ស្នេហា៖ នារីៗតែងតែប្រាថ្នាចង់បានបុរសមានគុណសម្បត្តិល្អច្រើនជាងអាក្រក់ មកធ្វើជាដៃគូ ព្រោះគ្មានអ្នកណាចង់ទាក់ទងគ្នាជាមួយបុរសចិត្តសាវ៉ា មានមួយមិនស្កប់ នោះឡើយ។ ដូចតែនារីដែរ បុរសក៏មានច្រើនប្រភេទច្រើនសណ្ឋានព្រោះមនុស្សម្នាក់ៗមានអត្តចរិតខុសៗគ្នា ប៉ុន្តែបើសិនជាអាច ចូរនារីទាំងឡាយកុំទាក់ទងបុរសទាំងប៉ុន្មានប្រភេទនេះជាគូស្នេហ៍អី៖

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. បុរសអាត្មានិយម

បុរសដែលអាត្មានិយម គឺសំដៅដល់បុរសដែលគិតតែពីតម្រូវការខ្លួនឯង និងគិតថាខ្លួនឯងសំខាន់បំផុត។ បុរសប្រភេទនេះ មិនដែលសួរនាំពីតម្រូវការរបស់អ្នកទេ ឧទាហរណ៍ បើសិនជាអ្នកទាំងពីរចង់ចេញទៅញ៉ាំអីខាងក្រៅជាមួយគ្នា គេមុខជាមិនសួរអ្នកថាចង់ញ៉ាំអាហារបារាំងឬអ៊ីតាលី ឬអ្វីផ្សេងទេ គេមុខជានាំអ្នកទៅញ៉ាំអាហារដែលគេចូលចិត្ត ដោយមិនខ្វល់ថាអ្នកចង់បានអី។ បុរសប្រភេទនេះតែងតែចាត់ទុកខ្លួនឯងជាអ្នកជំនាញ គិតថាគ្មានអ្នកណាល្អជាងខ្លួន។

២. បុរសពូកែកុហក

បើចៀសបានគួរតែចៀសបុរសដែលពូកែកុហក ព្រោះគេជាប្រភេទមនុស្សមិនរក្សាសម្ដី និយាយក្រឡិចក្រឡុច ម្ដងបែបនេះម្ដងបែបនោះ ដែលយូរៗទៅធ្វើឲ្យសម្ដីរបស់គេគ្មានតម្លៃនោះទេ ព្រោះរកជឿទុកចិត្តមិនបានសោះ។ បើអ្នកព្រមទាក់ទងបុរសប្រភេទនេះ អ្នកមុខជាគ្រាំចិត្តនិងហត់នឿយចិត្តព្រោះគេកុហកអ្នកគ្រប់រឿង ដោយគ្មានអារម្មណ៍ខុសទាល់តែសោះ។ អ្នកមិនអាចពឹងពាក់បុរសប្រភេទនេះបានទេហើយក៏មិនអាចជឿទុកចិត្តគេបានដែរ។

រូបភាពតំណាង

៣. បុរសព្រាននារី

គ្មានស្រីណាចង់ទឹកភ្នែកជូតក្បាលជង្គង់រាល់ថ្ងៃ ដោយសារគូស្នេហ៍របស់ខ្លួនលួចទៅមានសៅគ្រី ឬក៏លេបខាយទាក់ទងជាមួយស្រីផ្សេងទេ។ បុរសជំពូកនេះជាបុរសដែលអ្នកគួរចៀសឲ្យឆ្ងាយ ព្រោះគេមិនដែលគិតពីអនាគតជាមួយអ្នកទេ ហើយនៅក្បែរខ្លួនគេក៏មិនមែនមានតែអ្នកដែរ តែមានស្រីលួចលាក់ស្រីមុខស្រីក្រោយស្រីឆ្វេងស្រីស្ដាំជាច្រើនផងដែរ។ បុរសប្រភេទនេះមិនបានស្វែងរកទំនាក់ទំនងប្រាកដប្រជាយូរអង្វែងទេ។

៤. បុរស "មួយគ្រាៗ"

បុរសប្រភេទនេះជាបុរស ដែលមករកអ្នកតែពេលដែលគេត្រូវការអ្វីមួយពីអ្នក។ ជួនកាលគេនិយាយជាមួយអ្នកដោយភាសាផ្អែមល្ហែមឲ្យអ្នកគិតជ្រៅថាអ្នកនិងគេលើសពីមិត្ត តែសុខៗក៏បាត់ខ្លួនឈឹងទៅ ដូចជាមនុស្សមិនដែលស្គាល់គ្នា រហូតដល់ពេលគេត្រូវការអ្វីម្យ៉ាងពីអ្នកទើបគេមករកអ្នក។ បុរសប្រភេទនេះមិនចង់មានចំណងជាប់លាប់ទេ ចង់តែរកការសប្បាយមួយគ្រាៗ។

រូបភាពតំណាង

៥. បុរសហីៗ

បុរសប្រភេទនេះជាបុរស ដែលមិនដែលធ្វើអីសម្រាប់អ្នកទាល់តែសោះ មិនដែលទិញកាដូជូន មិនដែលផ្ញើសារមកអ្នកមុន មិនដែលទាក់ទងមក ឬចាំទាល់តែអ្នកបបួលទើបគេចេញមកដើរលេងជាមួយអ្នក។ បុរសប្រភេទនេះ រង់ចាំឲ្យអ្នកជាអ្នកធ្វើអីគ្រប់យ៉ាងទាំងអស់ ដោយមើលទៅមិនខ្វល់ពីទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរទេ។ យូរៗទៅមានតែអ្នកទេដែលស្រលាញ់គេ មើលថែគេ យកចិត្តទុកដាក់ពីគេ គេវិញមិនដែលបំពេញតួនាទីរបស់ខ្លួនឡើយ។

៦. បុរសអត់មានអារម្មណ៍

បុរសអត់មានអារម្មណ៍គឺជាប្រភេទបុរសដែលមិនចង់ប្រគល់ក្ដីស្រលាញ់របស់ខ្លួនឲ្យទៅអ្នក ហើយជារឿយៗ គេតែងតែព្រងើយកន្តើយដាក់អ្នក ឬមិនចូលចិត្តបើកចំហរពីអារម្មណ៍របស់គេដល់អ្នកទេ។ បុរសប្រភេទនេះមិនដែលយកស្នេហាជារឿងសំខាន់សម្រាប់គេទេ ដូច្នេះគេរឹតតែមិនខ្វល់ពីអ្នក។

រូបភាពតំណាង

៧. បុរសផ្ដាច់ការ

បុរសផ្ដាច់ការជាបុរស ដែលហាមប្រាមនេះហាមប្រាមនោះ សូម្បីតែរឿងតែងខ្លួននិងស្លៀកពាក់។ ជារឿយៗគេតែងតែហាមអ្នកមិនឲ្យនិយាយជាមួយអ្នកនេះអ្នកនោះ ហើយគេតែងតែប្រច័ណ្ឌហួងហែងអ្នកខ្លាំង ដោយចង់យកអ្នកជាកម្មសិទ្ធិរបស់គេ។ យូរៗទៅ អ្នកឃើញថាខ្លួនឯងគ្មានគំនិតជារបស់ខ្លួនឯងសោះ ព្រោះគ្រប់យ៉ាងគឺគេជាអ្នកបញ្ជាពីលើក្បាលអ្នក៕  

ប្រភព៖: liveabout

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]