ស្នេហា៖ បំណងប្រាថ្នារបស់នារីគ្រប់រូប បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍គឺចង់បានស្វាមីល្អ និងពូកែយល់ចិត្តម្នាក់ ដែលស្រលាញ់នាង ការពារនាង មើលថែនាង ទំនុកបម្រុងនាងនិងកូនៗ ជាពិសេសគឺ ស្មោះត្រង់នឹងនាង មិនលួចទៅសៅគ្រីជាដើម។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនមែនគ្រប់បុរសនៅក្នុងលោកដែលរៀបការរួចសុទ្ធតែក្លាយជាស្វាមីល្អទេ តែយ៉ាងហោចណាស់ អ្នកក៏ត្រូវដឹងពីចំណុចខ្លះៗ ដែលស្វាមីល្អគេធ្វើដែរ៖

១. ត្រូវដើរតួជាមិត្តជិតស្និទ្ធរបស់ភរិយា

បន្ទាប់ពីរៀបការរួច អ្នកមិនមែនត្រឹមតែជាស្វាមីរបស់នាងទេ តែអ្នកក៏ត្រូវដើរតួជាមិត្តជិតស្និទ្ធម្នាក់ដែលនាងអាចជជែកអាចពិភាក្សាជាមួយបានគ្រប់រឿង។ ការរស់នៅជាស្វាមីភរិយាគឺទាល់តែ អ្នកទាំងពីរស្និទ្ធស្នាលគ្នា អាចចែករំលែកគ្រប់យ៉ាងជាមួយគ្នាទើបទំនាក់ទំនងស្ថិតស្ថេរនិងកាន់តែស្អិតរមួត។

២. ជាអ្នកស្ដាប់ដ៏ល្អ

 ជាធម្មតា ទោះអ្នកឲ្យនាងនៅតែផ្ទះ មើលបុត្រនិងមិនចេញទៅបំពេញការងារខាងក្រៅក៏ដោយ ក៏អ្នកត្រូវដឹងថា នាងក៏មានសម្ពាធនិងភាពមិនសប្បាយចិត្តនូវរឿងខ្លះដែរ អាចនឹងទាក់ទងជាមួយគ្រួសាររបស់នាងជាដើម ដែលតួនាទីរបស់អ្នកគឺទទួលស្ដាប់នូវរាល់កង្វល់និងភាពមិនសប្បាយចិត្តរបស់នាង ហើយត្រូវយកចិត្តទុកដាក់ស្ដាប់សម្ដីរបស់នាង មិនមែននៅអង្គុយចុចទូរស័ព្ទ មើលទូរទស្សន៍អំឡុងពេលនាងនិយាយទេ។ មួយវិញទៀត មិនថាមានរឿងអីក៏ដោយ ពេលនាងខឹងនាងច្រឡោត អ្នកត្រូវស្ដាប់នាងនិយាយ និងហាមរអ៊ូរទាំ។

រូបភាពតំណាង

៣. បង្ហាញក្ដីស្រលាញ់

ចំណុចនេះសំខាន់ខ្លាំងណាស់ព្រោះមនុស្សស្រីជាភេទមួយដែលមានអារម្មណ៍រាងទន់ជ្រាយទោះនាងបង្ហាញចេញថារឹងមាំយ៉ាងណាក៏ដោយ។ នាងត្រូវការឲ្យស្វាមីរបស់នាងបង្ហាញចេញថាស្រលាញ់នាង មិនថាជាពាក្យសម្ដីឬកាយវិការ ដើម្បីកុំឲ្យនាងគិតច្រើន។ អ្នកគួរតែឱបនាងពេលមកធ្វើការវិញ ហើយនិយាយថាអ្នកនឹកនាង ឬថើប ឬកាន់ដៃ... ដែលសុទ្ធសឹងជាកាយវិការបង្ហាញក្ដីស្រលាញ់។

៤. គោរពនាង

នាងជាមេផ្ទះក៏ដោយ ជាបុគ្គលិកការិយាល័យ ឬជានារីបំពេញការងារដទៃក៏ដោយក៏អ្នកត្រូវតែមានការគោរពចំពោះនាងដាច់ខាត។ អ្នកមិនត្រូវគិតថា នាងជាស្រីដែលអន់ជាងអ្នកឬនៅទីទាបជាងអ្នកទេ ទោះបីប្រាក់ខែរបស់អ្នកច្រើនជាងនាងក៏ដោយ។ ការគោរពគឺពិតជាសំខាន់ដែលស្វាមីភរិយាត្រូវផ្ដល់ឲ្យគ្នា។ បើសិនជានាងថានាងមិនចូលចិត្តរបស់នេះឬនោះ សូមគោរពការសម្រេចចិត្តរបស់នាង។ មិនថាអ្នកធ្វើអី អ្នកត្រូវគិតថាភរិយារបស់អ្នកនៅស្មើនឹងអ្នកជានិច្ច។

៥. យកចិត្តទុកដាក់មើលថែនាង

នារីចង់បានការមើលថែការពារពីស្វាមី ដូច្នេះរាល់ពេលដែលនាងមិនស្រួលខ្លួន ឬអំឡុងពេលពពោះជាដើម អ្នកជាស្វាមីត្រូវតែមើលថែបម្រើទឹកក្ដៅទឹកត្រជាក់ និងលួងលោមនាង ឲ្យនាងដឹងថាអ្នកនៅក្បែរនាងជានិច្ច។ អ្នកមិនត្រូវរអ៊ូរទាំបណ្ដុះបង្អាប់ថានាងទន់ខ្សោយ ចេះតែឈឺ ចេះតែមិនស្រួលខ្លួន... នោះឡើយ។

