ភ្នំពេញ៖ តាមរយៈការចុះផ្សាយលើផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពីការហាមប្រាមការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយលក់វត្ថុសិល្បៈ តាមប្រព័ន្ធបណ្តាញសង្គម  ជូនទៅសារធាណៈជនបានជ្រាប។

ជាក់ស្តែង ពឹងផ្អែកទៅនឹងសេចក្តីប្រកាស ដោយបានលើកឡើងថា មួយរយៈកាលកន្លងមកនេះ មន្ត្រីជំនាញបានសង្កេតឃើញថា មានបងប្អូនអាជីវករ និង អ្នកលក់អនឡាញមួយចំនួន បានធ្វើការផ្សព្វផ្សាយលក់ដូរវត្ថុសិល្បៈតាមប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុក ដោយប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដែលក្រសួងបានបង្ហោះកន្លងមក ដើម្បីយកធ្វើជារូបភាព ទាក់ទាញ សម្រាប់លក់ដូរវត្ថុសិល្បៈឯកជនរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការយករូបថតវត្ថុបុរាណមកប្រើប្រាស់បែបនេះ គឺជាសកម្មភាពខុសឆ្គង និងជារូបភាពបោកប្រាស់ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ។ មិនតែ ប៉ុណ្ណោះទង្វើនេះអាចធ្វើឱ្យសមត្ថកិច្ចបរទេស និងអ្នកកាន់កាប់សមុច្ច័យឯកជននានា យល់ច្រឡំថាវត្ថុ បុរាណខ្មែរដែលគេបានប្រគល់មកកម្ពុជាវិញ ត្រូវបានចរាចរលក់ដូរក្នុងទីផ្សារ ដោយខ្វះការគ្រប់គ្រង ការពារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

ប្រការនេះ នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការ នៃការ ទាមទារវត្ថុបុរាណខ្មែរមកវិញ និងបាត់បង់ទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក ក្នុងការស្វែងរក និងនាំយកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានលួចនាំចេញដោយខុស ច្បាប់ទៅក្រៅប្រទេស។

សេចក្តីដូចបានជម្រាបជូនខាងលើ ក្រសួងសូមអំពាវនាវដល់អាជីវករ និងអ្នកលក់អនឡាញនានា ដែលប្រកបមុខរបរនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់រូបភាពវត្ថុបុរាណខ្មែរ ដើម្បីផ្សព្វផ្សាយលក់ ដូរវត្ថុសិល្បៈរបស់ខ្លួន។ សូមបងប្អូនចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាការពារ និងលើកតម្លៃកេរដំណែល ដូនតា ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ និងអត្តសញ្ញាណជាតិ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កូនខ្មែរ ជំនាន់ក្រោយៗទៀត។

ក្នុងករណី អាជីវករ ឬ អ្នកលក់អនឡាញណា ដែលមិនបញ្ឈប់នូវទង្វើមិនស្របច្បាប់នេះ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចាំបាច់តាមច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ សូមអាជីវករ អ្នកលក់អនឡាញ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និង ចូលរួមសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ 

សេចក្តីប្រកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]