ស្នេហា៖ ទំនាក់ទំនងស្នេហាមានច្រើនប្រភេទ ច្រើនសណ្ឋានណាស់ ដោយគូស្នេហ៍ខ្លះក៏បង្ហាញមនុស្សជុំវិញខ្លួនថាពួកគេទាក់ទងគ្នា ឯខ្លះទៀតក៏ជ្រើសរើសរក្សាទុកជាសម្ងាត់ បែបឯកជន (Private)ដោយគ្មានអ្នកណាដឹងថាកំពុងទាក់ទងគ្នា។
ការពិតទៅ ការទាក់ទងគ្នាបែបសម្ងាត់ មិនមែនអាក្រក់ទាំងអស់ទេបើសិនដៃគូទាំងពីរព្រមព្រៀងថានឹងស្មោះស្ម័គ្រចំពោះគ្នា ព្រោះបើកបង្ហាញច្រើនពេកអាចនាំមកនូវផលលំបាកទៅវិញ។ បើអ្នកកំពុងគិតគូចង់រក្សាទំនាក់ទំនងជាសម្ងាត់ អ្នកអាចសាកល្បងអានពីអត្ថប្រយោជន៍នៃសម្ព័ន្ធភាពបែបសម្ងាត់ឬឯកជន (Private) បាន៖
១. ធ្វើឲ្យទំនាក់ទំនងកាន់តែរឹងមាំ
នៅពេលគ្មានអ្នកណាដឹងថាអ្នកនិងដៃគូទាក់ទងគ្នា គឺគ្មានផលរំខានពីមជ្ឈដ្ឋានខាងក្រៅដូចជាក្រុមគ្រួសារ ឬមិត្តភក្តិ ឬកត្តាផ្សេងៗទៀតនោះឡើយ ដូច្នេះអ្នកទាំងពីរអាចវិវត្តន៍ទំនាក់ទំនងនេះឲ្យកាន់តែរីកចម្រើននិងរឹងមាំទៅមុខ ដើម្បីត្រៀមខ្លួនប្រឈមនឹងឧបសគ្គពេលបើកបង្ហាញថាអ្នកទាក់ទងគ្នា។
២. ចៀសវាសកុំឲ្យមានភាពរកាំរកូសពីមជ្ឈដ្ឋានខាងក្រៅ
នៅពេលអ្នកបង្ហាញមុខគូស្នេហ៍ជាសាធារណៈគឺមនុស្សគ្រប់គ្នាតែងតែអបអរអ្នក តែមិនប្រាកដថាអ្នកទាំងនោះសុទ្ធតែត្រេកអរចំពោះអ្នកទាំងពីរនោះឡើយ ដូច្នេះ ការរក្សាទំនាក់ទំនងជាសម្ងាត់ គឺអាចជួយបញ្ចៀសមិនឲ្យមានភាពរកាំរកូសកើតឡើងដោយសារអ្នកដទៃចូលមកជ្រៀតជ្រែក ព្រោះអ្នកខ្លះកើតចិត្តច្រណែនអ្នក ចង់តាមបំបែកបំបាក់អ្នកជាដើម។
៣. ការពារការរំខានពីមជ្ឈដ្ឋានខាងក្រៅ
កាលណាអ្នកទាក់ទងគ្នាដឹងឮតែពីរនាក់ គឺមុខជាគ្មានក្រុមគ្រួសារ មិត្តភក្តិ បងប្អូន សង្គម សាសនា ឬអ្នកនៅក្នុងបណ្ដាញសង្គម អាចមករំខានពួកអ្នកនោះឡើយ។ ឧទាហរណ៍ នៅពេលដែលអ្នកចង់ណាត់ចួបគ្នា អ្នកមិនចាំបាច់ត្រូវប្រាប់ឪពុកម្ដាយញាតិមិត្ត នោះឡើយ គឺអាចទៅបានដោយសេរី។ ម្យ៉ាងទៀតនៅពេលអ្នកឈ្លោះគ្នា គូស្នេហ៍អ្នកក៏មិនមានអ្នកដទៃមកចាំផ្លុំត្រចៀកដើម្បីឲ្យបែកពីអ្នកដែរ។
៤. បញ្ហាកាន់តែតិច
កាលណាអ្នកស្រលាញ់គ្នាតែពីរនាក់ គឺគ្មាននរណាមកជ្រៀតជ្រែកទំនាក់ទំនងអ្នកទេ ដែលធ្វើឲ្យអ្នកនិងដៃគូមិនសូវជាមានរឿងឈ្លោះជាមួយគ្នាទេ ព្រោះការបើកចំហរពេក អាចនាំមកនូវភាពហួងហែងប្រច័ណ្ឌ ឬបញ្ហាផ្សេងៗ។ បើទោះជាឈ្លោះជាមួយគ្នាក៏រឿងនោះកើតឡើងពីអ្នកនិងដៃគូអ្នក ដែលពួកអ្នកអាចសម្របសម្រួលជាមួយគ្នាដើម្បីបង្កើនទំនាក់ទំនងឲ្យកាន់រឹងមាំ។
៥. ងាយស្រួលនឹងកាត់ចិត្ត
ជួនកាល ទំនាក់ទំនងបែបសម្ងាត់បែបនេះគឺងាយស្រួលនឹងកាត់ចិត្តបើសិនជាអ្នកនិងដៃគូមិនចុះសម្រុងគ្នា ដោយសារតែអ្នកមិនចាំបាច់មានការរំខានពីមជ្ឈដ្ឋានខាងក្រៅ ហើយក៏មិនចាំបាច់គិតពីយោបល់និងគំនិតរបស់អ្នកដទៃ។ អ្នកក៏អាចស្វែងយល់កាន់តែច្បាស់ផងដែរថា ទំនាក់ទំនងអ្នកនិងដៃគូមិនអាចទៅមុខរួចគឺដោយសារអ្នកទាំងពីរ មិនមែនអ្នកផ្សេងទេ ដូច្នេះទោះអ្នកត្រឡប់ទៅរកគេវិញ ក៏លទ្ធផលនៅតែដដែល៕
ប្រភព៖: medium
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]