រូបភាពតំណាង

៦. អត់ធ្មត់

ភាពអត់ធ្មត់ក៏សំខាន់ណាស់ដែរក្នុងចំណងអាពាហ៍ពិពាហ៍ ព្រោះផ្លូវដែលស្វាមីភរិយាចាប់ដៃគ្នាដើរនោះមិនមែនរោយដោយស្រទាប់កុលាបរហូតទេ គឺមានគ្រួសមានបន្លាមានឧបសគ្គច្រើន ដូច្នេះទាមទារឲ្យអ្នកជាបុរសមានភាពអត់ធ្មត់ខ្លាំង។ ពេលណាដែលនាងរករឿង ឬមានជំលោះជាមួយគ្នា អ្នកត្រូវអត់ធ្មត់កុំគំហកសម្ដីធំសម្ដីតូចដាក់នាង ជំនួសមកវិញត្រូវនិយាយដោះស្រាយដោយប្រើសម្ដីពីរោះ និងលួងលោមនាងឲ្យបាត់ខឹងសិនសឹមនិយាយគ្នាជាក្រោយ។ ៧. បង្កើតការទំនាក់ទំនង

ការទំនាក់ទំនងរវាងស្វាមីនិងភរិយាគឺជារឿងមួយដែលមិនអាចអត់បានដាច់ខាត។ ចំណុចនេះ អ្នកត្រូវបើកចិត្តនិយាយជាមួយភរិយា នៅពេលមានបញ្ហាអ្វីមួយនិងកុំភ្លេចការទាក់ទងគ្នាជាប្រចាំ ដែលទោះអ្នករវល់ប៉ុណ្ណា គួរនិយាយគួររាប់រកគួរប្រាប់នាងថាអ្នកស្រលាញ់នាង ដើម្បីរឹតចំណងអាពាហ៍ពិពាហ៍។

៨. ធ្វើជាមនុស្សដែលនាងពឹងពាក់បាន

នាងជានារី ប្រាកដជាចង់ពឹងពាក់មកលើអ្នកជាបុរសជាស្វាមីហើយ ដូច្នេះចូរធ្វើខ្លួនជាបុរសមានទំនួលខុសត្រូវខ្ពស់ដែលនាងអាចពឹងពាក់បានគ្រប់ស្ថានការណ៍។ អ្នកមិនត្រូវដោះដៃចោលនាងពេលនាងលំបាក ឬធ្វើខ្លួនជាមនុស្សប្រុសកំសាក ធ្វើអីមិនកើតនោះទេ។

រូបភាពតំណាង

៩. ស្រលាញ់និងទទួលយកកង្វះខាតរបស់នាង

គ្មានមនុស្សម្នាក់ណាក្នុងលោក គ្មានចំណុចខ្សោយឬកង្វះខាតនោះឡើយ ហើយអ្នកកុំរំពឹងទុកឲ្យសោះថាភរិយារបស់អ្នកជាស្រីដ៏ល្អឥតខ្ចោះនោះ។ អ្នកត្រូវរៀនទទួលយកកង្វះខាតរបស់នាង និងមិនព្យាយាមកែប្រែនាងទេ ព្រោះបើសិនអ្នកកែប្រែនាង គឺនាងត្រូវបង្ខំរស់នៅធ្វើជាអ្នកផ្សេងដែលមិនមែននាង។ បើនាងមិនចំណាប់ដាំស្លទេ ជួយនាងដាំស្ល ឬរួមគ្នាធ្វើដើម្បីឲ្យនាងបានសិក្សាពីអ្នក បើនាងមិនពូកែទុកដាក់ប្រាក់កាសទេ បង្រៀននាងទៅ ព្រោះនាងជាភរិយារបស់អ្នកទេតើ។ អ្នកត្រូវតែជួយជ្រោមជ្រែងនិងអភិវឌ្ឍខ្លួននាង។

១០. ស្មោះត្រង់នឹងនាង

នេះជាចំណុចសំខាន់បំផុត ដែលមនុស្សស្រីជាភរិយាចង់បានពីអ្នកជាស្វាមី ព្រោះបើគ្មានភាពស្មោះត្រង់ទេ ជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរនឹងក្លាយជាឆាកល្ខោនសម្ដែងមួយប៉ុណ្ណោះ ហើយបើអ្នកលួចទៅមានស្រីខាងក្រៅទៀត ភរិយាអ្នកនឹងរងទុក្ខរងទឹកភ្នែករៀងរាល់ថ្ងៃ។អ្នកត្រូវធ្វើជាមនុស្សប្រុសចិត្តមួយថ្លើមមួយ ត្រូវស្មោះត្រង់ ត្រូវស្រលាញ់នាង និងមិនមើលនារីផ្សេងក្រៅពីភរិយាទេ ហើយក៏មិនត្រូវសរសើរនារីផ្សេងនៅនឹងមុខភរិយាដែរ។ អ្នកត្រូវចាត់ទុកភរិយាជានារីទី១ក្នុងចិត្តអ្នកជានិច្ច ហើយហាមចិត្តរាយមាយទៅរកស្រីពីរស្រីបីនៅខាងក្រៅ នោះភរិយាអ្នកនឹងកាន់តែស្រលាញ់កាន់តែឲ្យតម្លៃអ្នកខ្លាំងឡើង ធ្វើឲ្យចំណងអាពាហ៍ពិពាហ៍កាន់តែមានក្ដីសុខ៕  

រូបភាពតំណាង

ប្រភព៖: momjunction

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]