគ្នារវាងស្វាមីភរិយា គឺជារឿងធម្មតាទេ ប៉ុន្តែអ្នកត្រូវចាំទុកថាត្រូវឈ្លោះប្រកែកគ្នាលើរឿងណាដែលស័ក្តិសមប៉ុណ្ណោះ។ បើសិនវាគ្រាន់តែជារឿងតូចតាចទេ គ្រាន់តែប្រាប់ស្វាមីធម្មតាទៅ ដោយមិនចាំបាច់ធ្វើឲ្យវាក្លាយជារឿងធំទេ។ អ្នកត្រូវសួរខ្លួនឯងរាល់ពេលចង់មានជំលោះជាមួយស្វាមីថា "តើរឿងនេះសមគួរឲ្យពួកយើងឈ្លោះប្រកែកគ្នាទេ?"
១១. ស្មោះត្រង់នឹងស្វាមី
ភាពស្មោះត្រង់ជាគ្រឹះដ៏ចម្បងមួយសម្រាប់រក្សាចំណងអាពាហ៍ពិពាហ៍ឲ្យគង់វង្ស បើអ្នកនិងស្វាមីរស់នៅគ្មានភាពស្មោះត្រង់ផង តើឲ្យជីវិតគូទៅមុខបានយ៉ាងម៉េច? អ្នកត្រូវផ្ដល់ភាពស្មោះត្រង់ ហើយស្វាមីក៏ត្រូវផ្ដល់របស់ទាំងនេះមកឲ្យអ្នកដែរ។ យ៉ាងណាមិញ មិនមែនគ្រប់រឿងត្រូវការភាពស្មោះត្រង់នោះទេ គឺត្រូវមើលលើកាលៈទេសៈ ជួនកាលអ្នកមិនចូលចិត្តអាវរបស់ស្វាមីអ្នកទេតែអ្នកក៏មិនចាំបាច់បញ្ចេញយោបល់ដែរ គ្រាន់តែលាក់វាទុកក្នុងចិត្តចុះ។ រឿងខ្លះអ្នកមិនចាំបាច់ទ្រាំនិយាយទាំងកុហកទេ។
១២. ធ្វើជាខ្លួនឯង
បើអ្នករវល់តែធ្វើពុតជាមនុស្សដែលអ្នកមិនមែន នោះគង់តែមានថ្ងៃណាមួយដែលអ្នកទ្រាំលែងបាន ឬស្វាមីដឹងធាតុពិតរបស់អ្នក ដូច្នេះតាំងពីចាប់រៀបការដំបូង អ្នកត្រូវធ្វើជាខ្លួនឯង បើមិនចូលចិត្តរបស់នេះ តែស្វាមីចូលចិត្ត អ្នកមិនចាំបាច់បង្ខំឲ្យខ្លួនឯងចូលចិត្តដើម្បីគេទេ។
១៣. រកពេលធ្វើអ្វីថ្មីៗជាមួយស្វាមី
ការរស់នៅជាមួយស្វាមីរាល់ថ្ងៃ មិនមែនសុទ្ធតែជាថ្ងៃដ៏សប្បាយរីករាយទេ ថ្ងៃខ្លះក៏តប់ប្រមល់ខ្លាំង ថ្ងៃខ្លះក៏មិនចង់ឃើញមុខគេសោះ បណ្ដោយយូរៗទៅក៏ចាប់ផ្ដើមណាយចិត្តទើបអ្វីដែលអ្នកត្រូវធ្វើគឺរៀបគម្រោងពិកនិក ដើរកម្សាន្ត ទៅមើលកុន ដើរទិញទំនិញ ឬបង្កើតសកម្មភាពផ្សេងៗដើម្បីរឹតចំណងស្នេហ៍ឲ្យកាន់តែស្អិតរមួត។
១៤. ថ្នាក់ថ្នមស្វាមីលើផ្លូវកាយ
ចំណងអាពាហ៍ពិពាហ៍អាចទៅមុខរួចនិងរក្សាភាពស្អិតរមួតគឺទាល់តែស្វាមីភរិយាមានទំនាក់ទំនងផ្លូវកាយស្អិតរមួតជាមួយគ្នា។ អ្នកជាភរិយាត្រូវបង្ហាញក្ដីស្រលាញ់តាមរយៈទង្វើដូចជាថើប ឱប ឬថ្នាក់ថ្នមស្វាមីជាដើម៕
ប្រភព៖: momjunction
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]