យល់ដឹង៖ ធ្លាប់ទេ នៅសុខៗមិនទាំងមានរឿងអ្វីផង មិត្តភក្តិរបស់អ្នកស្រាប់តែឈប់និយាយរកអ្នក? មនុស្សជាច្រើននៅក្នុងលោកតែងតែចួបប្រទះនឹងរឿងបែបនេះ ជួនកាល ពីមុនមិត្តម្នាក់នេះស្និទ្ធស្នាលនឹងអ្នកណាស់ រហូតគិតថាគេជាមិត្តភក្តិចិត្តមួយថ្លើមមួយដ៏ពិតប្រាកដរបស់អ្នក ប៉ុន្តែយូរៗទៅ ពួកអ្នកក៏ឈប់និយាយរកគ្នាទៅវិញ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបែកបាក់មិត្តភាពជារឿងធម្មតាទេ បើសិនជាមិត្តអ្នកឬអ្នកយល់ថាមិនអាចបន្តរាប់រកគ្នាបានដោយសារអ្នកទាំងពីរមានចំណង់ចំណូលចិត្តខុសគ្នា។ ប៉ុន្តែបើសិនអ្នកឆ្ងល់ថាហេតុអីមិត្តរបស់អ្នកឈប់រាប់រកអ្នក គឺអាចបណ្ដាលមកពីមូលហេតុដូចជា៖

១. មិត្តអ្នកកំពុងចួបរឿងលំបាកក្នុងជីវិត

ជួនកាលមិត្តអ្នកឈប់និយាយរកអ្នក មិនមែនដោយសារតែអ្នកទេ គឺដោយសារគេកំពុងចួបប្រទះនឹងបញ្ហាលំបាកក្នុងជីវិត ដូចជាមានជំងឺបាក់ទឹកចិត្ត មានសម្ពាធគ្រួសារ សមាជិកគ្រួសារមានគ្រោះថ្នាក់ ឬបញ្ហាផ្សេងៗ។ ដូច្នេះបើសិនជាអ្នកសង្កេតឃើញថា មិត្តរបស់អ្នករាងតប់ប្រមល់ចូលចិត្តធ្វើអីម្នាក់ឯង សូមផ្ញើសាទៅលើកទឹកចិត្តគេ ឲ្យគេដឹងថាអ្នកនៅក្បែរគេជានិច្ច។

រូបភាពតំណាង

២. មិត្តអ្នកកំពុងកាត់ផ្ដាច់ខ្លួនពីសង្គមខាងក្រៅ

យើងទាំងអស់គ្នាសុទ្ធតែចង់មានពេលវេលាផ្ទាល់ខ្លួន ដើម្បីសិក្សាស្វែងយល់និងរីករាយជាមួយខ្លួនឯង ហើយពេលខ្លះការចូលសង្គមស្គាល់មិត្តច្រើនពេកអាចនាំមកនូវបញ្ហាផ្សេងៗមកដល់គេ ហើយគេក៏មានអារម្មណ៍នឿយហត់នឹងការរាប់រកមនុស្សជុំវិញខ្លួនច្រើនពេក។ មិត្តរបស់អ្នកប្រហែលជាផ្អាកការដើរលេងជួបជុំមួយខណៈសិន ដើម្បីយកពេលវេលានេះធ្វើអ្វីដែលគេចង់ធ្វើ។

៣. មិត្តអ្នករវល់ខ្លាំង

បើនិយាយឲ្យស្មោះត្រង់ទៅ ទោះមិត្តអ្នកស្និទ្ធជាមួយអ្នកប៉ុណ្ណា ក៏គង់តែមានកាលៈទេសៈមួយដែលពួកគេចាត់ទុកជីវិតពួកគេសំខាន់ជាងការរក្សាទំនាក់ទំនងជាមួយអ្នក។ មិត្តខ្លះរវល់ការងារការសិក្សា ឬរវល់នឹងចាត់ចែងជីវិតខ្លួនគេ ទើបគ្មានពេលទាក់ទងមកអ្នកញឹកញាប់ដូចមុន។ យ៉ាងណាមិញ បើសិនចង់ដឹងថាមិត្តអ្នករវល់មែនទែន ឬគ្រាន់តែមិនចង់និយាយរកអ្នក សាកល្បងផ្ញើសាទៅរកគេសួរថាតើគេរវល់ឬយ៉ាងណា? បើសិនជាមិត្តម្នាក់នោះយកចិត្តទុកដាក់ពីអ្នកមែន គេមុខជាតបថាគេរវល់។

រូបភាពតំណាង

៤. អ្នកបានធ្វើអីខុស

ហេតុផលមួយនេះគឺកើតឡើងច្រើនណាស់ ក្នុងទំនាក់ទំនងមិត្តភាព ជួនកាលអ្នកទៅវិញទេជាអ្នកប្រព្រឹត្តិរឿងអ្វីម្យ៉ាងខុសឆ្គងទាំងមិនដឹងខ្លួន ទើបបានជាមិត្តរបស់អ្នកឈប់និយាយរកអ្នក។ អ្នកត្រូវគិតបកទៅក្រោយថាអ្នកធ្លាប់បានធ្វើអ្វីខុសចំពោះគេឬអត់?បើសិនជាអ្នករកឃើញថាអ្នកពិតជាបានប្រព្រឹត្តិកំហុសមែន សូមណាត់ចួបមិត្តរបស់អ្នកដើម្បីជម្រះបញ្ហាទាំងអស់និងសុំទោសគេ។

៥. មិត្តអ្នកចង់បញ្ចប់មិត្តភាព

មិត្តភាពយូរអង្វែងអាចស្ថិតស្ថេរបានជាមធ្យមគឺ៧ឆ្នាំ នេះបើយោងតាមការស្រាវជ្រាវនៅប្រទេសហូឡង់ ដូច្នេះមិត្តអ្នកលែងនិយាយរកអ្នក ព្រោះពួកគេចង់បញ្ចប់មិត្តភាពជាមួយអ្នក។ បើសិនអ្នកព្យាយាមសួរហើយ តែមិត្តអ្នកនិយាយថាកំហុសមិនមែនមកពីអ្នកនោះ គឺប្រហែលជាមិត្តភាពរបស់អ្នកនិងគេលែងនៅសេសសល់ហើយ។ អ្វីដែលអ្នកគួរធ្វើគឺ ទទួលយក និងដោះលែងមិត្តរបស់អ្នកសមតាមបំណងគេ និងព្យាយាមកាត់ចិត្ត ព្រោះការបែកបាក់មិត្តភាពគឺឈឺចាប់ដូចការបែកបាក់ស្នេហាអ៊ីចឹងដែរ៕  

រូបភាពតំណាង

ប្រភព៖: shewanderlusts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]