យល់ដឹង៖ Bully (ប៊ូលី) គឺជាពាក្យដែលកំពុងល្បីល្បាញក្នុងស្រទាប់យុវវ័យ ដែលប្រើប្រាស់ទៅលើសកម្មភាពសើចចម្អក បណ្ដុះបង្អាប់ សម្លុត ឬគាបសង្កត់ផ្លូវអារម្មណ៍ឲ្យបុគ្គលម្នាក់ខ្លបខ្លាច ឬបាក់ទឹកចិត្ត។ ការសើចចម្អកបណ្ដុះបង្អាប់ នេះមានច្រើនបែបច្រើនសណ្ឋានណាស់។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកខ្លះកើតមកមិនស្អាត ក៏ត្រូវគេសើចចម្អកលើរូបសម្រស់ អ្នកខ្លះរៀនមិនសូវពូកែក៏ត្រូវគេសើច អ្នកខ្លះឡើងគីឡូពេកក៏ត្រូវគេសើច... ដែលទង្វើអស់ទាំងនេះពិតជាផ្ដល់ផលប៉ះពាល់ខ្លាំងទៅដល់សភាពផ្លូវចិត្តមនុស្សដែលត្រូវគេសើចចម្អក។ ការសើចចម្អកអាចធ្វើឡើងតាមរយៈពីរផ្លូវគឺទីមួយ សើចចម្អកមុខទល់នឹងមុខ ហើយទីពីរគឺការសើចចម្អកតាមអនឡាញ សំដៅដល់ការបង្ហោះសារបណ្ដុះបង្អាប់តាម Status ឬផ្ញើជាឆាត តាមបណ្ដាញសង្គមនានាជាដើម។

តើធ្វើម៉េចទៅនៅពេលយើងត្រូវគេសើចចម្អកតាមអនឡាញ?

១. ឈប់ទាក់ទងជាមួយម្នាក់នោះ

បើសិនម្នាក់នោះ សើចចម្អកឬបណ្ដុះបង្អាប់អ្នក មិនថាតាមរយៈការផ្ញើសារតាមឆាត ឬការបង្ហោះ Status អ្វីដែលអ្នកគួរធ្វើគឺកុំឆ្លើយតបពាក់ព័ន្ធនឹងអ្វីដែលគេបង្ហោះ គឺរក្សាភាពស្ងៀមស្ងាត់។ ការឆ្លើយតបដូចជាយកសាំងទៅជះនៅលើភ្លើងថែម គឺវាមិនបានចំណេញអ្វីទេ។ អ្នកក៏ត្រូវចុច Block ម្នាក់នោះនៅលើបណ្ដាញសង្គមដែរ ឬ Block លេខទូរស័ព្ទរបស់គេជាដើម សរុបមកគឺធ្វើយ៉ាងណាផ្ដាច់ការទាក់ទងជាមួយគេ។

រូបភាពតំណាង

២. ការពារខ្លួនអ្នក

បន្ទាប់ពីបញ្ឈប់ការទាក់ទងជាមួយអ្នកដែលសើចចម្អកអ្នករួច ជំហានបន្ទាប់គឺផ្ដោតលើការការពារខ្លួនឯងដើម្បីកុំឲ្យម្នាក់នោះតាមមកបណ្ដុះបង្អាប់អ្នកទៀត។ វិធីដែលត្រូវធ្វើគឺ រក្សាទុកលេខកូដសម្ងាត់របស់អ្នកដោយខ្លួនឯង និងហាមចែកចាយវាទៅឲ្យអ្នកផ្សេង និងចេះដាក់ Privacy ក្នុងគណនីរបស់អ្នកដោយហាមកុំឲ្យអ្នកដែលមិនមានទំនាក់ទំនងជាមួយឬអ្នកមិនស្គាល់អាច Add មកអ្នកបាន។ វាសំខាន់ណាស់ក្នុងការរក្សាថ្ងៃខែឆ្នាំកំណើត ទីកន្លែងដែលអ្នករស់នៅ និងព័ត៌មានលម្អិតផ្សេងៗទាក់ទងនឹងខ្លួនអ្នក ជារឿងផ្ទាល់ខ្លួន។ បើសិនជាអាច កុំបង្ហាញវាដល់អ្នកដទៃ។ បើសិនមានជនអនាមិកលបលួចចូលគណនីរបស់អ្នក សូមប្ដូរលេខកូដសម្ងាត់ជាបន្ទាន់ និងប្ដូរអ៊ីមេលផងដែរ។ ក្នុងករណីដែលមានគេបង្កើតគណនីក្លែងក្លាយដាក់ឈ្មោះ និងរូបភាពរបស់អ្នក សូម Report (ជូនដំណឹង)ទៅកាន់ម្ចាស់បណ្ដាញសង្គមនិងក្រុមប្រឹក្សារជំនួយរបស់ពួកគេដើម្បីលុបគណនីនោះចោល។

រូបភាពតំណាង

៣. ស្វែងរកជំនួយពីមនុស្សជុំវិញខ្លួន

អ្នកត្រូវចងចាំថា អ្នកដែលបណ្ដុះបង្អាប់អ្នក គ្រាន់តែចង់ជាន់ពន្លិចអ្នក ឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងអន់ ឲ្យអ្នកស្អប់ខ្លួនឯងនិងបាក់ទឹកចិត្តប៉ុណ្ណោះ ដូច្នេះអ្នកមិនត្រូវអាក់អន់ស្រពន់ចិត្តនឹងខ្លួនឯងទេ តែត្រូវស្រលាញ់ខ្លួនឯងជាងមុន។ បើសិនការបណ្ដុះបង្អាប់របស់គេ ផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នក សូមរកអ្នកជជែកជាមួយដែលជាមនុស្សទុកចិត្តបាន។

៤. រាយការណ៍ពីការសើចចម្អកនេះ

បើសិនជាអ្នកទទួលបានសារគំរាមកំហែងណាមួយ សូមទាក់ទងទៅកាន់សមត្ថកិច្ចជាបន្ទាន់ ដោយបង្ហាញភ័ស្តុតាងជាក់ស្ដែងជា សារឬអ៊ីមេល ឬរូបថតទុកពីការបង្ហោះគំរាមកំហែងមួយនោះ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕

រូបភាពតំណាង

ប្រភព៖: canada

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]